ឧត្តរមានជ័យ ៖ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ថា មនុស្ស២នាក់បានស្លាប់ នៅក្នុងរថយន្ត ពេលពួកគេទាំងពីរនាក់ ផឹកស៊ីស្រវឹង បើករថយន្តម៉ាកតូយ៉ូតា កាមរី ក្រឡាប់ធ្នាក់ចូលក្នុងប្រឡាយទឹក កាលពីពីយប់ថ្ងៃទី២៣វិច្ឆិកា។ សមត្ថកិច្ចបានបញ្ជាក់បានថា គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង មិនប៉ះពាល់របស់អ្នកដទៃនោះទេ ។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់នេះកើតឡើងតាំងពីយប់ថ្ងៃទី 23 វិច្ឆិកា រហូតដល់ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ត្រង់ចំណុច ភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ និត សំអាង អាយុ៣១ឆ្នាំ រស់នៅ ភូមិពុរ សង្កាត់សំរោង និងឈ្មោះឈុន ឆក រស់នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ។ ករណីបុរសទាំងពីរនាក់ខាងលើស្លាប់នោះ កម្លាំងសមត្ថកិច្ចជំនាញ សហការគ្រូពេទ្យ បានចុះត្រួតពិនិត្យ ធ្វើកោសល្យវិច័យ និងធ្វើការវាស់វែងកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា ទំនងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងខ្វះការប្រុងប្រយ័ត្ន បាត់ម្ចាស់ការ ក្នុងការគ្រប់គ្រងរថយន្ត ទើបបណ្ដាលឱ្យរេចង្កូត ធ្លាក់ចូលក្នុងប្រឡាយទឹក លង់ស្លាប់៕ ដោយ៖បញ្ញាស័ក្តិ