Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​ធនាគារពិភពលោក មក​កម្ពុជា ដើម្បី​ពិនិត្យ និង​ពិភាក្សា​អំពី​បញ្ហា​អាទិភាព នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​

spot_img

​ភ្នំពេញ ​៖ គណៈប្រតិភូ​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោក Benoit Bosquet នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ច បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​អំពី​បញ្ហា​អាទិភាព​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា និង​កម្មវិធី​នានា​របស់​ធនាគារពិភពលោក​ទាក់ទង​នឹង​វិស័យ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​នៅ​ថ្ងៃ​អង្គារ ទី​៣ ខែធ្នូ ឆ្នាំ​២០១៩​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធនាគា​រ​ពិភពលោក ដឹកនាំ​ដោយ​លោក Benoit Bosquet នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ច ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​មាន​គោលបំណង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​អំពី​បញ្ហា​អាទិភាព​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា និង​កម្មវិធី​នានា​របស់​ធនាគារពិភពលោក​ទាក់ទង​នឹង​វិស័យ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រួមមាន​៖ ការអភិវឌ្ឍ​ជនបទ ការអភិវឌ្ឍ​សង្គម កសិកម្ម បរិស្ថាន ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ជំនួប​ពិភាក្សាបាន​ផ្តោតជាសំខាន់ លើ​ការអនុវត្ត​គម្រោង​កែលម្អ​ការផ្គត់ផ្គង់​ទឹក និង​អនាម័យ​ដែល​កំពុង​ត្រូវបាន​អនុវត្ត ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​វិស័យ​ដែលមាន​សក្តានុពល សម្រាប់​ការចូលរួម​នាពេល​អនាគត រួមទាំង​ការសិក្សា​អំពី​ភាព​ធន់ នឹង​បម្រែបម្រួល​អាកាសធាតុ​និង​ទឹកជំនន់ នៅក្នុង​ក្រុង​សៀមរាប និង​ទីក្រុង​នានា​ជាច្រើន​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​វឌ្ឍនភាព​គម្រោង កិច្ចសហប្រតិបត្តិការ​ជំនួយ​បច្ចេកទេស របស់​ដៃគូ​អភិវឌ្ឍន៍​នានា (Technical Cooperation Project, TCP) ទាក់ទង​នឹង​ការតាក់តែង​ច្បាប់ ការរៀបចំ​បទដ្ឋាន​ប​ច្ចេកទេស និង​ផែនការមេ ដើម្បី​ពង្រឹងសមត្ថភាព​លើ​ការគ្រប់គ្រង​ទឹក​កខ្វក់​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​គណៈប្រតិភូ​ថា​៖ ក្រសួង​នៅតែ​ត្រូវការ​អ្នកជំនាញ និង​អ្នកបច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជួយ​បង្កើន​ចំណេះដឹង​បច្ចេកវិទ្យា​ថ្មី​បន្ថែមទៀត ដល់​មន្ត្រី​ក្រសួង ដើម្បី​អាច​រៀបចំ​គោលនយោបាយ​ទឹក​កខ្វក់ បទ​ប្បញ្ញត្តិ​ច្បាប់ ការគ្រប់គ្រង និង​ការសាងសង់​បណ្តាញ និង​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នានា​នៅ​ទូទាំងប្រទេស​៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×