ភ្នំពេញ ៖ មុខសញ្ញាចោរលួចរថយន្ដជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើកប្រតិបត្តិការបង្ក្រាបបាន ក្រោយរូបគេបានធ្វើសកម្មភាពលួចរថយន្ដ Prius មួយគ្រឿង កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិស្វាយប៉ាក សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពី លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង ទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លោកវរសេនីយ៍ឯក ជាវ វិបុល បានបញ្ជាក់ទៀតថា ក្រោយទទួលបានបទបញ្ជាពីប្រធាននាយកដ្ឋាន លោកបានដឹកនាំកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់កំណត់មុខសញ្ញាបាន និងធ្វើការបង្ក្រាបជាក់ស្ដែងតែម្ដង ដែលជនសង្ស័យឈ្មោះ Phan Van Ho អាយុ២៩ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C4563131។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា រូបគេពិតជាបានលួចរថយន្ដ Prius ពណ៌ស ផ្លាកលេខភ្នំពេញ 2Y-8393 ពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជាក់ទៀតថា សម្រាប់រថយន្ដប្រើប្រាស់ស្មាតឃី ចាប់ពីស៊េរីឆ្នាំ២០០៩ចុះក្រោម មិនពិបាកលួចនោះទេ ដោយប្រើពេលត្រឹមតែ២នាទីប៉ុណ្ណោះ ព្រោះគេមានឧបករណ៍គ្រប់គ្រាន់ ទាំងឧបករណ៍ផ្ដាច់ GPS និងឧបករណ៍ភ្ជាប់ជាមួយស្មាតឃី ដែលសម្ភារទាំងនេះ គេយកមកពីប្រទេសវៀតណាម។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបាន ដែកកាច់សោរថយន្ត១, ឧបករណ៍ផ្តាច់ប្រព័ន្ធ GPS ចំនួន១គ្រឿង, ឧបករណ៍សម្រាប់ភ្ជាប់ជាមួយស្មាតឃី ចំនួន១គ្រឿង, ដែកកាច់សោសូឡិច ចំនួន១ និងរថយន្តរបស់ជនរងគ្រោះ ម៉ាក Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2Y-8393។
លោកវរសេនីយ៍ឯក ជាវ វិបុល បានអះអាងថា ជនសង្ស័យដែលបង្ក្រាបបាននេះ ជាមុខសញ្ញាគ្រោះថ្នាក់បំផុត ដោយរូបគេមានមុខរបរជាជាងសោ ហើយមានទាំងឧបករណ៍គ្រប់គ្រាន់ ដើម្បីប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ពិសេសការលួចរថយន្ដស្មាតឃី។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។
ជាមួយគ្នានេះ ជនរងគ្រោះក៏បានស្នើដល់ស្ថាប័នតុលាការ ដើម្បីផ្ដន្ទាទោសមុខសញ្ញាលួចរថយន្ដនេះឲ្យបានតឹងរ៉ឹងបំផុត ហើយក៏បានអរគុណដល់ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការបង្ក្រាបបានជនសង្ស័យ៕ដោយ៖កូឡាប