ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា គាត់បានជួយសង្រ្គោះទីក្រុងហុងកុងពីការកម្ទេច តាមរយៈការបញ្ចុះបញ្ចូលប្រធានាធិបតីចិន ស៊ី ជីនពីងឲ្យពន្យាពេលបញ្ជូនទ័ព ដើម្បីទៅកម្ទេចចលនាប្រជាធិបតេយ្យ។
“ប្រសិនជាមិនមែនដើម្បីខ្ញុំទេ ទីក្រុងហុងកុងប្រហែលជានឹងត្រូវកម្ទេចក្នុងរយៈពេល ១៤នាទី”។ នេះជាការលើកឡើងរបស់លោក នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងកាសែត Fox News។
ការថ្លែងរបស់លោកកើតឡើង ខណៈពេលដែលគាត់ពិចារណាលើការចុះហត្ថលេខាលើច្បាប់សិទ្ធិមនុស្ស ដែលគាំទ្រដល់សកម្មជនប្រជាធិបតេយ្យនៅហុងកុង។
នៅពេលសួរថា តើលោកនឹងវេតូលើច្បាប់នោះឬយ៉ាងណា លោកបានឆ្លើយបញ្ឆិតបញ្ឆៀង។
លោកនិយាយថា “ខ្ញុំនឹងប្រាប់អ្នកថា ពួកយើងត្រូវតែឈរនៅជាមួយនឹងហុងកុង ប៉ុន្តែខ្ញុំក៏ឈរនៅជាមួយនឹងប្រធានាធិបតី ស៊ីផងដែរ។ គាត់គឺជាមិត្តរបស់ខ្ញុំ គាត់គឺជាមនុស្សអស្ចារ្យ”។
លោកត្រាំបានបញ្ជាក់ថា ទំនាក់ទំនងរបស់លោកជាមួយនឹងប្រធានាធិបតីចិន គឺរារាំងមិនឲ្យចិនបញ្ជូនទ័ពប្រឆាំងនឹងការផ្ទុះការតវ៉ាដែលកំពុងតែញាំញីហុងកុង។
លោកបន្ថែមថា “ទាហ៊ានរាប់លាននាក់នៅខាងក្រៅហុងកុង មិនធ្វើដំណើរទៅដោយសារតែខ្ញុំស្នើគាត់ (ស៊ី ជីនពីង)ថា សូមកុំធ្វើដូច្នេះ។ អ្នកនឹងប្រព្រឹត្តិកំហុសធំ ហើយវានឹងប៉ះពាល់ខ្លាំងទៅដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម”។
លោកបានទទួលស្គាល់ថា ភាពតានតឹងនៅហុងកុងធ្វើឲ្យមានការស្មុគស្មាញ ដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងទីក្រុងប៉េកាំង។
សូមបញ្ជាក់ថា ទីក្រុងហុងកុង បានត្រូវញាំញីដោយបាតុកម្មអស់រយៈពេលជាង ៥ខែមកហើយ ដែលការផ្ទុះបាតុកម្មដំបូងកើតឡើងដោយសារតែ ច្បាប់ធ្វើបត្យាប័នដែលមានការអនុញ្ញាត ឲ្យមានការបញ្ជូលជនសង្ស័យទៅធ្វើការកាត់ទោសនៅចិនបាន។
ទោះបីច្បាប់នេះ ត្រូវបានមេដឹកនាំហុងកុង គឺអ្នកស្រី Carrie Lam ប្រកាសបោះបង់ចោលក្តី ក៏ក្រុមបាតុករនៅមិនទាន់សុខចិត្ត ព្រោះពួកគេនៅទាមទារឲ្យរដ្ឋាភិបាលអនុវត្តចំណុចមួយចំនួនទៀត។
ហុងកុង ត្រូវបានអង់គ្លេសប្រគល់ឲ្យចិនកានកាប់វិញក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia