ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្សព្វផ្សាយព័ត៌មានថា នៅក្រុងព្រះសីហនុ លោកអនុទូត Michael Newbill និងសាស្រ្តាចារ្យ ផ្នែកសារព័ត៌មាន គឺលោក Steven Reiner បានចូលរួមនៅក្នុងសន្និសីទស្តីពីប្រព័ន្ធផ្សព្វផ្សាយសេរីភាពសារព័ត៌មាន “សារព័ត៌មានសម្រាប់ការអភិវឌ្ឍ”។
លោក Steven Reiner បានថ្លែងថា ប្រធានបទនៃសន្និសីទនោះគឺ សេរីភាពនៃសារព័ត៌មាន និងតួនាទីសំខាន់នៃសារព័ត៌មាន ដែលមានសេរីភាព និងឯករាជ្យភាព នៅក្នុងការអភិវឌ្ឍប្រទេស។
លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារសំខាន់នៃតួនាទីសារព័ត៌មាន ក្នុងការជួយផ្សព្វផ្សាយពីការពិត ព័ត៌មានពិតប្រកបដោយប្រភពច្បាស់លាស់ ដែលជួយដល់ការយល់ដឹងរបស់សាធារណជន ជាពិសេសនៅ កម្ពុជាដែលសេដ្ឋកិច្ចមានការរីកចម្រើន មានការអភិវឌ្ឍ ដែលចាំបាច់ត្រូវមានការផ្សព្វផ្សាយពីការពិតដល់ប្រជាពលរដ្ឋ និងពិភពលោកបានដឹង។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ “រូបភាពរបស់ប្រទេសកម្ពុជាបច្ចុប្បន្នមាន ២ គឺទី១ ជារូបភាពកម្ពុជាពិតដែលមានសន្តិភាព ការអភិវឌ្ឍ មានសេរីភាព និងទី២ ជារូបភាពកម្ពុជាអាក្រក់នៅក្រៅប្រទេស ដែលអាស្រ័យលើបបូរមាត់របស់ ជនបរទេសមួយចំនួន ឬសារព័ត៌មានបរទេសខ្លះ”។ លោក នេត្រ ភក្ត្រា បានថ្លែងថា ការអភិវឌ្ឍនៅលើពិភពលោកកើនឡើង និងកាន់តែមានភាពស្មុគ្រស្មាញ និងលំបាក ដែលចាំបាច់ទាមទារឱ្យមានតួនាទីរបស់អ្នកសារព័ត៌មានកាន់តែ សកម្មដើម្បីផ្តល់ព័ត៌មានពិតដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធ៕ដោយ៖កូឡាប