Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​ប៉ា​គី​ស្ថាន បន្ត​ពង្រឹង​កិច្ច​ស​ប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​អោយ​កាន់តែ​ធំ​ទូលាយ​

spot_img

​ភ្នំពេញ​៖ នៅក្នុង​ជំនួប​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ លោក Qasim Khan Suri អនុប្រធាន​សភាជាតិ​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ជំរុញ​ឲ្យ​ភាគី​ទាំងពីរ បន្ត​ពង្រឹង​កិច្ច​ស​ប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​អោយ​កាន់តែ​ធំ​ទូលាយ​។

​សម្តេច​តេ​ជោ បានចាត់ទុក​វត្តមាន​របស់ ឯកឧត្តម និង​គណៈប្រតិភូ​ប៉ា​គី​ស្ថាន​នៅ​កម្ពុជា គឺ​ឆ្លុះបញ្ចាំង​នូវ​សាមគ្គីភាព​ក្នុង​ក្របខណ្ឌ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​ផ្តល់នូវ​កិត្តិយស និង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​ប៉ា​គី​ស្ថាន​។​

​លោក Qasim Khan Suri អនុប្រធាន ប៉ា​គី​ស្ថាន​បាន​គូសបញ្ជាក់ថា ប្រទេស​ទាំងពីរ គឺមាន​កិច្ចសហប្រតិបត្តិការ​យូរលង់​មកហើយ ដែល​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត​។ ក្រៅពីនេះ​ក៏​ចង់​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ​តំបន់ ពិសេស​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។​

​លោក បាន​អបអរសាទរ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានឈ្នះ​ការបោះឆ្នោត ២០១៨ កន្លងទៅនេះ និង​រីករាយ​ដែល​បានឃើញ​សម​ទិ្ធ​ផល​អភិវឌ្ឍ​ជាច្រើន​របស់​កម្ពុជា​។ លោក​អនុ​ប្រធានសភា​ប៉ា​គី​ស្ថាន​ក៏បាន​កោតសរសើរ​ពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា និង​ការរីកចំរើន​ដ៏​ធំធេង​នៅ​កម្ពុជា ជាមួយ​ការអភិវឌ្ឍ​គ្រប់​វិស័យ​។ អ្វីដែល​លោក ចង់បាន​គឺ​បង្កើន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ពីគ្នា​ទៅវិញទៅមក នៅក្នុង​ក្របខ័ណ្ឌ​សភា និង​សភា និង​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ទៅវិញទៅមក​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា កម្ពុជា​និង​ប៉ា​គី​ស្ថាន មាន​ទំនាក់ទំនង​នឹង​គ្នា​ជា​យូរ​មកហើយ ពិសេស​ប៉ា​គី​ស្ថាន​បានទទួល​ស្គាល់​ឯករាជ្យ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៥២ ពោលគឺ​មុន​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ទៅទៀត​។ សម្តេច​តេ​ជោ ចង់​ឲ្យ​ភាគី​ទាំងពីរ​ស្វែងរក​មធ្យោបាយ​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពិសេស​គឺ​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យសេដ្ឋកិច្ច វិនិយោគ​ជាដើម​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅមាន​ចំនួន​តិចតួច​នៅឡើយ ដូច្នេះ​សម្តេច​តេ​ជោ ចង់​ភាគី​ទាំងពីរ​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​អោយមាន​ការកើនឡើង​ថែមទៀត​។ ពាក់ព័ន្ធ​ទៅនឹង​វិស័យ​វប្បធម៌ និង​វិស័យ​អប់រំ​វិញ សម្តេច​តេ​ជោ អរគុណ​ចំពោះ​ប៉ា​គី​ស្ថាន ដែល​បានផ្តល់​អាហា​រូប​ករ​ណ៏​ដល់​និស្សិត​កម្ពុជា និង​មន្ត្រី​កម្ពុជា​កន្លងមក អោយទទួល​បានការ​បណ្តុះ​បណ្តាល​នៅ​ប៉ា​គី​ស្ថាន​។​

​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​នយោបាយ សម្តេច​តេ​ជោ បញ្ជាក់ថា កន្លងទៅនេះ​កម្ពុជា បាន​គាំទ្រ​ប៉ា​គី​ស្ថាន​ក្នុងការ​ក្លាយជា​ប្រទេស​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន និង​ចង់​ក្លាយជា​ដៃគូ​ពេញលេញ​របស់​អាស៊ាន​នៅពេល​ខាងមុខនេះ​។ នៅក្នុង​កិច្ចពិភាក្សា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​កំពូល​ប៉ា​គី​ស្ថាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​រក​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×