Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ សន្យាថា​នឹង​បន្ត​ជួយ​កម្ពុជា ក្នុងការ​លើកកម្ពស់​ប​ញ្ហា​សុវត្ថិភាព និង​សុខភាព​ការងារ ដល់​កម្មករនិយោជិត នៅតាម​រោងចក្រ​

spot_img

​ភ្នំពេញ​៖ គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​សុខភាព និង​សុវត្ថិភាព​ការងារ​កូរ៉េ (KOSHA)​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ប្រមូល​ព័ត៌មាន​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ និង​សន្យាថា​នឹង​បន្ត​ជួយ​កម្ពុជា​ក្នុងការ​លើកកម្ពស់​បញ្ហា​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​កម្មករនិយោជិត នៅតាម​រោងចក្រ​សហគ្រាស​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត និង​ក៏​ដើម្បី​បង្ហាញ​នូវ​ការគាំទ្រ​ដល់​គម្រោង​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោកស្រី Heaeun CHOI អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ ក្រសួង​ការងារ​នៃ​សាធារណៈរដ្ឋ​កូរ៉េ បាន​ជួបពិភាក្សា​ការងារ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​។​

​លោក​អ៊ិត សំហេង បានបង្ហាញ​ការស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ លើ​គ្រប់​វិស័យ​រវាង រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កម្ពុជា ក៏ដូចជា​សាធារណរដ្ឋ​កូរ៉េ សំដៅ​លើកកម្ពស់​សុវត្ថិ​ភាព និង​សុខុមាលភាព​របស់​ពល​ករ​នៃ​ប្រទេស​ទាំងពីរ ក្រោម​គម្រោង​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដែល​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ច្បាប់ និង​បទដ្ឋាន​នានា ក្នុង​គោលដៅ​ពង្រឹង​នូវ​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នេះដែរ លោក​រដ្ឋមន្ត្រី បានស្នើ​ដល់​ភាគី​កូរ៉េ​ជួយ​ព​ន្លឿ​ន​ការអនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ច្បាប់​ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កម្ពុជា ឲ្យ​រួចរាល់​នៅក្នុង​ឆ្នាំ​២០២៣ ខាងមុខនេះ ដើ​ម្ប​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ការងារ ជំងឺ វិជ្ជាជីវៈ របស់​កម្មករនិយោជិត​នៅ​កន្លែងធ្វើការ ដែល​ច្បាប់​នេះ​បាន​ប្រើប្រាស់​នៅក្នុង​តំបន់​អាស៊ាន​រួចមកហើយ​ដែរ លើកលែងតែ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​ប៉ុណ្ណោះ ដែល​មិនទាន់​មានច្បាប់​នេះ​នៅឡើយ​។​

​លោក អ៊ិត សំហេង បញ្ជាក់​បន្ថែមថា ការរៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​បានកំណត់​នៅក្នុង​កម្មវិធី​ទី​១​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​២ ឆ្នាំ​២០១៩-២០២៣ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​រួមចំណែក​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​ការយកចិត្ត​ទុកដាក់​លើ​សុខមាលភាព និង​សុវត្ថិភាព​ការងារ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះ​បងប្អូន​កម្មករនិយោជិត​។ ជាងនេះទៅទៀត ការរៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព​ការងារ​នឹង​រួមចំណែក​ក្នុងការ​កែលម្អ​ក្របខ័ណ្ឌ​ច្បាប់ បំពេញ​ការខ្វះខាត​លិខិតបទដ្ឋាន​គតិយុត្ត​ក្នុង​វិស័យនេះ ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​សហគ្រាស គ្រឹះស្ថាន ការកាត់បន្ថយ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ ដែល​រួមចំណែក​យ៉ាងសំខាន់​ដល់​វឌ្ឍនភាព និង​ពិពិធ​កម្ម​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា ព្រមទាំង​ការប្រកួតប្រជែង​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​ជាការ​ឆ្លើយតប លោកស្រី Heaeun CHOI បញ្ជាក់ថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​កំពុងតែ​រៀបចំ​ច្បាប់ គតិយុត្តិ និង​ចុះ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ធានាថា ក្រោយពី​ច្បាប់​នេះ​ត្រូវ​បានដាក់​ឲ្យ​អនុវត្ដ គឺ​ទទួល​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​ផ្ដល់​ផលប្រយោជន៍​ដល់​កម្មករនិយោជិត​កាន់តែ​ប្រសើរឡើង​។​

​ទន្ទឹមនេះដែរ លោកស្រី Heaeun CHOI បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការងារ បាន​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ហើយ​ភាគី​កូរ៉េ​នឹង​បន្ត​គាំទ្រ​ដល់​ការលើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ​និយោជិត នៅតាម​រោងចក្រ សហគ្រាស រឹតតែ​ទទួលបាន​ភាពល្អប្រសើរ​បន្ថែមទៀត​។​

​សូមបញ្ជាក់​ផងដែរ​ថា ដោយមាន​ការស្នើសុំ​ពី​ភាគី​កម្ពុជា​លើ​ការរៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ KOSHA បាន​ឯកភាព​លើ​ការគាំទ្រ​ដល់​កម្ពុជា​ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​រៀបចំ​ដោយ​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​គម្រោង​សម្រាប់​រយៈពេល ៣​ឆ្នាំ (២០២១-២០២៣)​។ គម្រោង​នេះ​មាន​គោលបំណង​សិក្សា​ស្រាវជ្រាវ និង​ដំណើរ​ការរៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដែល​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​អ្នកអនុវត្ត​គម្រោង ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ក្រសួង​មុខ​របប និង​ការងារ និង​KOSHA​ដែល​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ២៧៧.៨៦៣​ដុល្លារ​អាមេរិក​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×