Sunday, September 19, 2021

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ស្នើ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​អតីត​អ្នកយកព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ចំនួន ២ រូប

​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​អះអាងថា ការចាប់ខ្លួន​អ្នកយកព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ចំនួន ២ រូប គឺ​លោក អួន ឈិន និង​លោក យាង សុធារិន នៅ​កម្ពុជា​។ ការចាប់ខ្លួន ការឃុំខ្លួន​ដ៏​យូរ និង​ដំណើរការ​កាត់ក្តី​ដែល​អូសបន្លាយ​វែង នៃ​អ្នក​សារព័ត៌​ទាំងពីរ​រូបនេះ ដែល​កំពុង​បំពេញការងារ​របស់គេ បំផ្លាញ​សេរីភាព​សារព័ត៌មាន ។​

​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ថ្លែងថា ការទម្លាក់ ឬ​មិន​ទម្លាក់ចោល​ការចោទប្រកាន់​របស់​តុលាការ​គឺ​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​ស៊ើបសួរ ទៅលើ​អង្គហេតុ និង​ភស្តុ​ង​តាង​។​

​បន្ទាប់ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​លើ Facebook ដោយ​ទាមទារ​ឲ្យ​ទម្លាក់​ការចោទប្រកាន់ ទៅលើ​អតីត​អ្នកយកព័ត៌មាន​របស់​វិទ្យុ​អា​ស៉ី​សេរី ចំនួន​២​រូប នោះ លោក គឹម សន្តិភាព អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា​៖ ការទម្លាក់ ឬ​មិន​ទម្លាក់ចោល​ការចោទប្រកាន់​ជា​ឆន្ទា​នុ​សិ​ទ្ឌិ​របស់​តុលាការ ដោយ​ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស៊ើបសួរ លើ​អង្គហេតុ និង​ភស្តុតាង​ស្របតាម​ស្មារតី​នៃ​ច្បាប់​កម្ពុជា ហេតុនេះ​សូម​ភាគី​ពាក់ព័ន្ធ​នៃ​សំណុំរឿង​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន ដែល​មានចែង​ក្នុង​ច្បាប់ ដើម្បី​ជា​ប្រយោជន៍​របស់ខ្លួន ដោយ​បង្ហាញ​ភាព​ស្អាតស្អំ​របស់ខ្លួន​នៅ​ចំពោះមុខ​តុលាការ​។​

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ថ្លែង​សារ​ថា ថ្ងៃនេះ​គឺជា​ថ្ងៃ​ខួប​លើក​ទី​២ នៃ​ការចាប់ខ្លួន​អ្នកយកព័ត៌មាន​របស់​វិទ្យុ​អា​ស៉ី​សេរី​ចំនួន ២​រូប គឺ​លោក អួន ឈិន និង​លោក យាង សុធារិន នៅ​កម្ពុជា​។ ការចាប់ខ្លួន ការឃុំខ្លួន​ដ៏​យូរ និង​ដំណើរការ​កាត់ក្តី​ដែល​អូសបន្លាយ​វែង នៃ​អ្នក​សារព័ត៌​ទាំងពីរ​រូបនេះ ដែល​កំពុង​បំពេញការងារ​របស់គេ បំផ្លាញ​សេរីភាព​សារព័ត៌មាន ហើយ​ធ្វើ​មិន​ឲ្យ​អ្នកដទៃ​ទៀត​ចង់​ធ្វើការ​ងារ​ដ៏​សំខាន់​ផ្នែក​សារព័ត៌មាន​។​ការទម្លាក់​ចោលការ​ចោទប្រកាន់​ទៅលើ​អ្នកសារព័ត៌មាន​ទាំង ២ រូបនេះ ហើយ​ផ្តល់​ឲ្យ​ពួកគេ​វិញ​នូវ​សិទ្ធិ​និង​សេរីភាព​ពេញលេញ​របស់គេ​នឹង​កែតម្រូវ​ឡើងវិញ​នូវ​អំពើ​អយុត្តិធម៌ គោរព​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ហើយ​ជាស​ញ្ញា​នៃ​ការប្តេជ្ញាចិត្ត​ចាំបាច់​ចំពោះ​តួនាទី​ដ៏​មាន​សារៈសំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​។​

​លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​។ អ្នក​ទាំងពីរ​ត្រូវបាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នៅក្នុង​ពន្ធនាគារ​ជិត​១​ឆ្នាំ បន្ទាប់មក​ត្រូវបាន​តុលាការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨៕ ដោយ​៖​កូ​ឡាប​