Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន ១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២,៥ ប៊ីលានដុល្លារ

spot_img

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន ១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២,៥ប៊ីលានដុល្លារអាមេរិក ខណៈក្រុមហ៊ុនជប៉ុនដែលមាន គម្រោងពង្រីកការវិនិយោគរបស់គេ ក៏ នឹង ពិនិត្យផងដែរទៅលើ ដំណោះស្រាយ នៃបញ្ហាប្រឈម ដែលពួកគេបាននិងកំពុងជួបប្រទះពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេស​ជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានសកម្មភាពវិនិយោគនៅកម្ពុជា ប្រមាណ ១០០ រូប។

បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ក្រោមក្របខ័ណ្ឌនៃ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលផ្តល់ឱកាសឱ្យមានការសន្ទនាដោយផ្ទាល់រវាងតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា សំដៅស្វែងរកដំណោះស្រាយដ៏សមស្របជួនអ្នកវិនិយោគជប៉ុន។

កិច្ចប្រជុំលើកទី១៨នេះ បានផ្តោតការពិភាក្សាលើចំណុចមួយចំនួន ទាក់ទងនឹងបរិយាកាសវិនិយោគនៅកម្ពុជា រួមមាន៖ (១) តម្លៃនិងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី (២) ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (៣) ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា (៤) សេវាឡជីស្ទិក និងការបញ្ចេញទំនិញពីគយ និង (៥) អាករពិសេសលើទំនិញនិងសេវាមួយចំនួន។

លោកសុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដល់អ្នកវិនិយោគជប៉ុន ដែលជានិច្ចកាលតែង ផ្តល់ទំនុកចិត្តខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការធានានូវស្ថិរភាព នយោបាយ និងបរិស្ថានអនុគ្រោះគ្រប់បែប យ៉ាងជូនអ្នកវិនិយោគគ្រប់ជាតិសាសន៍ដែលមានប្រតិបត្តិការនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាព វិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការវិនិយោគ ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដូចជា ការផលិតបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្ត ជាដើម ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែក ដល់ការធ្វើពិពិធកម្មមូលដ្ឋាន សេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍធនធានមនុស្សស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យធ្វើការកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពី ឧស្សាហកម្មអតិពលកម្ម ទៅឧស្សាហកម្ម ដោយប្រើប្រាស់ជំនាញ។

លោក ម៉ាសាហ៊ីរ៉ូ មីខាមី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជាក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះក្តីកង្វល់ និងសំណូមពរ របស់អ្នកវិនិយោគជប៉ុន។ សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំវិនិយោគ ដែលផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគដែលមានស្រាប់ និងដល់អ្នកវិនិយោគដែលមានបំណងពិចារណាបណ្តាក់ទុននៅកម្ពុជាផងដែរ។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមទៀតថា យើងត្រូវធ្វើការខិតខំទាំងអស់គ្នា បន្ថែមទៀត ធ្វើឱ្យអ្នកវិនិយោគ ដែលកំពុងមានសកម្មភាព សប្បាយចិត្តនឹងប្រតិបត្តិការធុរកិច្ចរបស់ពួកគេ ហើយដែលនេះ ជាសញ្ញាវិជ្ជមានដ៏ល្អមួយ សម្រាប់ធ្វើការទាក់ទាញអ្នកវិនិយោគថ្មីឱ្យមកបណ្តាក់ទុនបន្ថែមទៀត។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនជប៉ុនដែលមាន គម្រោងពង្រីកការវិនិយោតរបស់គេ ក៏នឹងពិនិត្យផងដែរទៅលើដំណោះស្រាយ នៃបញ្ហាប្រឈម ដែលពួកគេបាននិងកំពុងជួបប្រទះពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

គួររំឭកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីតម្រោងវិនិយោគជប៉ុនចំនួន ១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២,៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះតម្រោងចំនួន៦៦ ស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិក៕ ដោយ ៖ កូឡាប

spot_img
×