Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​សំណូពរ លោក ឱម យ៉ិនទៀង បញ្ជូន​មន្ត្រី​ចុះ​អង្កេត​បទ​សង្ស័យ​អំពើពុករលួយ របស់​មន្ត្រី​ប្រចាំ​ច្រកទ្វារ​ចាំ​យាម​ខេត្តកោះកុង​

spot_img

​ខេត្ត​កោះកុង​៖ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ជាថ្មី​ម្តងទៀត បាន​សំណូមពរ​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម ខេត្ត​កោះកុង ដើម្បី​ឲ្យ​ប្រាកដថា តើ​មន្ត្រី​ជំនាញ​ស្ថាប័ន​ណាខ្លះ មាន​ជាប់​ពាក់ព័ន្ធ​បទ​សង្ស័យ​ប្រព្រឹត្តិ​អំពើ​ពុករលួយ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ខូចគុណភាព ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា នៅ​តាម​ច្រកព្រំដែន​នី​មួយៗ​។

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សមាគម​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho) ផ្តល់​សម្ភាស​ឲ្យ​អ្នកយក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​កោះកុង​ដឹងថា ពួកគេ​ក៏​ធ្លាប់បាន​ទទួល​ព័ត៌មាន​ជុំវិញ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​ខូច​គុណភាព ត្រូវ​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ចាំ​យាម តាមផ្លូវ​សមុទ្រ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​មក​នេះ​ដែរ​។


​ពួក​គេ​សង្ស័យថា ទំនិញ​គេច​ពន្ធ ឬ​សាច់​ស្រស់​ខូចគុណភាព ដែល​ឈ្មួញ​អាច​នាំ​ចូល តាម​ច្រក​ចាំ​យាម និង​ច្រក​ផ្សេងៗ​នា​ខេត្តកោះកុង បាន​ដោយ​រលូន និង​គ្មាន​សមត្ថកិច្ច​ហាមឃាត់ ទំនង​ជា​ឈ្មួញ​ទាំងនោះ បាន​ត្រូវដង​ត្រូវផ្លែ​គ្នា ជាមួយ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ខ្លះ ប្រចាំការ​តាម​ច្រក​នីមួយៗ ពិសេស​ច្រកទ្វារ​ចាំ​យាម ជា​ថ្នូរ​ចែក​ផលប្រយោជន៍ ឲ្យ​គ្នា​ទៅវិញទៅមក​។

​អ្នក​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន មានប្រសាសន៍ថា ទំនិញ​ដឹក​តាម​រទេះ ពិសេស​ដឹក​តាម​រថយន្ត​ធំៗ ដែល​បាន​ឆ្លងកាត់​ច្រក​ចាំ​យាម​នា​ពេល​កន្លង​ទៅ និង​បន្ត​រហូត​មក​ដល់​បច្ចុប្បន្នេះ គឺ​ភាគច្រើន លោក​សង្កេតឃើញថា ទំនិញ​ទាំងនោះ មិន​ត្រូវបាន​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​កោះកុង មន្ត្រី​កាំកុងត្រូល​ខេត្ត​កោះកុង និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត​ចុះ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ទាំងនោះ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។


​ភាព​អសកម្ម​ទាំងនេះ លោក ញៀប សំអឿន បាន​ទទូច​ដល់ លោក គុណ ញ៉ឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោក ម៉ក ពេជ្ជ​រិទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ជាពិសេស លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​ប្រចាំការ នៅ​ច្រក​ព្រំដែន​ចាំ​យាម ខេត្ត​កោះកុង ដើម្បី​ឲ្យ​ប្រាកដថា តើ​អាច​មាន​ជាប់​ពាក់ព័ន្ធ ការអនុញ្ញាត​នាំចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខូច​គុណភាព ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​ពី​ឈ្មួញ​ល្មើស​ដែរ​ឬ​យ៉ាងណា​?​។


​ចំណុច​នេះ លោក ញៀប សំអឿន មន្ត្រី​សមាគម​អាដហុក ក៏​បាន​អះអាង​ថា កន្លង​មក​ទំនិញ ដែល​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត​ធំៗ ចូល​តាម​ច្រកព្រំដែន​ចាំ​យាម មិនសូវ​ឃើញ​មាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ឈរ​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ​មួយ​នេះ ចុះ​ត្រួតពិនិត្យ​ទំនិញ​ទាំងនោះ​ឲ្យបាន​ជាប្រចាំ និង​ត្រឹមត្រូវ​ទេ ដោយ​ឃើញ​មន្ត្រី​ស្ថាប័ន​ខ្លះ បាន​ឈរ​ចាំ​ទទួលយក​ត្រឹម​សំណូក​លុយកាក់ ដែល​ឈ្មួញ ឬ​ពាណិជ្ជករ​មួយចំនួន​នោះ នាំយក​ទៅ​បង់​ជូន​ស្ថាប័ន​នី​មួយៗ ដែល​ឈរ​ប្រចាំថ្ងៃ នៅ​ច្រក​ទ្វារ​ចាំ​យាម ដោយ​មិន​បាន​ត្រួតពិនិត្យ​ទំនិញ ដែល​ដឹក​តាម​រទេះ ពិសេស​រថយន្ត​ធំៗ​ទាំងនោះ​ទេ​។

​ចំណែក ប្រជាពលរដ្ឋ​មួយចំនួន មាន​របរ​លក់ដូរ​ចំណីអាហារ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ច្រក​ចាំ​យាម ក៏​បានឲ្យ​ដឹង​ដែរថា មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​មន្ត្រី​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម គ្រប់​ស្ថាប័ន រួមមាន​៖ មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​នេះ និង​ប្រធាន​គ្រប់គ្រង​ច្រកទ្វារ​ចាំ​យាម​ជាដើម បាន​ត្រូវដង​ត្រូវផ្លែ​គ្នា​ជាមួយ​ឈ្មួញ ឬ​ពាណិជ្ជក​រទាំង​ខ្មែរ និង​ថៃ ដោយ​បាន​អនុញ្ញាត ឲ្យ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ឬ​សាច់​ស្រស់​ខូច​គុណភាព​ជា​ដើម តាម​ច្រក​ចាំ​យាម​ជា​បន្តបន្ទាប់​មក​នេះ​។​

​អ្នកយក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​កោះកុង មិនទាន់​អាច​ទាក់ទង លោក ងុ​យ ជៀង ប្រធាន​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ខេត្ត​កោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​សង្ស័យ ទៅលើ​បទ​ល្មើស​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូច​គុណភាព នាំចូល​ពី​ប្រទេស​ថៃ​ចូល​ម​កម្ពុជា តាម​ច្រកទ្វារ​ចាំ​យាម​បានទេ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​មករា ឆ្នាំ​២០១៨​។


​ទោះជា​បែប​នេះ​ក្តី មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លះ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម ខេត្ត​កោះកុង មាន​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ជា​ដើម បាន​បដិសេធន៍​ថា មិន​បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខូច​គុណភាព ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​ចាំ​យាម និង​ច្រក​ផ្សេងៗ នៃ​ខេត្ត​កោះកុង ដូច​ការចោទប្រកាន់​ទេ​។​


​យ៉ាងណា​ក៏ដោយ​ចុះ មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គមួ​យ​ចំនួន ប្រចាំ​ខេត្ត​កោះកុង បានឲ្យដឹងថា ពួកគេ​ពិតជា​ធ្លាប់​ទទួល​បណ្តឹង​ផ្ទាល់មាត់ ពី​ប្រជាពលរដ្ឋ ផ្តល់​ព័ត៌មាន​ជុំវិញ​សកម្មភាព របស់​ឈ្មួញ បាន​បន្ត​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​សាច់​ស្រស់​ខូចគុណភាព ត្រូវ​មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លះ នៃ​ខេត្ត​កោះកុង ពិសេស​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ចាំ​យាម បាន​បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល មក​កម្ពុជា តាម​ច្រក​ចាំ​យាម និង​តាម​ផ្លូវ​សមុទ្រ​ជាដើម​បាន​បន្ត​កើតមាន​ស្ទើ​ជា​រៀងរាល់ថ្ងៃ​។


​ទំនិញ​គេច​ពន្ធ​ទាំងនោះ​មានដូចជា​៖ ម៉ូតូ​សេរី​ទំនើបៗ សម្ភារៈ​សំណង់ សាច់​ស្រស់ ឬ​អាហារ​សមុទ្រ​ស្រស់ៗ គ្រឿងសម្អាង ភេសជ្ជៈ អាហារ​កំប៉ុង​គ្រប់​ប្រភេទ ដែល​ខូចគុណភាព ឬ​ជិត​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាពិសេស​គ្រឿង​អេឡិចត្រូ មាន​ទូរស័ព្ទដៃ អាយ​ផែត កុំព្យួទ័រ និង​ទិញ​ជាច្រើន​ប្រភេទ​ទៀត​។

​មន្ត្រី​សង្គម​ស៊ីវិល បាន​ដកស្រង់​សំដី ប្រជាពលរដ្ឋ​មក​បញ្ជាក់ថា រាល់​ការ​នាំចូល​ទំនិញ​ទាំង​គេចពន្ធ និង​ខូច គុណភាព​ភាគច្រើន នៅ​តាម​ច្រក​ព្រំដែន​កម្ពុជា​ថៃ ពិសេស​ច្រក​ចាំ​យាម ខេត្ត​កោះកុង​នេះ គឺ​មន្ត្រី​ស្ថាប័ន​ជំនាញ​មួយចំនួន ដែល​ឈរជើង​ប្រចាំការ នៅ​តាម​ច្រកព្រំដែន​នី​មួយៗ ជា​អ្នក​បើកដៃ ឲ្យ​នាំចូល ទំនិញ​ទាំងនោះ ជា​ថ្នូរ​ទទួលបាន​សំណូក​លុយកាក់​ពី​ឈ្មួញ​ជា​ប្រចាំ​ថ្ងៃ និង​ប្រចាំខែ ទើប​គ្មាន​សកម្មភាព​បង្ក្រាប ឬ​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភាព​នាពេលកន្ល​ង​មក​។

​បញ្ហា​នេះ​ដែរ អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់​ជិត ក៏​បាន​ស្នើ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់ជាតិ ឲ្យជួយ​បញ្ជូន​មន្ត្រី​ស្អាតស្អំ​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ប្រចាំការ នៅ​ច្រក​ទ្វារ​ចាំ​យាម​ខេត្ត​កោះកុង និង​ច្រក​ផ្សេងទៀត ដើម្បី​រកឲ្យឃើញ​ការពិត និង​ឈាន​ទៅ​ផ្តល់​យុត្តិធ៌ម​ជូន​អ្នកពាក់ព័ន្ធ​ឲ្យបាន​ឆាប់ ពិសេស​ឈានទៅ​ទប់ស្កាត់​អំពើ​ពុករលួយ ដែល​អាច​នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកា​ជាតិ​នា​ថ្ងៃ​អនាគត​។

​បញ្ហា​នេះ លោក អ៊ិន គង់​ជិត សង្ស័យថា សកម្មភាព​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខូច​គុណភាព នៅ​តាម​ច្រកទ្វារ​ចាំ​យាម និង​ច្រក​ផ្សេងៗ​មួយចំនួនទៀត បាន​ដោយ​រលូន ទំនងជា​ទាល់តែ​មាន​ការអនុញ្ញាត​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ទើប​ឈ្មួញ​ទាំងនោះ អាច​នាំ​ចូល​ទំនិញ​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​ចាំ​យាម និង​ច្រក​ផ្សេងៗ​ទៀត ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់​៕ ដែន សីមា

spot_img
×