ភ្នំពេញ៖ បើតាមទំព័រហ្វេសប៊ុករបស់អង្គការ លីកាដូ បានផ្សាយព័ត៌មានថា ដើម្បីចូលរួមប្រារព្ធយុទ្ធនាការ ១៦ ថ្ងៃ ប្រឆាំងនឹងអំពើហឹង្សាលើស្ត្រី អង្គការ លីកាដូ ចេញផ្សាយកម្រងវីដេអូខ្លីៗ ស្តីពីស្ថានភាពរបស់ស្ត្រីមានផ្ទៃពោះ និងម្តាយជាមួយកូនតូច ដែលជាប់ក្នុងពន្ធនាគារនៅកម្ពុជា។
ជីវិតគឺពិតជាពិបាកខ្លាំងណាស់សម្រាប់អ្នកជាប់ឃុំក្នុងពន្ធនាគារ នៅប្រទេសកម្ពុជា។ ការរំលោភសិទ្ធិមនុស្សជាមូលដ្ឋានដូចជា កង្វះខាតនៃអាហារហូបចុក ទឹកស្អាត ពេលវេលានៅក្រៅបន្ទប់ឃុំឃាំង និងការការពារផ្លូវច្បាប់ ដែលកើតមានឡើងជាច្រើនករណី ហើយជីវិតពិតនៅក្នុងពន្ធនាគារគឺ ប្រសិនបើអ្នកជាប់ឃុំគ្មានប្រាក់បង់ទេ អ្នកទាំងនោះក៏មិនទទួលបានសារសំខាន់មូលដ្ឋានទាំងនេះផងដែរ។
បច្ចុប្បន្ននេះ មានអ្នកជាប់ឃុំជាង ២៩.០០០នាក់ នៅក្នុងពន្ធនាគារចំនួន១៨ ដែលអង្គការលីកាដូធ្វើការឃ្លាំមើល។ ពេលនេះ ចំនួនច្រើនលើសលប់នៃអ្នកជាប់ឃុំនៅក្នុងបន្ទប់ឃុំឃាំងគឺខ្ពស់ខ្លាំង មិនធ្លាប់មានពីមុនមកទេ នៅទូទាំងប្រទេសកម្ពុជា ដែលភាគច្រើនបណ្ដាលមកពីការប្រើប្រាស់នីតិវិធីឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការច្រើនហួសហេតុពេក។
អង្គការលីកាដូ សូមស្នើសុំដោយទទូចដល់អាជ្ញាធរកម្ពុជា សូមឱ្យអនុវត្តអនុសាសន៍មួយចំនួនដូចខាងក្រោម៖
• គ្រប់អ្នកជាប់ឃុំដែលមានសិទ្ធិគួរត្រូវបានសាកសួរថាតើ ពួកគាត់ចង់ស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នឬទេ ជាពិសេសករណីរបស់អ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា ស្រ្តីមានកូនតូចនៅជាមួយ និងអ្នកជាប់ឃុំជាអនីតិជនជាដើម។
• ធានាថា ការឃុំខ្លួនបណ្ដោះអាសន្ន គឺត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងជាជម្រើសចុងក្រោយ ដោយអនុលោមតាមគោលការណ៍សន្មតថាគ្មានទោស។
• ធានាថា មុនពេលចេញដីកាឃុំខ្លួនការគិតពិចារណា ឱ្យបានត្រឹមត្រូវពាក់ព័ន្ធនឹងកិច្ចការពារផ្នែកច្បាប់ ត្រូវបានផ្ដល់ឱ្យទៅគ្រប់កាលៈទេសៈនៃបុគ្គល ដែលត្រូវបានចោទប្រកាន់ទាំងអស់ ជាពិសេសករណីអ្នកជាប់ឃុំដែលងាយរងគ្រោះ។
• ធានាថា គ្រប់បុគ្គលដែលត្រូវបានចោទប្រកាន់ មានសិទ្ធិនិងកិច្ចការពារមុនពេលសវនាការ រួមមានសិទ្ធិទទួលបានការពារផ្លូវច្បាប់គ្រប់គ្រាន់ សិទ្ធិក្នុងការទទួលបានការជូនដំណឹងត្រឹមត្រូវនៃបទចោទប្រឆាំងនឹងពួកគាត់ និងការយល់ដឹងអំពីនីតិវិធីពាក់ព័ន្ធនឹងពាក្យស្នើសុំ និងការផ្ដល់សិទ្ធិឱ្យនៅក្រៅឃុំ និងសមត្ថភាពក្នុងការស្នើសុំសិទ្ធិនៅក្រៅឃុំនេះ ជាពិសេសករណីអ្នកជាប់ឃុំដែលងាយរងគ្រោះ។ ដំណើរការនីតិវិធីទាំងនេះ គួរត្រូវបានពន្យល់ឱ្យបានច្បាស់ និងអនុវត្តឱ្យបានទាន់ពេលវេលា។
• ផ្ដល់អាទិភាពសវនាការសុំនៅក្រៅឃុំ លើករណីរបស់អ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា ស្ត្រីមានផ្ទៃពោះ និងម្ដាយដែលមានកូនតូចនៅជាមួយ អ្នកជាប់ឃុំជាអនីតិជន និងអ្នកការពារសិទ្ធិមនុស្ស។ ដូច្នេះពួកគាត់មិនចាំបាច់ត្រូវឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការក្នុងរយៈពេលវែង និងដោយគ្មានពេលវេលាកំណត់ជាក់លាក់៕ដោយ៖កូឡាប