Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់​ស្ដីពី​ការប្រកួតប្រជែង នឹង​ដើរតួនាទី​សំខាន់ គាំទ្រ​ការធ្វើ​ពាណិជ្ជកម្ម ដោយ​ស្មើភាព ការបង្កើត​ធុរកិច្ច​ថ្មីៗ​

spot_img

​ភ្នំពេញ​៖លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម «​ច្បាប់​ស្ដីពី​ការប្រកួតប្រជែង នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ការធ្វើ​ពាណិជ្ជកម្ម ការលើកកម្ពស់​ទីលាន​ប្រកួតប្រជែង​ដោយ​ស្មើភាព ការបង្កើត​ធុរកិច្ច​ថ្មីៗ និង​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ស្របតាម​ការវិវត្តន៍​បច្ចេកវិទ្យា ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​កាន់ និង​បម្រែបម្រួល​បរិយាកាស​ធុរកិច្ច​»​។​

​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​នៃ​សន្និសីទ​អាស៊ាន ស្តីពី​ការប្រកួតប្រជែង​លើក​ទី​៨ ក្រោម​ប្រធានបទ «​ការឈានទៅរក​គោលដៅ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​» ដែល​ត្រូវបាន​សហការ​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម លេខាធិការដ្ឋាន​អាស៊ាន និង​អង្គការ​សហប្រតិបត្តិកា​រ​អន្តរជាតិ​អាល្លឺម៉ង (GIZ)​។ ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​នោះដែរ រួមមាន លោក ម៉ៃ​ឃើ​ល ថេ​នេ (Michael Tene) អគ្គលេខាធិការរង​អាស៊ាន លោក អ៊ី​ស្គែ​ន​ឌ័​រ អ៊ី​ស្ម៉ៃ​អ៊ែ​ល (Iskandar Ismail) ប្រធាន​ក្រុម​ជំនាញការ​កិច្ចការ​ប្រកួតប្រជែង​អាស៊ាន (AEGC) និង​ជានា​យក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រកួតប្រជែង​ម៉ាឡេស៊ី និង​លោក ហ្វ្រែ​ង ទី​ប៊ី​ថា​ន់​ហ្ស​ល (Frank Tibitanzl) នាយក​គម្រោង “COMPETE” អង្គការ​សហប្រតិបត្តិ​ការ​អន្តរជាតិ​អាល្លឺម៉ង់ GIZ​។​

​នៅក្នុង​សុន្ទរកថា​បើក​សន្និសីទ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ជម្រាបជូន​ថា នៅក្នុង​ផែនការ​សកម្មភាព​រប​ស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០០៧ (AEC Blueprint 2007) ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​បាន​ប្ដេជ្ញាចិត្ត ក្នុងការ​រៀបចំ​ឱ្យមាន​ច្បាប់​ប្រកួតប្រជែង​របស់ខ្លួន ហើយ​មកទល់ពេលនេះ មានតែ​កម្ពុជា​ប៉ុណ្ណោះ​ដែល​មិនទាន់​មានច្បាប់​ប្រកួតប្រជែង​នៅឡើយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី ក្រសួងពាណិជ្ជកម្ម​សង្ឃឹម​យ៉ាង​មុតមាំ​ថា សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការ​ប្រកួតប្រជែង​នេះ នឹងត្រូវ​បានអនុម័ត​ជា​ស្ថាពរ​នា​ដើមឆ្នាំ​២០២០ ឱ្យស្រប​ជាមួយនឹង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដ៏ទៃទៀត​។ ក្នុងឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែមថា ក្រសួងពាណិជ្ជកម្ម​សម្រេច​បានការ​អនុម័ត​ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា លើ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ហើយ​បើ​រួម​ជាមួយនឹង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង ដែល​នឹងត្រូវ​អនុម័ត​នាពេលខាងមុខ ច្បាប់​ទាំងនោះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ការធ្វើ​ពាណិជ្ជកម្ម ការលើកកម្ពស់​ទីលាន​ប្រកួតប្រជែង​ដោយ​ស្មើភាព ការបង្កើត​ធុរកិច្ច​ថ្មីៗ និង​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ស្របតាម​ការវិវត្តន៍​បច្ចេកវិទ្យា ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​បម្រែបម្រួល​បរិយាកាស​ធុរកិច្ច ដែល​កំពុង​កើនឡើង​ឥតឈប់ឈរ​។ លើសពីនោះ ច្បាប់​និង​គោលនយោបាយ​ប្រកួតប្រជែង ជា​កត្តា​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​ក្នុងប្រទេស ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកប្រើប្រាស់​នូវ​ទំនិញ​និង​សេវា ដែលមាន​ជម្រើស​ច្រើន គុណភាព​ខ្ពស់ និង​តម្លៃ​ទាប​នោះទេ ប៉ុន្តែ​ថែមទាំង បង្កើន​ផលិតភាព​និង​ការច្នៃប្រឌិត ដែលជា​ធាតុ​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ទាក់ទង​នឹង​ការអនុវត្ត​នាពេល​អនាគត លោក​រដ្ឋមន្ត្រី​យល់ឃើញ​បញ្ហា​មួយចំនួន​ដែល​ទាមទា​ឱ្យមាន​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ចំណេះដឹង​រវាង​ស្ថាប័ន​ប្រកួតប្រជែង​ថ្មី និង​ស្ថាប័ន​ប្រកួតប្រជែង​ដែលមាន​ស្រាប់ និង​មាន​ភាពចាស់ទំ​។ បញ្ហា​ថ្មីៗ​ទាំងនោះ គឺពាក់ព័ន្ធ​ដល់​ការប្រកួតប្រជែង ដែល​អាច​កើតមានឡើង​ក្នុង​សេដ្ឋកិច្ច​ឌីជីថល ដោយសារ​ការអភិវឌ្ឍ​យ៉ាង​លឿន​នៃ​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច​ឌីជីថល ទម្រង់​នៃ​ការធ្វើ​ធុរកិច្ច​ថ្មីៗ​ត្រូវបាន​បង្កើតឡើង ដើម្បី​ប្រកួតប្រជែង​គ្នា​រវាង​ក្រុមហ៊ុន​នៅក្នុង​ទីផ្សារ ដែលជា​សញ្ញាណ​ថ្មី​ដល់​ស្ថាប័ន​អនុវត្ត​ច្បាប់​ប្រកួតប្រជែង ដើម្បី​ធានាថា​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព ទោះ​ស្ថិតនៅក្នុង​ទម្រង់​ប្រភេទ​ណាក៏ដោយ ទាំង​ក្នុង​ទីផ្សារ​ជាក់ស្តែង និង​ទីផ្សារ​អន​ឡាញ​។ ក្នុង​បរិបទ​នេះ ការផ្លាស់ប្តូរ​ព័ត៌មាន និង​បទពិសោធន៍​ក្នុងការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​បទល្មើស​ក្រោម​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​រវាង​ស្ថាប័ន​ប្រកួតប្រជែង គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​ទាំងនោះ​ផងដែរ ជា​កម្មវត្ថុ​នៃ​សន្និសីទ​នេះ​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ចប់ ដោយ​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​ប្រកួតប្រជែង​ទាំងអស់​នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​ជួយ​គ្នា​ទៅវិញទៅមក ទាំង​ផ្នែក​បច្ចេកទេស ចំណេះដឹង និង​ការចែករំលែក​ព័ត៌មាន ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នានា ដែល​រារាំង រិត​ត្បិត និង​បង្ខូច​ដល់​ការប្រកួតប្រជែង ទាំង​ក្នុងប្រទេស​និង​តំបន់ គឺថា «​មានតែ​កិច្ចសហការ និង​ការជួយ​គ្នា​ទៅវិញទៅមក ទើប​អាច​សម្រេចបាន​នូវ​គោលដៅ ជម្នះ​បាន​នូវ​ឧបសគ្គ ក៏ដូចជា​បញ្ហា​ប្រឈម​នានា សម្រាប់​ការរីកចំរើន​ទាំងអស់គ្នា តាមរយៈ​ការជំរុញ​បរិយាកាស​ប្រកួតប្រជែង​ផ្នែក​ធុរកិច្ច​នៅក្នុង​តំបន់​»​។​
​ក្នុងឱកាស​នោះដែរ លោក​ម៉ៃ​ឃើ​ល ថេ​នេ អគ្គលេខាធិការរង​អាស៊ាន បានលើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​លើ​ការងារ​ប្រកួតប្រជែង​។ ក្នុង​ប្រធានបទ​នោះ លោក​អគ្គលេខាធិការរង បាន​ជម្រាបជូន​អង្គ​សន្និសីទ​ថា ការអនុវត្ត​គោលនយោបាយ​ប្រកួតប្រជែង​នឹង​លើកកម្ពស់​នវានុវត្តន៍ និង​ការចូលរួម​នៃ​ផលិតកម្ម​ក្នុង​តំបន់​ទៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល ហើយ​ដើម្បី​សម្រេចបាន​គោលដៅ​ទាំងនោះ ក្រុមការងារ​មួយ​ហៅថា ក្រុម​ជំនាញការ​កិច្ចការ​ប្រកួតប្រជែង​អាស៊ាន (ASEAN Experts Group on Competition – AEGC) ត្រូវបាន​បង្កើតឡើង​។ ជាមួយ​នោះដែរ ក្រុមការងារ​នេះ ក៏​ទទួលខុសត្រូវ​លើ​ការសម្រេចបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៤ ទៀត​គឺ ការពង្រឹង​បរិយាកាស​ច្បាប់​ប្រកួតប្រជែង​នៅ​អាស៊ាន ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ប្រកួតប្រជែង កិច្ចសហប្រតិបត្តិការ​ឆ្លង​ព្រំដែន​រវាង​ស្ថាប័ន​ប្រកួតប្រជែង និង​ការធ្វើ​សុខដុម​នីយកម្ម​ច្បាប់​ប្រកួតប្រជែង​នៅ​អាស៊ាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×