ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ ត្រូវបានចោទប្រកាន់ពីបទ ប្លន់ ដែលប្រព្រឹត្តនៅចំណុចភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ហើយរត់គេចខ្លួនបាត់អស់រយៈពេល១១ឆ្នាំ ត្រូវបានកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះអនុវត្តដីកាចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់មកផ្តន្ទាទោស។
លោកវរសេនីយ៍ត្រី កង សុផាណ្ណា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនទៅលើជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងជាបន្តបន្ទាប់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីតាំងពីរផ្សេងគ្នា ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤៥ និង២៤៣ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៨ របស់ចៅក្រមស៊ើបសួរ គី ឬទ្ធី នៃសាលាដំបូងខេត្តបាត់ដំបង។ ទីតាំងទី១ អនុវត្តនៅចំណុចភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ចាប់ខ្លួនឈ្មោះ វ៉ាន់ វ៉ែន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ទីតាំងទី២ អនុវត្តនៅចំណុចភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ចាប់ខ្លួនឈ្មោះ វឿន អឿយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទប្លន់ ដែលប្រព្រឹត្តនៅចំណុចភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ហើយរត់គេចខ្លួនបាត់អស់រយៈពេល១១ឆ្នាំ ។
ក្រោយអនុវត្តចាប់ខ្លួនរួចជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញ ផ្នែកអនុវត្តដីកា បាននាំយកមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ដោយ៖បញ្ញាស័ក្តិ