Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ ការងារ​គ្រប់គ្រង និង​អភិរក្ស​សត្វ​រមាំង នៅ​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម មាន​ត្រឹម តែ ១៧​ក្បាល​ប៉ុណ្ណោះ​

spot_img

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ចន្ទ ទី​២ ខែធ្នូ ឆ្នាំ​២០១៩ បានរៀបចំ «​ការផ្សព្វផ្សាយ​ស្តីពី​ការងារ​គ្រប់គ្រង និង​អភិរក្ស​សត្វ​រមាំង​នៅ​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម​»​ដល់​កងទ័ព​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៥ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

លោក​ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន តាមរយៈ​នាយកដ្ឋាន​ដី​សើម នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ជា​ស្ថាប័ន​ជំនាញ បាន​យក ចិត្ត​ទុកដាក់​ខ្ពស់ ដល់​កិច្ចការពារ​ធនធានធម្មជាតិ និង​បរិស្ថាន តាម រយៈ​ការកំណត់​តំបន់​សំខាន់ៗ​មួយចំនួន ទៅជា​តំបន់ការពារធម្មជាតិ របៀង​អភិរក្ស​ជីវៈចម្រុះ និង​តំបន់​ដែលមាន​សារៈសំខាន់​ជា​អន្តរជាតិ ហើយ​នាពេល​ថ្មីៗ​នេះ​យើង​បាន​កំពុងដំណើរការ ដាក់ បញ្ចូល​តំបន់ការពារធម្មជាតិ​មួយចំនួន ទៅជា​តំបន់​បេ​តិក​ភ័​ណ្ឌ​អាស៊ាន​ផងដែរ​។​

​លោក​បាន​បន្ថែមថា​តំបន់ ការពារ ទេសភាព​អាង​ត្រពាំងថ្ម​ដែល មាន​ភូមិសាស្ត្រ​ក្នុង​ខេត្តបន្ទាយមានជ័យ ដែលមាន​ព្រំប្រទល់ ជាប់​នឹង​ខេត្ត​ឧ​ត្ត​រ មានជ័យ ក្នុងការ​ទ្រទ្រង់​ដល់​ការរស់នៅ និង​បន្ត​ពូជ​របស់​ប្រភេទ​សត្វព្រៃ សំខាន់ៗ​ជាច្រើន ប្រភេទ​ជាពិសេស ប្រភេទ​សត្វ​រមាំង ដែលជា​ប្រភេទ​ថនិកសត្វ​ជិត​ផុត​ពូជ​បំផុត​លើ​ពិភពលោក​។

​លោក​រដ្ឋលេខាធិកា បាន​បន្តទៀតថា​៖ សត្វ​រមាំង​នេះ រស់នៅ​ចាប់ពី​ខែកក្កដា ដល់​ខែមករា នៅក្នុង​តំបន់​ព្រៃ​កូនខ្លែង ជា​តំបន់ សហគមន៍​ព្រៃឈើ​ជាប់​នឹង​ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​រស់នៅ​បន្ត​ពូជ​នៅក្នុង តំបន់ ការពារ​ទេសភាព​អាង​ត្រពាំងថ្ម​ចាប់ពី​ខែកុម្ភៈ ដល់ ខែមិថុនា ដែលជា​កន្លែង​មាន ប្រភពទឹក ចំណី អាហារ និង​ទីជម្រក​គ្រប់គ្រាន់​។ ក្នុងឱកាស​នេះ​លោក ស្រ៊ុន ដា​រិ​ទ្ធិ បាន​ជំរុញឱ្យមាន​ការចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជាពិសេស​ប្រភេទ​ថនិកសត្វ​ជិត​ផុត​ពូជ​នេះ ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សហគមន៍ និង​ប្រជាពលរដ្ឋ ជាពិសេស​ចូលរួម​ទប់ស្កាត់ បញ្ហា​កំពុង​ប្រឈម​នឹង​ការ​គម្រាមកំហែង លើ​ប្រភេទ​សត្វ​រមាំង តាមរយៈ​ការ​ប្រមាញ់ ការជួញដូរ ជាពិសេស​ការ​លួច​ទន្ទ្រាន កាន់កាប់​ដី​តំបន់​ការពារ​ទីជម្រក និង​បន្ត​ពូជ​ដ៏​សំខាន់​របស់​សត្វព្រៃ​ជិត​ផុត​ពូជ នៅលើ​សាកលលោក​។​

​សូមបញ្ជាក់ថា ចំនួន​សត្វ​រមាំង​នៅក្នុង និង​ជុំវិញ​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ បាន​កត់ត្រា​មាន​ចំនួន ៧០​ក្បាល ឆ្នាំ​២០០៣ មកដល់​ឆ្នាំ​២០១៩​នេះ មាន​ត្រឹម តែ ១៧​ក្បាល​ប៉ុណ្ណោះ ដែល​ចំនួន​នេះ ជា​ចំនួន​ដ៏​តិចតួច​បំផុត បើ​ប្រៀបធៀប​ជាមួយនឹង ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ​ផ្សេងទៀត ហេតុដូចនេះ ចាំបាច់​ត្រូវធ្វើ ការការពារ យ៉ាង​មុតមាំ ទាំង​នៅ​តំបន់​ជម្រក​បន្ត ពូជ កន្លែង រក​ចំណី និង​កន្លែង​រស់នៅ​បណ្តោះ អាសន្ន​របស់​វា​៕​ ដោយ ៖ កូឡាប

spot_img
×