Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ តម្លៃជិត៣០០លានដុល្លារ

spot_img

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ​។​

​ផ្លូវ​ចំនួន​៣៤​ខ្សែ ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅពេលនេះ គឺជា​ផ្លូវ​ក្នុង​ក្រុង​បែប​ប្រណីត ដែល​នឹង​បាន​បម្រើ​នៅ​វិស័យ​ដឹកជញ្ជូន ការធ្វើដំណើរ និង​បម្រើ​វិស័យ​ទេសចរណ៍ ដ៏​សំខាន់​នៅក្នុង​ក្រុងព្រះសីហនុ​នេះ ជាពិសេស​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ ទៅជា​ទីក្រុង​ទំនើប​ដែលមាន​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ​រប​ស់​ប្រជាពលរដ្ឋ អ្នក​ទេសចរណ៍ និង​អ្នកវិនិយោគ ជាពិសេស​ធានាបាន​គុណភាព​ខ្ពស់ រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​។​

​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានឱ្យដឹងថា ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ មាន​ប្រវែង​សរុប​ជាង ៨៤​គីឡូម៉ែត្រ មាន​រង្វង់​មូល​ចំនួន​៣ និង​ស្ពាន​ចំនួន​៦​ប្រវែង ២៥២​ម៉ែត្រ​។ ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​ចែកចេញជា​៣​ប្រភេទ​រួមមាន​៖

១៖ មហាវិថី​ចំនួន ៣​ខ្សែ​ប្រវែង​ជាង ២២​គីឡូម៉ែត្រ មាន​ទទឹង ៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥,៧៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​៦​គន្លង (៣​ទៅ ៣​មក​) ផ្លូវ​ទោចក្រយានយន្ត​២​គន្លង រួមមាន​៖ មហាវិថី​រាម (​លេខ​៤៥), មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ (​លេខ​៤៧)​។​

២៖ វិថី​មាន​ចំនួន​១៦​ខ្សែ មាន​ប្រវែង​ជិត ៥០​គីឡូម៉ែត្រ មាន​ទទឹង ២០​ម៉ែត្រ ទៅ ៤០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០,២៥​ម៉ែត្រ ទៅ ១៧,២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​២​គន្លង ទៅ​៤​គន្លង​, ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ វិថី​ទាំង ១៦​ខ្សែ​នេះ​រួមមាន​៖ វិថី​លេខ ៨៣៧-១ វិថី​អូ​ត្រេះ​, វិថី​ឆ្នែ​រ​អូរ​ឈើទាល (​លេខ​៥០) វិថី​កោះ​ពូ​ឡូ​វៃ (​លេខ​៣០០), វិថី​ឯករាជ្យ (​លេខ​១០០), វិធី​២​ធ្នូ (​លេខ​៦០០), វិថី​លំហែ​ព្រះ​ភូមិន្ទ​, វិថី​ឆ្នេរ​អូរត្រេះ​, វិថី​គុជ​អាស៊ី (​លេខ​១២៣៧), វិថី​បុរី​កម្មករ (​លេខ​១១២), វិថី​ជោ​ត​ញ្ញាណ (​លេខ​៧០១), វិថី​២៨​មិថុនា (​លេខ​១២៣), វិថី​មិត្តភាព​កម្ពុជា​-​រុ​ស្ស៉ី (​លេខ​៧០៥) វិថី​ចំណោត​អូរ​ត្រាវ និង​វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​វិថី​អូរ​ត្រជាក់ចិត្ត​។​

៣៖ អនុ​វិថី មាន​ចំនួន ១៥​ខ្សែ មាន​ប្រវែង​ជិត ១២​គីឡូម៉ែត្រ មាន​ទទឹងផ្លូវ​ពី ១៥​ម៉ែត្រ ទៅ​៤៥​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០,២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២​គន្លង និង​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ អនុ​វិថី​ទាំង​១៥​ខ្សែ​នេះ រួមមាន​៖ ផ្លូវ​កាត់​ទទឹង​វិថី​អូរត្រេះ និង​វិថី​ឆ្នេរ​អូរត្រេះ​, ផ្លូវ​លេខ​៨០១, ផ្លូវ​លេខ​៥០១, ផ្លូវ​លេខ​៥០៣, ផ្លូវ​លេខ​៥០៥, ផ្លូវ​លេខ​៥០៧, ផ្លូវ​លេខ​១១៥, ផ្លូវ​លេខ​៦០២, ផ្លូវ​លេខ​៥០២, ផ្លូវ​លេខ​៨១០, ផ្លូវ​លេខ ៨១៨៨, ផ្លូវ​លេខ​១០២, ផ្លូវ​លេខ​៨០៦, ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១២៦ លើកលែងតែ​កំណាត់​ទី​៣ នៃ​ផ្លូវ​លេខ​៨០១ ប្រវែង ១០៣​ម៉ែត្រ ផ្លូវ​មាន​ទទឹង ១០​ម៉ែត្រ​។​

​លោក​អភិបាល​បាន​បន្ថែមថា ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ ទៅជា​ទីក្រុង​ទំនើប​ដែលមាន​សោភណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ធុរកិច្ច ជាពិសេស​ធានាបាន​គុណភាព​ខ្ពស់ រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ ត្រូវគោរព​តាម​គោលការណ៍ និង​លក្ខណៈ​បច្ចេកទេស​ដូចខាងក្រោម​៖
១៖ គោរព​តាម​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០​។​
២៖ កំណត់​អ័ក្ស​ផ្លូវ​តាម​ចំណុចកណ្តាល​នៃ​ដី​ចំណីផ្លូវ​សាធារណៈ​ស្របតាម​ប្លង់​សុរិយោដី​។​
៣៖ សាងសង់​តាម​គម្រោង​ប្លង់​បច្ចេកទេស​លម្អិត​នៃ​ខ្សែ​ផ្លូវ​នីមួយៗ​ដែល​សិក្សា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​អនុលោម​តាម​បទដ្ឋាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៖ ទ្រូងផ្លូវ​ធ្វើ​ពី​បេតុង​កម្រាស់ ២៥០​មិល្លីម៉ែត្រ ក្រាល​កៅស៊ូ​បេ​ទី​ម​កម្រាស់ ៧០​មិល្លីម៉ែត្រ បេតុង​ត្រូវ​ពង្រឹង​ដោយ​ប្រើ​ដែក​សរសៃ​ទំហំ ១២​មិល្លីម៉ែត្រ​, ចិញ្ចើមផ្លូវ​មាន​ផ្លូវ​ថ្មើរជើង​ក្រាល​សន្លឹក​បេតុង និង​ផ្លូវ​ជិះ​កង់​ទទឹង ១.៥០​ម៉ែត្រ ក្រាល​កៅស៊ូ​បេ​ទី​ម​កម្រាស់ ៥០​មិល្លីម៉ែត្រ មាន​ដាំ​ស្មៅ និង​ដើមឈើ​ជា​ផ្ទៃ​បៃតង​ជ្រាប​ទឹក​, ដាំ​ដើម​តែ និង​រុក្ខជាតិ​លម្អរ​នៅតាម​ផ្លូវ​ដែលមាន​ខឿន​សួន​កណ្តាល​ចែក​ទ្រូងផ្លូវ​, បង្កប់​លូទឹក​ភ្លៀង​មុខកាត់ ១​ម៉ែត្រ និង​លូទឹកកខ្វក់​មុខកាត់ ១​ម៉ែត្រ តាម​បណ្តោយ​សងខាង​ផ្លូវ​, មាន​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​, មាន​គំនូស​ចរាចរណ៍ និង​ផ្លាកសញ្ញា​ចរាចរណ៍​តាម​បទដ្ឋាន​បច្ចេកទេស​។​
​បន្ថែម​ពីលើ​នេះ ផ្លូវ​សំខាន់ៗ​នឹងត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ផងដែរ​។​

​បើតាម​គណៈកម្មការ​សាងសង់​ផ្លូវ​បាន​ឲ្យ​ដឹងថា ផ្លូវ​ទាំង​៣៤​ខ្សែ​ត្រូវ​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ​នេះ ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ​ជិត​៣០០​លាន​ដុល្លារ ដែលមាន​ក្រុមហ៊ុន​ចំនួន​៧​ទទួល​សិទ្ធិ​សាងសង់ ប្រើប្រាស់​រយៈពេល​តែ​៨​ខែ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០ គឺ​រៀបចំ និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រកចេញចូល​អន្តរជាតិ មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ជាតិ ដោយមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សកលលោក និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប ដែលមាន​សុខដុម​នីយកម្ម​ជាមួយនឹង​បរិស្ថាន​រស់នៅ​ល្អប្រសើរ​។​

​ការសាងសង់​ផ្លូវ​ប្រកបដោយ​ប្រណិត​ភាព​ទាំង​៣៤​ខ្សែ​នេះ គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×