Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាមេរិក ​GE មានបំណង​ចូលរួម ក្នុង​វិស័យ​ថាមពល​នៅ​កម្ពុជា ដើម្បី​រួមវិភាគទាន​លើ​ការខ្វះខាត​អគ្គីសនី​

spot_img

(​ភ្នំពេញ​)៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ថា ក្រុមហ៊ុន​អាមេរិក​ជី​អ៊ី (GE) ដែលជា​ក្រុមហ៊ុន​អាមេរិក​ដ៏​ធំ​មួយ មានបំណង​ចង់​ចូលរួម ក្នុង​វិស័យ​ថាមពល​នៅ​កម្ពុជា ដើម្បី​រួមវិភាគទាន​លើ​ការខ្វះខាត​អគ្គីសនី​។​

​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នា​ទីស្តីការក្រសួង លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប លោកប៉ា​ទ្រី​ក មើ​ហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​។​

​ក្នុងជំនួប​នេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ បាន​ជម្រាបជូន​ថា នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​អនុស្សរណៈ​ជាមួយ​អង្គការ​ការងារ​អន្តរជាតិ (ILO) និង​សមាគម​រោងចក្រ កាត់ដេរ​នៅ​កម្ពុជា ស្ដីពី កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​បន្ត​លើកកម្ពស់​លក្ខខណ្ឌ​ការងារ ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ ដែល​ទទួលស្គាល់​ស្តង់ដារ​ការងារ​ជា​អន្តរជាតិ​។​

​លោក​ថា ការអនុវត្ត​គម្រោង​រោងចក្រ កាន់តែ​ប្រសើរ​នៅ​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ហើយ​ក៏បាន​ទាក់ទាញ​វិនិយោគទុន បង្កើត​ការងារ និង​ប្រាក់ចំណូល​សម្រាប់​កម្មក​រ​-​កម្មការិនី ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​។​
​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​សម្ដែង​ការសរសើរ ចំពោះ​ការចូលរួម​លើ​ការ ពង្រឹង​ស្ដង់ដារ​ការងារ​ដោយ​ក្រុមហ៊ុន​អាមេរិក ដែល​បាន​វិនិយោគទុន​នៅ​កម្ពុជា ហើយក៏​សំណូមពរ​ឲ្យ​មានការ​កៀរគរ វិនិយោគទុន​បន្ថែមទៀត លើ​វិស័យ​ដែល​បង្កើត​តម្លៃ និង​ជំនាញ​បន្ថែម​ដូចជា កែច្នៃ​កសិផល កែច្នៃ​ត្បូង​ពេជ្រ កម្មន្ដសាល​ធន់​ស្រាល អេឡិចត្រូនិក -​ល​-​។​

​ជា​កិច្ច​ឆ្លើយតប លោក ប៉ា​ទ្រី​ក មើ​ហ្វី បាន​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ការងារ​របស់​កម្ពុជា ដោយ​យល់ថា ការរក្សាបាន និង​លើកកម្ពស់​បន្ថែមទៀត នៃ​ស្ដង់ដារ​ការងារ​នៅ​កម្ពុជា ក៏​ពង្រឹង​កិត្តិនាម​របស់​កម្ពុជា ក្នុងការ​ទាក់ទាញ​វិនិយោគទុន​បន្ថែមទៀត​។​

លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ឯកភាព​លើ​ការចូលរួម​វិភាគទាន របស់​ក្រុមហ៊ុន​អាមេរិក​ក្នុង​វិស័យនេះ ក៏ដូចជា​បង្កើត​ការងារ និង​បណ្ដុះបណ្ដាល​ជំនាញ​ជូន​ពលករ​កម្ពុជា​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ថ្លែងថា ក្នុង​រយៈពេល​ដ៏​ខ្លី​ដែល​លោក បានមក​បំពេញបេសកកម្ម​នៅ​កម្ពុជា លោក​យល់ឃើញថា សហគ្រាស​ធុន​តូច និង​មធ្យម ជា​ចលករ​មួយ​ដ៏​សំខាន់ នៅក្នុង​សេដ្ឋកិច្ចកម្ពុជា​។​

​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ស្ថានទូត​អាមេរិក នឹង​រៀបចំ​វេទិកា​ស្ដីពី​ក​សិ​-​ឧស្សាហកម្ម នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ហើយនឹង​អញ្ជើញ​ក្រសួងពាណិជ្ជកម្ម​ចូលរួម​ក្នុង​វេទិកា​នេះ​។​

ក្រៅពីនេះទៀត លោក​ក៏បាន​ជម្រាប​ថា ក្រុមហ៊ុន​អាមេរិក​ជី​អ៊ី (GE) ក៏មាន​បំណង​ចូលរួម​ក្នុង​វិស័យ​ថាមពល ដើម្បី​រួមវិភាគទាន​លើ​ការខ្វះខាត​អគ្គីសនី​នៅ​កម្ពុជា​។​

លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​អាមេរិក និង​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​ដំណើរការ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​លើក​កិច្ច​ប្រឈម​នានា ដើម្បី​រាជរដ្ឋាភិបាល​ដោះស្រាយ​ជូន​បាន​ទាន់ពេលវេលា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×