Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ចាត់​មន្ត្រី​ក្រសួងការបរទេស អោយ​រៀបចំ​លិខិត​ឆ្លើយតប ទៅ​សេត​វិមាន​វិញ ដើម្បី​អរគុណ​លោក Donald Trump

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ លោក​ប្រធានាធិបតី Donald Trump ហើយនឹង​ចាត់​មន្ត្រី​ក្រសួងការបរទេស អោយ​រៀបចំ​លិខិត​ឆ្លើយតប ជា​ផ្លូវការ ទៅ​សេត​វិមាន​វិញ បន្ទាប់ពី​លោក Patrick Murphy បាន​នាំយក​នូវ​លិខិត​០២ របស់ លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក ផ្ញើជូន​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​កាលពី​រសៀល​នេះ លោក Patrick Murphy បាន​នាំយក​នូវ​លិខិត​០២ របស់ លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក ផ្ញើជូន​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​លិខិត​ទី​០១ ស្ដីអំពី​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែល​សហរដ្ឋអាមេរិក​មានបំណង​ពង្រឹង និង​ធ្វើអោយ​កាន់តែ​ប្រសើ​ឡើង នូវ​ទំនាក់ទំនង​ដែល​ប្រទេស​ទាំងពីរ មាន​ជា​យូរលង់​មកហើយ ដែល​ក្នុងនោះ គឺមាន​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា​ជាច្រើន​វិស័យ​។ ក្នុង​លិខិត​ពី​សេត​វិមាន​វ៉ា​យ​ហៅ​ស៍ ( White House) ដែល​ចុះហត្ថលេខា ដោយ​លោក​ប្រធានាធិបតី Donald Trump គឺ​បាន បញ្ជាក់​ច្បាស់​អំពី​ជំហរ​សហរដ្ឋអាមេរិក ដោយមាន​ការប្ដេជ្ញា​ខ្ពស់ ក្នុងការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​គោរព​អធិបតេយ្យភាព របស់​ប្រទេស​កម្ពុជា និង​មិនមាន​ការគាំទ្រ​អោយ មានការ​ផ្លាស់ប្តូរ​រប​ប នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ ជាពិសេស​ទៀត​នោះ គឺ​សហរដ្ឋអាមេរិក នឹង​ជួយ​ការពារ​អធិបតេយ្យភាព​កម្ពុជា​ផងដែរ ហើយ​សហរដ្ឋអាមេរិក នឹង​បន្ត​ជួយ​កម្ពុជា​អោយមាន ប្រ​ព័​ន្ឋ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រឹងមាំ​ប្រកបដោយ​តម្លាភាព ទប់ស្កាត់​ការលាង​លុយកខ្វក់ ដែល​ធ្វើអោយប៉ះពាល់ ដល់​ប្រទេសជាតិ ព្រមទាំង​ជំនួយ​បច្ចេកទេស​ជាច្រើន​ទៀត ដែល​កម្ពុជា​ត្រូវការ គឺ​សហរដ្ឋអាមេរិក​នឹង​ជួយ​ដើម្បី​ជំរុញ​មិត្តភាព និង​កិច្ចសហការ​អោយ​កាន់តែ​ល្អ​នឹង​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​កាន់តែខ្លាំង​។ ចំពោះ​លិខិត​ទី ២ គឺ​លោក​ប្រធានាធិបតី Donald Trump គោរព​អញ្ជើញ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន នៅលើ​ទឹកដី​សហរដ្ឋ​ក្នុង​ឆមាស​ទី​១​ក្នង​ឆ្នាំ ២០២០ ខាងមុខនេះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់លោក​ប្រធានាធិបតី Donald Trump ហើយ សម្តេច​តេ​ជោ បានចាត់ទុក​ថា​ជា​កិច្ចប្រជុំ​ដ៏​សំខាន់​ដែល​អាស៊ាន និង​សហរដ្ឋអាមេរិក​មាន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ផលប្រយោជន៍​ទាំងសងខាង​រវាង​អាមេរិក និង​អាស៊ាន​។ សម្ដេច​តេ​ជោ នឹង​ពិភាក្សា​ជាមួយនឹង​ប្រមុខ​ដឹកនាំ ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត ក្នុងការ​គាំទ្រ​អាមេរិក និង​អាស៊ាន ដើម្បី​ធ្វើយ៉ាងណា​អោយ​កិច្ចប្រជុំ​កំពូល​នេះ អោយបាន​ល្អប្រសើរ​។ ហើយ​សម្តេច​គិតថា នេះ​ជា​យុទ្ធសាស្ត្រ ធ្វើអោយ អាស៊ាន​-​សហរដ្ឋអាមេរិក កាន់តែ​ជិត​ស្និ​ទ្ឋ បន្ត​មាន​ភាព​រីកចម្រើន និង​ផ្ដល់​ផលប្រយោជន៍​អោយ​គ្នា​ទៅវិញទៅមក កាន់តែ​ច្រើនឡើង​។

​នៅក្នុង​ជំនួប​នេះ​ផងដែរ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក៏បាន​ចូលរួម​រំលែក​នូវ​ព្រះ​មរណទុក្ខ ចំពោះ​ការយាង​សោយ​ទិវង្គត​របស់ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទី​វី ដែល​ព្រះអង្គ បាន​ចូលរួម​លើកស្ទួយ​វិស័យ​វប្បធម៌​ជាច្រើន របស់​ប្រទេស​កម្ពុជា​នោះ ហើយ​បាន​យាង​សោយ​ទិវង្គត កាលពី​ថ្ងៃទី​១៨ វិច្ឆិកា​កន្លងទៅនេះ​។

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​សហរដ្ឋអាមេរិក ដែល​បាន​គាំទ្រ​ប្រទេស​កម្ពុជា តាំងពី​កម្ពុជា​មិនទាន់ ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៥៣ មកម្ល៉េះ​។ នេះ​គឺ​បង្ហាញ​ពី​ចំណងមិត្តភាព និង​សហប្រតិ​បត្តិ​ការល្អ​ជាមួយ​គ្នា ដែលមាន​រយៈពេល​យូរលង់​មកហើយ​។ ទន្ទឹមនឹង​នេះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក៏បាន​អរគុណ​ដល់​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដែល​បាន​នាំយក​លិខិត ២​ច្បាប់​របស់លោក​ប្រធានាធិបតី Donald Trump ទាក់ទង​ទៅនឹង​ទាក់ទង​ទៅនឹង ការបង្កើន​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំងពីរ និង​លិខិតអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន ២០២០ ។ សម្តេច​តេ​ជោ បានបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា ក្នុងការ​បង្កើន​មិត្ត​ភាពល្អ ជាមួយ​សហរ​ដ្ធ​អាម​រិ​ក ហើយ​រីករាយ​នឹងចូលរួម​កិច្ចប្រជុំ​ពិសេស ដែល​រៀបចំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ក្រោយនេះ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ដល់ លោក​អគ្គរ​ដ្ធ​ទូត​អាមេរិក ដែល​បាន​ចូលរួម​រំលែក នូវ​ព្រះរាជ​មរណទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​ការយាង​សោយ​ទិវង្គត របស់​ព្រះរៀម នរោត្តម បុប្ផា​ទេវី ហើយ សម្តេច​តេ​ជោ ក៏​បាន​​អរគុណ​ដល់​លោក​ផងដែរ ដែល​កន្លងមក​បាន ចូលរួម​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា និង​ពិធីបុណ្យ​អុំទូក​អកអំបុក​កន្លងមកនេះ ហើយ​ទន្ទឹមនឹង​នោះដែរ គឺ​លោក​បានធ្វើ​ការងារ​ជា​បន្តបន្ទាប់ ជាមួយ​មន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លងមក ដូចជា​បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ សម្ដេច ពិជ័យ សេនា ទៀ បាញ់ និង​មន្ត្រី​ជាច្រើន​ទៀត ចាប់តាំងពី​ថ្នាក់​ក្រសួង រហូតដល់​ខេត្ត ដើម្បី​រិត​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​ជាមួយគ្នា​។ សម្តេច​តេ​ជោ ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ លោក​ប្រធានាធិបតី Donald Trump ហើយនឹង​ចាត់​មន្ត្រី​ក្រសួងការបរទេស អោយ​រៀបចំ លិខិត​ឆ្លើយតប​ជា​ផ្លូវការ ទៅ​សេត​វិ​មា​
​ន​វិញ នៅពេល​ឆាប់​នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×