Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ត​អារាម​មាន​តួនាទី​ផ្តល់​ការអប់រំ​ផ្លូវចិត្ត ឲ្យ​មនុស្ស​អាចរស់នៅ​ជាមួយគ្នា​ដោយ​សេចក្តី​ស្ងប់​សុខ​

spot_img

ភ្នំពេញ ​៖ ​វត្ត​អារាម​មាន​តួនាទី​ផ្តល់​ការអប់រំ​ផ្លូវចិត្ត ឲ្យ​មនុស្ស​អាចរស់នៅ​ជាមួយគ្នា​ដោយ​សេចក្តី​ស្ងប់​សុខ​ខាង​ផ្លូវ​អារម្មណ៍ ជាឃ្លាំង​ផ្ទុក​នូវ​ចំណេះវិជ្ជា និង​ជា​ថ្នាល​នៃ​ការ​សាបព្រោះ​នូវ​ធនធានមនុស្ស យ៉ាង​សំបូរបែប ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​ការថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ថែមទៀត​ផង​ដែរ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ទីឃ​វន​ហៅ​វត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១៨ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គំនិត​ផ្តួចផ្តើម និង​កិច្ចខិតខំ​ប្រឹងប្រែង របស់​ព្រះគ្រូ​គ្រិន ជឿន ព្រះចៅអធិការ​វត្ត ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​រួបរួម​សាមគ្គី​គ្នា យ៉ាង​សស្រោកសស្រាំ ក្នុង​ការកសាង​សមិទ្ធផល​នានា វត្ត​ទីឃ​វន សម្រាប់​ទុក​ជា​ទី​សេ​នាសនៈ ដ៏​គាប់ប្រសើរ​ក្នុង​វិស័យ​ពុទ្ធ​សាសនា​។ លោក​បន្តថា កាយវិការ និង​សទ្ធ​ជ្រះថ្លាដ៏​ប្រពៃ​ថ្លៃថ្លា​នេះ ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្មារតី​ចែករំលែក និង​រួមចំណែក​ដ៏​ធំធេង ក្នុង​ការកសាង​សង្គម​មួយ ប្រកប​ដោយ​សុខសន្តិភាព សុខដុម​នីយកម្ម និង​ការអភិវឌ្ឍ​។​

​លោក​បន្តថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ នូវ​សុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួម​ជាតិ ប្រជាធិបតេយ្យ និង​មាន​ការបើក​ទូលាយ​ក្នុង​ប្រតិបត្តិការ​សាសនា ធ្វើឲ្យ​ពុទ្ធបរិស័​ទទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា រស់នៅ​យ៉ាង​សុខដុមរមនា ហើយ​សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត វត្ត​អារាម និង​កន្លែង​សក្ការៈបូជា​នានា ត្រូវបាន​កសាង​ឡើង​ជា​បន្តបន្ទាប់ គ្រប់ទិសទី​ពាល​ពេញ​ផ្ទៃ​ប្រទេស​។​

​បើ​តាម​លោក​អភិបាល​រាជធានី​ភ្នំពេញ វត្ត​អារាម និង​ព្រះពុទ្ធសាសនា មាន​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​សង្គម​ខ្មែរ​។ ជាងនេះទៅទៀត ការអប់រំ​តាម​បែប​ទស្សនវិជ្ជា​របស់​ព្រះពុទ្ធសាសនា ដែល​បាន​ធ្វើឡើង​តាមរយៈ​តួនាទី​របស់​ព្រះសង្ឃ ពិតជា​បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការលើកកម្ពស់​កា​រ​យល់ដឹង​អំពី​តម្លៃ​សីលធម៌ និង​ឥរិយាបថ​ក្នុងសង្គម ដែល​ពុទ្ធសាសនា​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី ដឹងខុសដឹងត្រូវ ដឹង​ល្អ​ដឹង​អាក្រក់ ដឹងថា​តើ​អ្វី​គួរ​ធ្វើ និង​អ្វី​មិន​គួរ​ធ្វើ​។ វត្ត​អារាម ប្រៀប​ដូចជា​ឃ្លាំង​ដ៏​មានតម្លៃ សម្រាប់​រក្សា​ទុក​នូវ​គម្ពីរ​សាស្ត្រ ក្បូន​ច្បាប់ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី​របស់​ជនជាតិ​ខ្មែរ ឲ្យ​គង់វង្ស​ស្ថិតស្ថេរ​រហូតមក​។ ដោយ​មើលឃើញ​អំពី​តួនាទី​ដ៏​សំខាន់​របស់​ព្រះពុទ្ធសាសនា និង​ព្រះសង្ឃ​នៅក្នុង​សង្គម​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដទៃទៀត ឲ្យ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​វិស័យនេះ តាមរយៈ​ការបើក​ទូលាយ និង​ជំរុញ​ឲ្យមាន​ការចែក​រំលែក រួមចំណែក​ជាមួយ​ព្រះសង្ឃ ពុទ្ធបរិស័ទ​បងប្អូន​ជនរួមជាតិ ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​សន្សំ​នូវ​សីល​ទាន​ផង និង​ដើម្បី​ចូលរួម​ជា​វិភាគទាន​ផង ក្នុង​ការកសាង​វត្ត​អារាម​ឡើងវិញ ក៏​ដូច​ជា​សមិទ្ធផល​នានា​សម្រាប់​បម្រើ​ដល់​វិស័យ​សាសនា ស្រប​ទៅ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​គ្រប់​វិស័យ​។​

​លោក​នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ដង្កោ បាន​ថ្លែងថា វត្ត​នេះ​កសាងឡើង​នៅក្នុង​ឆ្នាំ​១១០៨ ហើយ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ សំណង់​មួយ​ចំនួន​ត្រូវបាន​បំផ្លាញ​ចោល រីឯ​សំណង់​ដែល​នៅ​សេសសល់ មាន​សភាព​ទ្រុឌទ្រោម បែកបាក់​ស្ទើរ​ប្រើប្រាស់​មិន​កើត ប៉ុន្តែ​ក្រោម​គោលនយោបាយ​របស់​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា វត្ត​នេះ​ត្រូវបាន​បើ​កឲ្យប្រើប្រាស់​ឡើងវិញ ក្នុង​ឆ្នាំ​១៩៨០​។ ក្រោយ​ពី​ការបើក​ឲ្យ​ដំណើរការ​វត្ត​នេះ​ឡើងវិញ វត្ត​ព្រៃវែង មាន​ព្រះគ្រូ​ចៅអធិការ​ចំនួន​៣​អង្គ គឺ​ព្រះអង្គ​កាន ព្រះអង្គ​ឈុំ ឈុន និង​ព្រះអង្គ គ្រិន ជឿន ជា​ព្រះ​គ្រូវ​ចៅអធិការ​សព្វថ្ងៃ​។ វត្ត​ទីឃ​វន​ព្រៃវែង ស្ថិតនៅក្នុង​ភូមិ​ព្រៃវែង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​ទំហំ​៤៥.២២៥​ម៉ែត្រការ៉េ និង​មាន​ព្រះសង្ឃ​គង់​នៅ​ចំនួន​២៧​អង្គ​។ គិត​មកដល់ពេលនេះ វត្ត​ព្រៃវែង មាន​អាយុកាល​១.៤០៣​ឆ្នាំ​ហើយ​។ សមិទ្ធផល​នានា ដែល​ត្រូវ​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នា​ពេល​នេះ រួមមាន កុដិ​ទំហំ​១០​គុណ​១៥​ម៉ែត្រ កុដិ​ទំហំ​១០​គុណ​១៦​ម៉ែត្រ កុដិ​ទំហំ​៨​គុណ​៨​ម៉ែត្រ បណ្ណាល័យ​ទំហំ​១២​គុណ​១២​ម៉ែត្រ ខ្លោងទ្វារ​ចំនួន​៣ របង​ប្រវែង​៤៥០​ម៉ែត្រ ជួសជុល​ឧបដ្ឋានសាលា និង​ចាក់​បំពេញ​ទីធ្លា​វត្ត​។ ចំណាយ​ថវិកា​សរុប​ចំនួន ៤២០.៣៣០​ដុល្លារ ដែល​ថវិកា​ទាំងអស់​បាន​មក​ពី​សទ្ធា​ជ្រះថ្លា របស់​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​សប្បុរសជន​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស​តាមរយៈ​ការ​ចូល​បច្ច័យ​ដោយផ្ទាល់ និង​ពិធីបុណ្យ​ផ្សេង​៕ ដោយ​៖​កូឡាប​

spot_img
×