Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ស្កាត់​ជនខិលខូច​មួយចំនួន ឆ្លៀត​បន្លំ​ខ្លួន ឬ​ប្រើប្រាស់​តួនាទី​ជាម​ន្ត្រី​កាំកុងត្រូល​ដើរ​ទារប្រាក់​ពី​ម្ចាស់​សហគ្រាស ឬ​ក្រុមហ៊ុន​

spot_img

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​៣​ខែធ្នូ​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការទប់ស្កាត់​ជនខិលខូច​មួយចំនួន ឆ្លៀត​បន្លំ​ខ្លួន ឬ​ប្រើប្រាស់​តួនាទី​ជាម​ន្ត្រី​កាំកុងត្រូល​ដើរ​ទារប្រាក់​ពី​ម្ចាស់​សហគ្រាស ឬ​ក្រុមហ៊ុន​។​

​បើតាម​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម សូម​ជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស​សិប្បករ ពាណិជ្ជករ និង​អាជីវករ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​​មេត្តា​ជ្រាបថា អនុវត្តតាម​តួនាទី​ភារកិច្ច​ដែល​បានផ្តល់​អាណត្តិ​ដោយ​ច្បាប់ បទ​ប្បញ្ញត្តិ​ជា​ធរមាន​មន្ត្រី​ជំនាញ​របស់​​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាននិងកំពុង​អនុវត្ត​តួនាទី​ត្រួតពិនិត្យ​ទំនិញ​និង​សេវា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទទួលខុសត្រូវ​ផ្ទាល់​​និង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការ​ក្លែងបន្លំ​ពាណិជ្ជកម្ម ធានា​គុណភាព សុវត្ថិភាព​​និង​អនុលោមភាព​នៃ​ផលិតផល​ទំនិញ និង​សេវា ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​។​

​ក្រសួងពាណិជ្ជកម្ម បាន​បន្តថា ជាមួយនឹង​វិធានការ​នេះ មាន​ជនខិលខូច​មួយចំនួន បាន​ឆ្លៀត​បន្លំ​ខ្លួន ឬ​ប្រើប្រាស់​តួនាទី​ជាម​ន្ត្រី​កាំកុងត្រូល​ដើរ​ទារប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និង​អាជីវករ ដោយ​អះអាង​ជា​ថ្នូរ​នឹង​ការជួយ​ដោះស្រាយ​បញ្ហា ឬ​សម្របសម្រួល​លើ​បាតុភាព​ណាមួយ ឬ​ជា​ថ្នូរ​នឹង​ការមិន​ចុះ​ត្រួតពិនិត្យ ជាដើម​។​

​ដើម្បី​ទប់ស្កាត់ និង​វែកមុខ​ជនខិលខូច ឱ្យទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ អគ្គនាយកដ្ឋាន​កាំកុងត្រូល​​សូម​បញ្ជាក់​ជូន​ថា នៅ​រៀងរាល់​ប្រតិបត្តិការ​ការងារ មន្ត្រី​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល គឺមាន​សំលៀកបំពាក់​ជា​​ឯកសណ្ឋាន​ការងារ ដោយមាន​ភ្ជាប់​ស្លាក​ឈ្មោះ លេខ​សំគាល់​ខ្លួន និង​មាន​លិខិត​បញ្ជា​បេសកកម្ម​ត្រឹមត្រូវ ច្បាស់លាស់​។​

​ទន្ទឹមនេះ ប្រសិនបើ​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី​មានការ​សង្ស័យ​ជាយថាហេតុ​ណាមួយ​
​សូម​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ។​

​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម សង្ឃឹម​ជឿជាក់​ចំពោះ​ការយកចិត្តទុកដាក់ និង​កិច្ចសហការ​ល្អ​​ពី​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ដែលជា​ម្ចាស់​ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ​ ​និង​អាជីវករ ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​វិស័យ​ឯកជន និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ ព្រមទាំង​ដើម្បី​ធានា​ឱ្យ​​បរិយាកាស​ធុរកិច្ច​កាន់តែ​ប្រសើរ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×