Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ ឆ្លើយតប​នឹង​របាយការណ៍​របស់ អ្នកស្រី រ៉ូ​ណា ស្មី​ត លើ​បញ្ហា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ យោបល់ និង​ការជួបប្រជុំ នៅ​កម្ពុជា​

spot_img

​ទីក្រុង​ហ្សឺ​ណែវ ៖ អ្នករាយការណ៍​ពិសេស អ​.​ស​.​ប លោកស្រី​រ៉ូ​ណា ស្មូត នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​អំពី​ការបង្ក្រាប​ខាង​នយោបាយ​ដែលមាន​លក្ខណៈ​កាន់តែខ្លាំង​ឡើងៗ​​ទូទាំងប្រទេស ហើយ​ធ្វើការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​នូវ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ យោបល់ និង​ការជួបប្រជុំ​។​

​ឆ្លើយតប​នឹង​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប លោកស្រី​រ៉ូ​ណា ស្មូត នោះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បានប្រកាស​​សម្តែង​ការសោកស្តាយ​ជាខ្លាំង នៅពេល​បានទទួល​ដំណឹង អំពី​ការចេញផ្សាយ​ព័ត៌មាន របស់លោក​ស្រី Rhona Smith អ្នកសរសេរ​របាយការណ៍​ពិសេស ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចុះ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការវិវឌ្ឍ​ចុងក្រោយ​នៅ​កម្ពុជា​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ចាត់ទុកថា ការចេញផ្សាយ​ព័ត៌មាន​ខាងលើ​មានការ​វាយតម្លៃ ដែល​ពុំមាន​តុល្យភាព និង​បង្ក​ឱ្យ​ការភាន់ច្រឡំ​ក្នុងចំណោម​សាធារណៈមតិ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ មាន​កាតព្វកិច្ច ផ្តល់ជូន​នូវ​ការបកស្រាយ​ទាំង​អង្គហេតុ និង​អង្គច្បាប់ ដូចតទៅ​៖

១៖ ក្នុង​បរិបទ​ដែលមាន​ការបំពានច្បាប់ វិធានការ​ផ្លូវច្បាប់​របស់​អាជ្ញាធរ ចំពោះ​ទង្វើ​ខុសច្បាប់​មិនអាច​បកស្រាយ​ថា ជាការ​បង្ក្រាប​ផ្នែក​នយោបាយ​បានទេ​។ ការអនុវត្ត​បែបនេះ ពុំមាន​អ្វី​ខុសប្លែកគ្នា​ក្នុង​បណ្តា​សង្គម​ប្រជាធិបតេយ្យ​ទាំងអស់​។ ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ពុំបាន​ដាក់​គោលដៅ​លើ​ក្រុម​ជាក់លាក់​ណាមួយ​ឡើយ គឺ​អនុវត្ត​លើ​បុគ្គល​ដែល​បំពាន​ច្បាប់​ទាំងអស់ ដោយ​រាប់បញ្ចូល​ទាំង​បុគ្គល ដែល​អ្នកសរសេរ​របា​យ​ការណ៍​ពិសេស​ខ្លួនឯង ក៏បាន​សម្តែង​ការមិនគាំទ្រ​ផងដែរ ដូច​បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោកស្រី នៅ​សម័យប្រជុំ​លើក​ទី​៤២ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​២៥ ខែកញ្ញា​ឆ្នាំ​២០១៩​។ ដូច្នេះ អ្នកសរសេរ​របាយការណ៍​ពិសេស គួរតែ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការប្រកាន់​ខ្ជាប់​នូវ​នីតិរដ្ឋ ជាជាង​ការ​បរិហារ​លើ​ប្រតិបត្តិការ​នៃ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​។​

២៖ សិទ្ធិមនុស្ស រាប់បញ្ចូល​ទាំង​សេរីភាព នៃ​ការបញ្ចេញមតិ និង​ការប្រមូលផ្ដុំ មិនមែនជា​សិទ្ធិ​ដាច់ខាត​ទេ​។ សិទ្ធិសេរីភាព​ទាំងនេះ​មាន​ដែន​កំណត់​។ មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ជា​រដ្ឋ​សមាជិក ចែងថា ការប្រើប្រាស់​សេរីភាព នៃ​ការបញ្ចេញមតិ តម្រូវឱ្យមាន​ករណីយកិច្ច និង​ការទទួលខុសត្រូវ​ពិសេស ដោយ​ពិចារណា​ទៅលើ​ដែន​កំណត់​ចែង​ដោយ​ច្បាប់ ដូចជា ការគោរព​សិទ្ធិ ឬ​កិត្តិយស​របស់​អ្នកដទៃ និង​កិច្ចការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ ដូច្នេះ​សេចក្តីថ្លែងការណ៍​នយោបាយ និង​ការបញ្ចេញមតិ​លើ​កិច្ចការ​សាធារណ​:​ដែលមាន​ការប្រមាថ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើហិង្សា ប្រកាន់​ជាតិ​សាសន៍ និង​អំពាវនាវ​ឱ្យមាន​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត តាមបែប​ប្រជាធិបតេយ្យ ពុំមាន​​តម្លៃ​ស្មើនឹង​សេរីភាព​បញ្ចេញមតិ​ឡើយ​។ ប្រសិនបើ​និន្នាការ​នេះ មិន​ត្រូវបាន​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ចុងបញ្ចប់​វា​នឹង​ធ្វើឱ្យ​សេរីភាព​បញ្ចេញមតិ ត្រូវគេ​យកទៅ​បំ​ផ្លែង​ផ្ទុយ​ពី​ស្មារតី​ដើម និង​ប្រើប្រាស់​ជា​ឧបករណ៍​ធ្វើឱ្យ​នីតិរដ្ឋ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ចុះខ្សោយ​តែម្តង និង​ជា​រៀងរហូត​។​

៣៖ អាជ្ញាធរ​កម្ពុជា ដែល​អនុវត្តតាម​កាត​ព្វ​កិច្ច​អន្តរជាតិ​ខាងលើ និង​ច្បាប់​ជាតិ​ពាក់ព័ន្ធ (​ដូចជា មាត្រា​៤៥១ និង​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​) បាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស និង​អ្នកសមគំនិត ដែល​ប៉ុនប៉ង​ផ្តួល​រលំ​រដ្ឋាភិបាល តាម​មធ្យោបាយ​មិនមាន​លក្ខណៈ​ប្រជាធិបតេយ្យ និង​ការ​ញុះញង់​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ក្រោកឈរ​ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត​ដោយ​ប្រជាជន​។​

៤៖ ការពង្រាយ​កងកម្លាំង គឺជា​កាតព្វកិច្ច​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ សំដៅ​រក្សា​ឱ្យបាន​នូវ​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​រដ្ឋ និង​ទប់ស្កាត់​រាល់​កម្លាំង​ណាមួយ​ដែលមាន​ចេតនា​ធ្វើ​រដ្ឋប្រហារ​រំលំ រដ្ឋាភិបាល​ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាជន​។ ការពង្រាយ​កងកម្លាំង​នេះ​ក៏មាន​គោលបំណង​ធានាឱ្យមាន​បរិយាកាស​ស​ន្តិ​ភាព សុវត្ថិភាព និង​សុខដុមរមនា ដែល​អនុញ្ញាតឱ្យ​ប្រជាជន​ទូទាំងប្រទេស​ទទួលបាន​សិទ្ធិ​និង​សេរីភាព​នៅ​គ្រប់​ឱកាស​វប្បធម៌ ដោយ​អនុលោម​តាម​គោលការណ៍​យ៉ាង​តឹងរឹង​ក្នុងការ​ប្រើប្រាស់​កម្លាំង ចាំបាច់​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលបំណង​ស្របច្បាប់​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា នៅក្នុង​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ដោយ​ពុំ​ប្រកាន់​និន្នាការ​នយោបាយ មុខងារ ឋានៈ​សង្គម ដូចដែល​មានចែង​ក្នុង​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​។ អ្នក​បំពាន​ច្បាប់​នឹង​ត្រូវបាន​ចោទប្រកាន់​និង​កាត់ទោស​តាម​នីតិវិធី ដោយ​ឈរលើ​មូលដ្ឋាន​នៃ​បទល្មើស ប្រកបដោយ​ភស្តុតាង​រឹងមាំ ពុំមែន​ដោយសារតែ​ជនល្មើស​ស្ថិតក្នុង​ក្រុម​ណាមួយ​នោះទេ​។​

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​យល់ឃើញថា អាណត្តិ​របស់​អ្នកសរសេរ​របាយការណ៍​ពិសេស គឺ​ជួយ​កម្ពុជា​ក្នុងការ​លើកស្ទួយ​និង​ការពារ​សិទ្ធិមនុស្ស តាមរយៈ​កិច្ច​កិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការ ពុំមែន​ចេញផ្សាយ​ព័ត៌មាន​សាធារណៈ​ណាមួយ​ដែល​អាចធ្វើឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ និង ត្រូវបាន​គេ​មើលឃើញថា ជា​អំពើ​ជ្រៀតជ្រែក​ចូលទៅក្នុង​យុត្ត​ធិ​ការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​នោះទេ​៕​ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ឆ្លើយតប​នឹង​អ្នកស្រី រ៉ូ​ណា ស្មី​ត និង​សេចក្តីប្រកាស​ព័ត៌មាន​ទាំងស្រុង របស់​អ្នកស្រី​រ៉ូ​ណា ស្មី​ត​៖​

 

spot_img
×