Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ស្នើសុំ​ឲ្យ​ភាគី​កូរ៉េ ពិនិត្យ​លទ្ធភាព​ជួយ​បង្កើនការបញ្ជាទិញ​ទំនិញ​បន្ថែម​ពី​កម្ពុជា​

spot_img

​ប៊ូសាន​, កូរ៉េ ៖ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ស្នើសុំ​ឲ្យ​ភាគី​កូរ៉េ ពិនិត្យ​លទ្ធភាព​ជួយ​បង្កើនការបញ្ជាទិញ​ទំនិញ​បន្ថែម​ពី​កម្ពុជា ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​កូរ៉េ មក​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា។​

ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ៣០​ឆ្នាំ នៃ​ទំនាក់ទំនង​អាស៊ាន​-​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ ពីថ្ងៃ​ទី​២៥-២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោកស្រី យូ ម្យុ​ង​ហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ ដោយបាន​ពិភាក្សា លើ​ស្ថានភាព​វិ​វ​ឌ្ឍ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពិភពលោក ក៏ដូចជា​បញ្ហា​ស្តីពី​កិច្ចព្រមព្រៀង​អា​សិប​។ ក្នុងជំនួប​ពិភាក្សា​នេះ​លោក​រដ្ឋមន្ត្រី បាន​ផ្តោត​ការពិភាក្សា​សំខាន់ លើ​លទ្ធភាព​ក្នុងការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ ដោយបាន​ស្នើសុំ​ឲ្យ​ភាគី​កូរ៉េ​ពិនិត្យ​លទ្ធភាព ជួយ​បង្កើន​ការបញ្ជា​ទិញ​ទំនិញ​បន្ថែម​ពី​កម្ពុជា ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​កូរ៉េ មក​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​។​

​បន្ទាប់ពី​ជំនួប​ទ្វេភាគី រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ចុះហត្ថលេខា លើ​សេចក្តីថ្លែងការណ៍​រួម ស្តីពី​ការចាប់ផ្តើម​ការសិក្សា​លទ្ធភាព ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ទ្វេភាគី កម្ពុជា​-​កូរ៉េ ដែល​តាម​ការរំពឹងទុក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ នឹង​ជួយ​ពង្រឹង​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​បន្ថែមទៀត ព្រមទាំង​បង្កើត​ឱកាស​ការងារ​ក្នុងស្រុក ការនាំចេញ​ទំនិញ និង​សេវា និង​ពង្រីក​វិនិយោគ​បន្ថែម ដែល​នឹងចូលរួម​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ បាន​កើន​ឡើងជា​លំដាប់ គឺមាន​ទំហំ​ប្រមាណ ៧៥៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​កើនឡើង​ប្រមាណ​១៤,៦៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ទំនិញ​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា​ទៅ​កូរ៉េ រួមមាន អាវយឺត សម្លៀកបំពាក់ ផ្នែក​គ្រឿង​អេឡិចត្រូនិក ស្បែកជើង វ៉ា​លី តង់ និង​កៅស៊ូ​ធម្មជាតិ ។​ល​។ ទំនិញ​នាំចូល​សំខាន់​របស់​កម្ពុជា​ពី​កូរ៉េ រួមមាន រថយន្ត ក្រណាត់ ទឹករ៉ែ​ធម្មជាតិ គ្រឿង​អេឡិចត្រូនិក គ្រឿងចក្រ និង​ផលិតផល​ថែរក្សា​សម្រស់ ។​ល​។​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×