Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បន្ត​សហការ​ល្អ ជាមួយ​អាមេរិក រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​នៅ​កម្ពុជា​

spot_img

(​ភ្នំពេញ​)៖ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អះអាង​ពី​ការបន្ត​សហការ​ល្អ ជាមួយ​សហរដ្ឋអាមេរិក តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច ក៏ដូចជា​កិច្ចសហការ​បន្ត រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ បញ្ជាក់​ច្បាស់​ជាថ្មី​ម្តងទៀត កម្ពុជា មិន​អនុញ្ញាត ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស នៅលើ​ទឹកដី​របស់​កម្ពុ​ជា​នោះទេ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ បានអនុញ្ញាត​ឲ្យ​លោក ផា​ទ្រី​ក ម៊ួ​រ​ហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​អគ្គបញ្ជាការដ្ឋាន​។​

​នៅក្នុង​ជំនួប​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសន្ទនា​កាលពីពេល​ថ្មីៗ​នេះ​រវាង លោក ផា​ទ្រី​ក ម៊ួ​រ​ហ្វី ជាមួយនឹង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការបន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ភាពល្អប្រសើរ ជាពិសេស​សារលិខិត​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ផ្ញើជូន​សម្តេច​តេ​ជោ ដែល​បានបញ្ជាក់​ច្បាស់​ពី​គោលនយោបាយ​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​សំណូមពរ​ដល់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក្នុង​ការជួយ​បណ្តុះបណ្តាល ធនធានមនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ ក្នុងនោះ​ការពង្រឹង​កិច្ចប្រតិបត្តិការ នៃ​កម្លាំង​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម ការងារ​មនុស្សធម៌​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​

​ជា​កិច្ច​ឆ្លើយតប លោក ផា​ទ្រី​ក ម៊ួ​រ​ហ្វី (W.Patrick Murphy) បាន​យល់ស្រប​នូវ​ការលើកឡើង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ ក្នុងការ​ពង្រឹង ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ​។ ដោយឡែក​លើ​វិស័យ​យោធា សហរដ្ឋអាមេរិក​បាន​គាំទ្រ​ដល់​ការជួយ​បណ្តុះបណ្តាល កងកម្លាំង​មួក​ខៀវ​កម្ពុជា រួម​នឹង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ទៀត នៃ​វិស័យ​យោធា​នាពេលខាងមុខ ។​

​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក៏បាន​លើកឡើង​ផងដែរ នូវ​ព័ត៌មាន​កន្លងមក ដែល​បាន​ផ្សព្វផ្សាយ​ថា កម្ពុជា​បានអនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន នៅលើ​ទឹកដី​របស់ខ្លួន ហើយ​ដែល​បញ្ហា​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ធ្វើការ​បដិសេធ​ជា​ច្រើនដង​រួចមកហើយ​ដែរ ក្នុងនោះ​ថែមទាំង​បានអនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ ជាច្រើន​ស្ថាប័ន ចុះទៅពិនិត្យ​ដល់​កន្លែង​ដែលមាន​ការសង្ស័យ​ទៀតផង​។ ឯកអគ្គរដ្ឋទូត​បាន​ចាត់ទុក​ការផ្សាយ​ពត៌មាន​នេះ គឺជា​ការមិនពិត ហើយ​ដែល​ចង់​ធ្វើ​ឲ្យ​បាត់បង់​ស្ថិរភាព​តែប៉ុណ្ណោះ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ក៏បាន​បញ្ជាក់​ច្បាស់​ជាថ្មី​ម្តងទៀត នូវ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ដែល​មិនមាន​មាត្រា​ណាមួយ​អនុញ្ញាត ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស នៅលើ​ទឹកដី​របស់​កម្ពុ​ជា​នោះទេ ហើយក៏​មិន​អនុញ្ញាត ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់ខ្លួន នៅ​បរទេស​នោះដែរ លើកលែងតែ​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​តែប៉ុណ្ណោះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×