ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពរដិបរដុបបន្តិច ដូចនេះទោះធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុក ដូចនេះបើពុំព្យាយាមដោះស្រាយទេពិតជាជួបបញ្ហានៅគ្រាខាងមុខហើយ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពប្រទាំងប្រទើសបន្តិចតែយ៉ាងណាក៏ចំណូលមានហូរចូលដោយអាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅផង។ក្នុងផ្ទះសម្បែងស្ត្រីត្រូវយកចិត្តទុកដាក់កិច្ចការឱ្យបានច្រើនបន្តិចបើពុំនោះទេបញ្ហាចម្រូងចម្រាសពិតជាកើតមានទៀតពុំខាន។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំកើតរឿងទុក្ខព្រួយលុកលុយព្រោះតែភាពរកាំរកូសកើតមានឥតសូវសុខស្រួលខ្លួនប៉ុន្មានទេ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមិនថាកិច្ចការតូចធំលោកអ្នកអាចសម្រុកបានហើយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅផងដែរ។អ្នកប្រកបការងាររកស៊ីជួញដូរបើចង់ប្រកបជំនួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយហើយពិសេសមានភាពសុខដុមគួរសម។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំបើលោកអ្នកចង់ផ្សះផ្សាជម្លោះវិវាទឬមានទំនាក់ទំនងស្នេហាថ្មីថ្មោងជាពេលវេលាល្អប្រពៃ ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកជួបនូវបញ្ហារកាំចិត្តច្រើនហើយពិសេសងាយចំណាយច្រើនទៀតផង។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃអញ្ចឹងផង។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើកិច្ចការអ្វីមួយសំខាន់ទេពីព្រោះថាផលប៉ះពាល់នោះក៏មានខ្ពស់ផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាណាមួយមកទុកឱ្យ។
រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួននិងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំរោង
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមិនអាចប្រកាន់ចិត្តឆេវឆាវបានឡើយពីព្រោះថាងាយកើតនូវបញ្ហាអាក្រក់នាពេលក្រោយវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯមនោសញ្ចេតនា គូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏តែងជួបបញ្ហាសៅហ្មងនិងកើតការរកាំចិត្តច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាយាយីបន្តិច ពីព្រោះក្រុមមនុស្សងាយបង្កបញ្ហាដាក់ណាស់។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍អ្វីមួយ ជាឱកាសល្អប្រពៃផងដែរ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារតូចធំឬបញ្ហាប្រាក់កាសព្រោះថាតែងហុចលទ្ធផលល្អៗមកវិញច្រើនជាក់ជាពុំខាន។ចំពោះការប្រកបរបររកស៊ីជួញដូរវិញ គឺមានភាពលូតលាស់គួរសមហើយបើមានបើករបរថ្មីៗផងក៏ជាការប្រពៃណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីបើចង់ចូលទាក់ទងដល់ចាស់ទុំឬចូលស្តីដណ្តឹងជាពេលវេលាល្អបំផុត៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬប្រកបពិធីអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតចូរកុំគប្បីបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានភាពភ្លឺថ្លាហើយកំពុងមានភាពផ្អែមល្ហែមប្រពៃណាស់ផង៕
ឆ្នាំច
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះការប្រកបការងារត្រូវប្រយ័ត្នប្រយែងពីព្រោះងាយខូចខាតនិងបាត់បង់ណាស់។ការរស់នៅក្នុងផ្ទះសម្បែងចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តី។ចំពោះបញ្ហាប្រាក់កាសត្រូវជួបស្ថានភាពចំណាយច្រើន ឯចំណូលតិចហើយពិសេសបើមានការធ្វើអ្វីពាក់ព័ន្ធបញ្ហាប្រាក់កាសត្រូវរាំងស្ទះទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញនៅថ្ងៃណាមួយជាក់ជាពុំខាន ។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់ទៅមុខយឺតតែងាយថយក្រោយណាស់៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នាថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតមានការលូតលាស់ច្រើនរឿងក្នុងនេះមិនថាជា កិច្ចការងារប្រាក់កាសឬរឿងផ្ទាល់ខ្លួនឡើយ។ក្រៅពីនេះការបំពេញកិច្ចការងារទៀតសោតក៏មានលក្ខណះពេញដៃពេញជើងដែរ។អ្នកប្រកបរបរកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើដោយអាចរកផលកម្រៃមួយចំនួនគ្រាន់ចូលផ្ទះសម្រាប់ផ្គត់ផ្គង់គ្រួសារ ។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានការស្រុះស្រួលនិងចេះអត់ឱនឱ្យគ្នាប្រពៃ៕