Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីករ​លោក​ទូច សុ​ខៈ ថា អ្វីដែល​សឹង​មិន​ជឿ គឺ​ផ្សាយ​ព័ត៌មាន​ផ្ទះ​ខ្លួនឯង តែ​មិនដឹងថា​ភ្លើងឆេះផ្ទះ ជា​ផ្ទះ​ខ្លួនឯង

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់ លោក​ទូច សុ​ខៈ ដែលជា​ពិធីករ​ប្រចាំ​ទូរទស្សន៍​ហង្ស​មាស បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​១៥ វិច្ឆិកា ២០១៩​ថា “​ផ្ទះ​កំសត់​! ទម្រាំ​ទិញ​ផ្ទះ​នេះ​បាន ខ្ញុំ​បាន​ឆ្លងកាត់​បន្ទប់​ជួល​៤​កន្លែង រួមមាន ជាន់​ទី​បួន​ម្ដុំ​អូ​ឫស្សី ខាងកើត​វត្ត​សន្សំ​កុសល ម្ដុំ​បឹងត្របែក​ខាងត្បូង និង​នៅ​លេ​ី​បឹងទំពន់​ជាប់​ផ្លូវ​៣៧១​។ ក្រោយមក ពីរ​នាក់​ប្ដី​ប្រពន្ធ​បានសម្រេច​ចិត្ត​ខ្ចីលុយ​ធនាគារ ដោយ​បង់​រំ​លោះ​រយៈពេល​ជាង​១០​ឆ្នាំ​ទិញ​ផ្ទះ​នេះ​ក្នុងតម្លៃ​២៥០០០​ដុល្លារ​”​។

​លោក បាន​ថ្លែង​យ៉ាង​កម្សត់​ថា “​គិតថា ចាំ​ធូរធារ​បន្តិច​នឹង​ជួសជុល​ឱ្យ​ប្រសើរ​បន្តិច​ទុកជា​អនុស្សាវរីយ៍ ដឹងអី​ត្រូវ​រងគ្រោះ​ដោយ​អណ្ដាតភ្លើង​។ ពេល​វា​ឆេះ​ខ្ញុំ​មិនបាន​នៅ​កន្លែងកើតហេតុ​ទេ ដោយ​កំពុង​ផ្សាយ​ព័ត៌មាន​នៅ​ទូរទស្សន៍​។ អ្វីដែល​សឹង​មិន​ជឿ គឺ​ផ្សាយ​ព័ត៌មាន​ផ្ទះ​ខ្លួនឯង តែ​មិនដឹងថា​ជា​ផ្ទះ​ខ្លួនឯង​!”

​តាម​ប្រភពពី​កន្លែងកើតហេតុ និង​អ៊ុំ​ស្រី​ម្ចាស់ផ្ទះ​ជាប់​គ្នា​ប្រាប់ថា គឺ​ទុសេ​ពី​ក្នុង​បន្ទប់​ជួល​ផ្ទះ​គាត់​នៅ​ជាន់​ខាងលើ ហើយ​គាត់​ស្មានតែ​សំឡេង​គេ​វាយ​កណ្ដុរ​ក៏​មិន​ចាប់អារម្មណ៍​។ រហូតដល់​ឆេះ​សន្ធោសន្ធៅ​ទៅហើយ​ទើប​ដឹងថា​ភ្លើង​ឆេះ ហើយ​វា​បាន​រាល​ដល់ផ្ទះ​ខ្ញុំ​រួចហើយ​ដែរ​។ ភ្លើង​ឆេះ​មិន​ដល់​៥​នាទី សឹង​គ្មាន​សល់ ដោយបាន​ក្រុម​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បន្ថែម​។

​លោក​ថា ខ្ញុំ​សូម​ថ្លែង​អណរ​គុណ​ចំពោះ ឯកឧត្ដម លោកជំទាវ និង​បងប្អូន​ទាំងអស់​ដែល​ផ្ញើ​សា​ចូលរួម​សោកស្ដាយ​ដល់​ខ្ញុំ​។ សូម​អរគុណ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ផងដែរ​។ ឆ្លៀតឱកាស​នេះ ខ្ញុំ​ក៏​បញ្ជាក់ជូន​បងប្អូន​មួយចំនួន ពិសេស​អ្នកសារព័ត៌មាន​ដែល​តាំង​សំណួរ​មក​ខ្ញុំ​អំពី​សំណង​ខូចខាត​។ ជាការ​ពិត​ផ្ទះ​ដែលជា​ប្រភព​បង្កហេតុ​មាន​កាតព្វកិច្ច​ជួសជុល​សំណង ប្រសិន​ម្ចាស់ផ្ទះ​រងគ្រោះ​ជិតខាង​ប្ដឹង​ទាមទារ ប៉ុន្តែ​ទោះ​ខ្ញុំ​មិនសូវ​សម្បូរ​ធនធាន ដោយយោង​គោលការណ៍​ក្បែរ​ខាង ខ្ញុំ​មិន​ទាមទារ​ឱ្យ​គាត់​សង​ការខូចខាត​ទេ​។

​លោក​ថា ខ្ញុំ​នឹង​ព្យាយាម​សន្សំ​ប្រាក់​ដើម្បី​សាងសង់​តាម​ទម្រង់​ចាស់​ទុកជា​អនុស្សាវរីយ៍​។ ខ្ញុំ​ពិតជា​មិន​ចង់បា​ត់វា​ទេ ព្រោះ​ជា​ញើស​ឈាម​ប្ដី​ប្រពន្ធ និង​ការ​ជ្រោមជ្រែង​របស់​ប្អូនៗ​ថ្លៃ ពុក​ម្ដាយ​ក្មេង​។ ជាពិសេស អ្នកមានគុណ​ម្នាក់ទៀត ដែល​បាន​ឧបត្ថម​ប្រាក់​បង់​ផ្ដាច់​ធនាគារ​។

​សូមបញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​នគរបាល​ជំនាញ​ថា នៅវេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​អគ្គីភ័យ​មួយកន្លែង​កើតឡើង​នៅផ្ទះ​លេខ​១២៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២០២ ក្រុមទី​២ ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី ។​

​ម្ចាស់ផ្ទះ​រង​ឈ្មោះ អ៊ុច សុខ​ហេង ភេទ​ស្រី អាយុ​៧២​ឆ្នាំ មុខរបរ​ជរា​នៅផ្ទះ ។ ផ្ទះ​រងគ្រោះ​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ ប្រក់​ស័ង្កសី ទំហំ ៦​ម៉ែត្រ គុណ​នឹង ១២​ម៉ែត្រ ។​

​ហេតុការណ៍​ខាងលើ បាន​ឆេះ​បំផ្លាញ​ផ្ទះ​២​ខ្នង​ទាំងស្រុង និង​រោល​ជញ្ជាំង​ផ្ទះ​ដែល​នៅក្បែរ​ខាង​អស់​ចំនួន​២​ខ្នង និង​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​មនុស្ស ។​

​ក្នុង​នោះគេ​ឃើញ​មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន​៩​គ្រឿង ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ និង​រថយន្ត​ជំនួយ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ៥​គ្រឿង​, រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន ១​គ្រឿង ទើប​អាច​ពន្លត់​បាន​ទាំងស្រុង​នៅ​ម៉ោង​១០​និង​០០​នាទី​ព្រឹក នា​ថ្ងៃខែ​ឆ្នាំ​ដដែល ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×