Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយឲ្យ​មានដំណើរ​ការ​រលូន​

spot_img

ខេត្ត​ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ ស្តីពី​ការ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ដើម្បី​ឲ្យ​មានដំណើរ​ការ​រលូន និង​មាន​ប្រសិទ្ធភាព​យូរអង្វែង​។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ លោក គង់ វិ​តាណ​: អភិបាលរង​ខេត្ត​ព្រះសីហនុ នា​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​អភិបាលរងក្រុង ស្រុក អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ព្រះសីហនុ​ផង​។​

​នាឱកាស​នោះ លោក គង់ វិ​តាណ​: មានប្រសាសន៍ថា តាម​គោលនយោបាយ​ជាតិ ស្តីពី​ជម្រុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ​២០១៦ -២០២៦ ដើម្បី​រុញច្រាន​ផលិតផល របស់​ប្រទេសជាតិ ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន គឺ​ត្រូវ​បង្កើន​យន្តការ​រុញច្រាន​សេដ្ឋកិច្ចកម្ពុជា ឲ្យ​ឈាន​ទៅមុខ​លើ​វិស័យ​មួយចំនួន មានដូចជា​៖ វិស័យ​កសិកម្ម , ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន​។​

​លោក គង់ វិ​តាណ​: អភិបាលរង​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា ថ្នាក់ដឹកនាំ​នៅតាម​ក្រុង ស្រុក និង​ឃុំ សង្កាត់​នីមួយៗ នា​ខេត្ត​ព្រះសីហនុ ត្រូវ​បង្កើន​ចលនា​ប្រជាពលរដ្ឋ ដោយ​ត្រូវ​ជម្រុញ​ញ​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ផលិត នូវ​វត្ថុធាតុដើម​, ការកែច្នៃ​វត្ថុ​អនុស្សាវរីយ៍ ដើម្បី​នាំយកមក​ដាក់លក់​នៅលើ​ទីផ្សារ​នានា ក្នុង​ខេត្ត ព្រះសីហនុ ដែល​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផលិត​បាន​។

​លោក វិ​តាណៈ បន្តថា ចលនា​ភូមិ​មួយ ផលិតផល​មួយ មាន​ចរិត​ជាការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ និង​ការអភិវឌ្ឍ​ចម្រុះ​នៅតាម​សហគមន៍ ដែល​ចលនា​នេះ មាន​ដើមកំណើត​នៅ​ខេត្ត អយ​តា ប្រទេស​ជប៉ុន​នា​ទស្សវត្ស​រ៍ ឆ្នាំ​១៩៧០ ត្រូវបាន​ប្រទេស​កំពុង​អភិវឌ្ឍ បាន​យកទៅអនុវត្ត ដោយ​ប្រែក្លាយជា​ចលនា​សកល ស្របតាម​ភូមិសាស្ត្រ​សេដ្ឋកិច្ច នយោបាយ និង​សង្គម ដោយ ពឹង​ផ្អែកលើ​គោលការណ៍​គ្រឹះ​សំខាន់ៗ​មួយចំនួន​រួមមាន​៖

១- គិត​ជាស​កល ដោយ​ធ្វើតាម​មូលដ្ឋាន សំដៅលើ​គំនិត​ផ្សាភ្ជាប់​ជាមួយ​វប្បធម៌ ប្រពៃណី​តាម​មូលដ្ឋាន បង្កើត​ផលិតផល​រក​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

២- ពឹង​ផ្អែកលើ​ខ្លួនឯង ដោយ​ការច្នៃប្រឌិត​រស់​រវើក ហើយ​រដ្ឋបាល​មូល ដ្ឋា​ន​មាន​ភារកិច្ច​សម្របសម្រួល​ផ្នែក​បច្ចេកទេស និង​ទីផ្សារ​។​

៣- ជម្រុញ​ការអភិវឌ្ឍ​ធនធានមនុស្ស ចាំបាច់​ក្នុងការ​អភិវឌ្ឍ​សហគមន៍​មួយ ឆ្លើយតប​ប្រកប ដោយ​ការកែច្នៃ​ប្រឌិត​រស់​រវើក​។​

​លោក គង់ វិ​តាណៈ បញ្ជាក់ថា គំនិត នៃ​កាំរ​ជម្រុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ឬ​ផលិតផល​នៅតាម​តំបន់ ក៏បាន​ឆ្លុះបញ្ចាំង​ពី​លក្ខណៈ​វប្បធម៌ ប្រពៃណី​តាមបែប​បុរាណ និង​តាមបែប​សម័យ​ទំនើប ដែល​ផ្តល់នូវ​កិត្យានុភាព និង​មោទនភាព ចំពោះ​ភូមិឋាន ដោយ​ពង្រឹង ពង្រីក​បរិមាណ គុណភាព និង​សោភ័ណភាព បង្កើន​តម្លៃបន្ថែម ជួយ​បង្កើន​ប្រាក់ ចំណូល​ប្រចាំ​គ្រួសារ​។ ក្នុងនោះ ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល បាន​ផ្តោតលើ​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ខាងមុខ និង​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង សំដៅ​ជម្រុញ​ដល់​ការអភិវឌ្ឍ​ផលិតកម្ម ជា​ទំនិញ និង​សេវាកម្ម​នានា នៅតាម​ភូមិឋាន ឬ​សហគមន៍​ទូទាំង​ខេត្ត​ព្រះសីហនុ ដើម្បី​ធានា​ដល់​ការចូលរួម​លើ​ការងារ​អភិវឌ្ឍន៍​ប្រទេសជាតិ ប្រកបដោយ​ចីរភាព​លើ​គ្រប់​វិស័យ រួមមាន​៖ សេដ្ឋកិច្ច បរិស្ថាន និង​សង្គម ក្នុង​កម្រិត​ភូមិឋាន សហគមន៍ ប្រទេសជាតិ និង​សកលលោក​៕ ដោយ​៖ ដែន សីមា​

spot_img
×