Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ចង់អោយមាន “ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ​”

spot_img

​សម្ដេច​តេ​ជោ បានបញ្ជាក់​ប្រាប់ លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ថ្មី ប្រចាំ​នៅ​កម្ពុជា​ថា កម្ពុជា និង​កូរ៉េ​គឺ​នៅ មាន​សក្កា​នុព​ល​ជាច្រើន ដែល​យើង​អាច​សហការ​ជាមួយគ្នា ប៉ុន្តែ​សហប្រតិបត្តិការ​មួយ​ដ៏​សំខាន់ ដែល​សម្តេច​តេ​ជោ ចង់បាន​ឆាប់​បំផុត​នោះ គឺ​ចង់អោយមាន “ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ​” ដើម្បី​ធ្វើយ៉ាងណា បើក​ទីផ្សារ​នៅ​កូរ៉េ ឲ្យ​បាន​ច្រើន​សម្រាប់​ការនាំចេញ កសិផល​កម្ពុជា​ទៅកាន់​នោះ​។​

​នៅ​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជា​បន្តទៀត​ជាមួយ លោក​ផាក ហ៊ីង ឃ្យុ​ង​(Park Heung Kyeong) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ថ្មី ប្រចាំ​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ត្រូវបានតែងតាំង ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ អ្វីដែល​សំខាន់​នៅក្នុង​ជំនួប​នេះ ក្រោយពី​បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​រួចហើយ គឺមាន ១)​កិច្ចប្រជុំ​កុំ​ពូ​ល​រម្លឹក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-​កូរ៉េ និង ២)​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ ដែល​កន្លងមក​ភាគី​កូរ៉េ ក៏បាន​ទទួលយក​នូវ​គំនិត​ផ្តួចផ្តើម​នេះ ដែល​កាលពីមុន គឺមាន​ត្រឹមតែ​កម្រិតរ​ដ្ធ​មន្ត្រី​តែប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ គឺ​កម្រិត​ប្រមុខ​ដឹកនាំរ​ដ្ធា​ភិ​បាល​ចូលរួម​។ សម្ដេច​តេ​ជោ ហ៊ុន សែន ពិតជា​មាន​ក្តី​ស​មោ​នស្ស​រីករាយ​ដែល​ភាគី​កូរ៉េ ក៏ដូចជា​ប្រទេស​មេគង្គ​៤​ផ្សេងទៀត បានទទួល​យកគំនិត​ផ្តួចផ្តើម បង្កើន​កម្រិត​ប្រមុខ​ដឹកនាំ​ប្រទេស អោយបាន​ចូលរួម នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំងពីរ​ខាងលើនេះ នៅ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃអាទិត្យ ទី​២៤ វិច្ឆិកា នេះ​។

​ឆ្លៀត​ក្នុងឱកាស​នេះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ រំលឹក​ពី​ទំនាក់ទំនង​កូរ៉េ និង​កម្ពុជា ដែលមាន​រូប​សម្ដេច​ផ្ទាល់​ជា​ស្ថាបនិក នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដែល​មកដល់ពេលនេះ គឺមាន​ការរីកចម្រើន​យ៉ាងច្រើន​លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​ការងារ​សម្រាប់​ពលករ​ខ្មែរ​ជាង​៥​ម៉ឺន​នាក់ ដែល​កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​នាបច្ចុប្បន្ន ដែល​នាំមក​នូវ​ប្រាក់ចំណូល​រាប់រយ​លាន​ដុល្លារ​មក​កម្ពុជា​។ សម្ដេច​តេ​ជោ គ្រោង​នឹង​ជួប​ជាមួយ​បងប្អូន​ពលករ​ខ្មែរ​នៅ​កូរ៉េ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ខាងមុខនេះ​។

​លោក Park Heung Kyeong ឯកអគ្គរដ្ឋទូត​កូរ៉េ ក៏បាន​អរគុណ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយ​បាន​បញ្ជាក់ជូន​សម្ដេច​តេ​ជោ ថា ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី លោក​នឹង​បន្តធ្វើ​យ៉ាងណា ឲ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី បន្ត​មាន​ភាព​រីកចម្រើន​ថែមទៀត ជាពិសេស​នឹង​ជំរុញ​ធ្វើយ៉ាងណា អោយ​បន្ត​លើ​ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ ដូចជា​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​។ ពាក់ព័ន្ធ​នឹង​ការដំឡើង​កម្រិត នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ កូរ៉េ ឲ្យ​ទៅជា​កម្រិត​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​មេគង្គ​កូរ៉េ​នោះ អគ្គរដ្ឋទូត​ក៏បាន​កោតសរសើរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នូវ​គំនិត​ផ្តួចផ្តើម​ដ៏​ឈ្លាសវៃ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​។

​នៅក្នុង​កិច្ច​ពិភាក្សាគ្នា​នេះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​កូរ៉េ​ដែល​បាន​ជួយ​ដល់​កម្ពុជា រួមទាំង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ ដែល​នឹង​ផ្ដល់ជំនួយ​១០​លាន​ដុល្លារ ដល់​វិស័យ​ដោះមីន​នៅ​កម្ពុជា​។ សម្ដេច​តេ​ជោ បានបញ្ជាក់​ផងដែរ​ថា​កម្ពុជា និង​កូរ៉េ គឺ​នៅមាន​សក្កា​នុព​ល​ជាច្រើន ដែល​យើង​អាច​សហការ​ជាមួយគ្នា​បាន​។ ប៉ុន្តែ​សហប្រតិបត្តិការ​មួយ​ដ៏​សំខាន់ ដែល​សម្តេច​តេ​ជោ ចង់បាន​ឆាប់​បំផុត​នោះ គឺ​ចង់អោយមាន “ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ​” ដើម្បី​ធ្វើយ៉ាងណា បើក​ទីផ្សារ​នៅ​កូរ៉េ ឲ្យ​បាន​ច្រើន​សម្រាប់​ការនាំចេញ កសិផល​កម្ពុជា​ទៅកាន់​នោះ​។ សម្តេច​តេ​ជោ បាន​ជូនពរ​អោយ លោក​ឯកអគ្គរ​ដ្ធ​ទូត Park Heung Kyeong ទទួលបាន​ជោគជ័យ នៅក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×