Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការព្រមព្រៀង ដើម្បី​លើកកម្ពស់​ការបណ្ដុះបណ្ដាល​មុខជំនាញ​វិស្វកម្ម

spot_img

​ខេត្តស្វាយរៀងៈ នៅ​ព្រឹក​ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៩​នេះ សាកលវិទ្យាល័យ​ស្វាយរៀង និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការព្រមព្រៀង​(MOA) សម្រាប់​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​លើកកម្ពស់​ការអប់រំ​ផ្នែក វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​វិស្វកម្ម​និង​គណិតវិទ្យា (STEM) ក្រោម​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​មសិ​ក្សា​នៅ​កម្ពុជា ដែល​គាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល និង​ធនាគារពិភពលោក តាមរយៈ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។

ពិធី​នេះ​បាន​ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិត អ៊ុម រម្យ​ណី នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​លោក ទុំ សារា​វុ​ធ សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ស្វាយរៀង ហើយ​គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នឹង​ផ្តល់នូវ​ការគាំទ្រ​ផ្នែក​បច្ចេកទេស ដល់​សាកលវិទ្យាល័យ​ស្វាយរៀង ក្នុងការ​បង្កើត​ជំនាញ​វិស្វកម្ម​ថ្មី​ចំនួន​២ គឺ វិស្វកម្ម​មេកានិច និង វិស្វកម្ម​អេ​ឡិច​ត្រូ​និ​ច និង​ស្វ័យប្រវត្តិកម្ម តាមរយៈ​ការចែករំលែក នូវ​ចំណេះដឹង​របស់​អ្នកជំនាញ លើ​ការអភិវឌ្ឍន៍​កម្មវិធី​សិក្សា ការ​ដំណើរការ​បណ្ដុះបណ្ដាល និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស សម្រាប់​សាកលវិទ្យាល័យ​ស្វាយរៀង​។​

​លោក ទុំ សារា​វុ​ធ បាន​បញ្ជាក់ថា ការចុះ​កិច្ចព្រមព្រៀង​នេះ គឺ​ពិត​ជាមាន​សារសំខាន់ ក្នុងការ​ពង្រីក​ការកសាង​ធនធានមនុស្ស សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ចូលរួម​ឆ្លើយតប​ទៅនឹង​គោល នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា និង​ចូលរួម​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​បានកំណត់​ឆ្នាំ​២០៣០ ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ឲ្យ​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​។​

​លោក​បណ្ឌិត អ៊ុម រម្យ​ណី មានមតិ​ប្រកបដោយ​សុទិដ្ឋិនិយម​ថា តាមរយៈ​នៃ​កិច្ចព្រមព្រៀង​នេះ លោក​ជឿជាក់ថា នឹង​ទទួល​បានជា​ផ្លែផ្កា​នៅ​៥​ឆ្នាំក្រោយ តាមរយៈ​ការកសាង​ធនធានមនុស្ស​នៅនឹងកន្លែង​ប្រកបដោយ​សមត្ថភាព ព្រមទាំង​មាន​បរិមាណ​គ្រប់គ្រាន់ សម្រាប់​តម្រូវការ​ការ​ងារ​ប្រកបដោយ​សក្តានុពល នៃ​តំបន់​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ដែលមាន​តម្រូវការ​ធនធានមនុស្ស​យ៉ាងច្រើន​។​​សូមបញ្ជាក់ថា សាកលវិទ្យាល័យ​ស្វាយរៀង នឹង​បើក​ដំណើរការ​មុខជំនាញ​វិស្វកម្ម​មេកានិច នៅ​ឆ្នាំ​សិក្សា ២០២០-២០២១ និង​មុខជំនាញ​វិស្វកម្ម​អេ​ឡិច​ត្រូ​និ​ច និង​ស្វ័យប្រវត្តិកម្ម​នៅ​ឆ្នាំ​សិក្សា ២០២១-២០២២ ខាងមុខ​ដោយមាន​កិច្ចសហប្រតិបត្តិការ ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​នៅ​ព្រះរាជាណាចក្រ​ថៃ និង​សាកលវិទ្យាល័យ នៃ​ប្រទេស​ជប៉ុន​ផងដែរ​៕​ដោយ​៖​វ៉ៃ​កូ​


spot_img
×