Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី លី ធុជ ៖ អូស្ត្រាលី បន្ត​ប្តេជ្ញា​ជួយ​ដល់​ការ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ​រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​ប្តេជ្ញា​ជួយ​ដល់​កម្ពុជា​បោសសម្អាត​មីន​មនុស្សធម៌ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ខណៈ​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា អាច​ដំណើរការ​ពេញលេញ បន្ទាប់ពី​កម្ពុជា បានបញ្ចប់​នូវ​សង្គ្រាម​ដែល​អូសបន្លាយ​រាប់​ទសវត្សរ៍ និង​ទទួលបាន​នូវ​សុខសន្តិភាព​។

​នៅ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ត្រីភាគី នៃ​ការប្តេជ្ញាចិត្ត​រួមគ្នា​ឆ្ពោះទៅរក​ប្រទេស​កម្ពុជា​ដែល​គ្មាន​មីន រវាង​អាជ្ញាធរ​មីន អង្គការ UNDP និង​ប្រទេស​អូស្ត្រាលី សម្រាប់​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ ២០២០-២០២៥ (Clearing For Results, Phase IV)​។

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​អាជ្ញាធរ​មីន ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ UNDP រដ្ឋាភិបាល​អូស្ត្រាលី គឺជា​ដៃគូ​ដ៏​យូរអង្វែង និង​មាន​សារៈសំខាន់​មួយ​ក្នុង​ការងារ​មនុស្សធម៌ និង​ការងារ​អភិវឌ្ឍន៍ ដែល​បាន​ចូលរួម​ក្នុង​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា ការងារ​សកម្មភាព​មីន គឺជា​ការងារ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​អូស្ត្រាលី​បាន​ចូលរួម​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០៦ មក​ម្លេះ​។ លោកស្រី Angela Corcoran បាន​អះអាងថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​ប្តេជ្ញា​ជួយ​ដល់​កម្ពុជា​បោសសម្អាត​មីន​មនុស្សធម៌ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ជាមួយគ្នា លោកជំទាវ Angela Corcoran បានបញ្ជាក់​បន្ថែមថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការផ្តល់​សច្ចាប័ន​ទៅលើ​អនុសញ្ញា​ស្តីទី​ការហាម ការប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន​។​

​ក្នុងនាម សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ប្រកបដោយ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ប្រទេស​អូស្ត្រាលី និង​អង្គការ UNDP ក៏ដូចជា​ប្រទេស​ម្ចាស់ជំនួយ​ដទៃទៀត ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ការជួយ​សង្គ្រោះ​ជនរងគ្រោះ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ តាមរយៈ​ការងារ​បោសសម្អាត​មនុស្សធម៌​នៅ​កម្ពុជា​។ ទន្ទឹមនឹងនោះ លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ដោយមាន​ការយកចិត្ត​ទុកដាក់​ជាខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា វិស័យ​សកម្មភាព​មីន ត្រូវបាន​គាំទ្រ​យ៉ាងខ្លាំង​ក្លា និង​ដាក់បញ្ចូល​ក្នុង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩ ២០២៣ ផងដែរ​។​

​លោក ទេសរដ្ឋមន្ត្រី លី ធុជ បាន​ជម្រាបជូន​ដល់់​ដៃគូ​អភិវឌ្ឍន៍ និង​ប្រទេស​ម្ចាស់ជំនួយ​ថា ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា អាច​ដំណើរការ​ពេញលេញ បន្ទាប់ពី​កម្ពុជា បានបញ្ចប់​នូវ​សង្គ្រាម​ដែល​អូសបន្លាយ​រាប់​ទសវត្សរ៍ និង​ទទួលបាន​នូវ​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយ​សុខសន្តិភាព​នេះ ពិតជា​មានតម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រជាជន​កម្ពុជា ក៏ដូចជា​សម្រាប់​ការអភិវឌ្ឍ និង​ការស្តារ​ឡើងវិញ​របស់​ប្រទេសជាតិ ផងដែរ​។ ការងារ​បោសសម្អាត​មីន ត្រូវបាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ច​គាំពារ​ដល់​សន្តិភាព និង​ការអភិវឌ្ឍ​។

​ចាប់ពី​ឆ្នាំ ២០០៦-២០១៩ តាមរយៈ គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​បី​ដំណាក់កាល​ដំបូង ការ​បោសសម្អាត​មីន បាន​រំដោះ​ផ្ទៃដី​ទំហំ​ប្រមាណ ២៣៩ គីឡូម៉ែត្រ​ក្រឡា និង​ចំណាយ​ថវិកា​ប្រមាណ ៦៤ លាន​ដុល្លារ​អាមេរិក​៕​ដោយ​៖​កូ​ឡាប​

spot_img
×