Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណត់សម្គាល់​ពី​ព្រះ​កេស​ព្រះ​អវលោកេស្វរៈ​មួយ នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ

spot_img

នៅ​សារៈមន្ទីរ​ជាតិ​ភ្នំពេញ គេ​ឃើញ​មាន​ចម្លាក់​ព្រះ​កេស​ព្រះអាទិទេព​មួយ ធ្វើ​អំពី​ដី​ដុត​មកពី​អង្គរ​បុរី ដែល​បុព្វការី​ជន​បាន​បន្សល់ទុក​ពី​សម័យ​វប្បធម៌​នគរ​ភ្នំ ។ តែ​ជា​អកុសល​ចម្លាក់​បុរាណ​នេះ ពុំ​ទាន់​ត្រូវបាន​សិក្សា​វិភាគ​នៅឡើយ ទោះបីជា​គេ​បាន​សរសេរ​ច្រើន​អំពី​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម នា​សម័យ​បុរាណ​ខាងលើ​នេះ​ក៏​ដោយ ។

តាមពិត ទៅ​កម្រិត​សមត្ថភាព​នៅ​សម័យ​មុន មិន​អាច​ធ្វើឲ្យ​គេ​ស្គាល់​នូវ​អត្តសញ្ញាណពិ​ត​ប្រាកដ របស់​ព្រះ​កេស​ខាងលើនេះ ជា​ហេតុ​ធ្វើឲ្យ​មាន​ការបកស្រាយ​ខុស ព្រោះ​គេ​បាន​ចាត់ទុកថា​វា គឺជា​ក្បាល​របស់​មនុស្ស​ធម្មតា ។​

ព្រះ​ពោធិសត្វ​, ដី​ដុត អង្គរ​បុរី (​សារមន្ទីរ​ជាតិ​ភ្នំពេញ​) ថត ២០០៤)

​ដោយសារតែ​ហេតុផល​នេះ ទើប​តម្រូវឲ្យ​មាន​ការវិភា​គ​ផ្ទៀងផ្ទាត់​វិស័យ​ពុទ្ធបដិមា​កម្ម​ឡើងវិញ ដោយ​ផ្អែក​លើ​ទិន្ន័យ​ថ្មីៗ​មួយចំនួន ដែល​ទើប​តែ​រក​ឃើញ ទាំង​នៅ​ទីក្រុង​អង្គរបុរី ទាំង​នៅ​តំបន់​នានា ស្ថិតនៅក្នុង​ដែន​ដីសណ្ត​នៃ​ទន្លេ​មេគង្គ​ខាងក្រោម និង​មួយ​ភាគ​ធំ​នៃ​ឈូង​សមុទ្រ​សៀម​បច្ចុប្បន្ន ។​

ដូច​ទើប​ពោល បញ្ហា​ចម្បង​នៅទីនេះ គឺ​ការប្រមូលផ្តុំ​នូវ​រាល់​ទិន្ន័យ ដែល​អាច​បំភ្លឺ​ប្រភព​នៃ​ចម្លាក់​ខាងលើនេះ ។ ក្នុង​ការសិក្សា​ប្រៀបធៀប​យើង​ត្រូវ​ផ្តើម​សិក្សា​អំពី ចម្លាក់​នៅ​ប្រទេស​ឥណ្ឌា​ជា​មុន​សិន ដែល​បាន​ឲ្យ​កំណើត​ឲ្យ​ទៅ​ចម្លាក់​នានា​នៅ​អង្គរ​បុរី និង​នៅ​អូរ​កែវ ឬ​ក៏​នៅ​ទីក្រុង​អ៊ូ​ថង នៅ​ខេត្ត​សុផាន់​បុរី​ប្រទេស​ថៃ​បច្ចុប្បន្ន ។ ដោយហេតុ​ថា យើង​យល់​ឃើញ​ថា គេ​មិន​អាច​យល់​ពី​អត្តសញ្ញាណ​ពិតប្រាកដ របស់​វត្ថុ​សិល្បៈ​នេះ បើ​យើង​ឃ្លាត​ចេញ​ពី​រង្វង់​អារ្យធម៌ បែប​មហាយាន​ឥណ្ឌា​នា​សម័យ​បុរាណ​បានឡើយ ។​

ប្រការ​នេះ​មាន​សារៈសំខាន់​ណាស់ ល្មម​យើង​យក​មក​ពិនិត្យ​ឲ្យបាន​ល្អិតល្អន់ មុន​នឹង​ធ្វើការ​សរុប​សេចក្តី ។ ដូច្នេះ​បើ​យើង​ប្រៀបធៀប​បច្ចេកទេស​លំអ ជាពិ​សេសភ្នួងសក់​ដែល​ប្រកប​ដោយ​សោ​ភ័ណ្ឌ​ភាព របស់​ព្រះ​កេស នៅ​សារមន្ទីរ​ជាតិ​យើង ទៅ​នឹង​ព្រះ​កេស​មួយចំនួន​នៅ​មជ្ឈមណ្ឌល​វិចិត្រសិល្បៈ​គន្ធា​រៈ នៃ​ប្រាសាទ​ឥណ្ឌា​យើង​ឃើញ​មាន​ភាពស្រដៀងគ្នា ។ ផ្ទុយទៅវិញ​របៀប​តុបតែង​ភ្នួ​ង​សក់​នេះ មិន​មាន​ចំពោះ​ព្រះ​កេស​ព្រះសម្មាសម្ពុទ្ធ​ជា​ប្រវត្តិសាស្ត្រ​នោះ​ទេ ។​

ម្យ៉ាងវិញទៀត​បើ​យើង​ពិនិត្យមើល​ទឹកមុខ​របស់​ព្រះ​កេស​នេះ យើង​ក៏​អាច​ឃើញ​មាន​ភាព​ញញឹម​ស្រស់ គួរឲ្យ​ចាប់អារម្មណ៍​ផងដែរ ។ យោង​លើ​លក្ខណៈ​ទាំងនេះ យើង​ពិតជា​អាចសន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ​ថា ភាព​ញញឹម​យ៉ាង​ត្រជាក់​គួបផ្សំ​និង​ព្រះភ័ក្ត្រ​បើក​ពាក់កណ្តាល​បិទ​ពាក់កណ្តាល នៅទីនេះ​ក៏​មិនមែន​ជា​ការ​ចៃដន្យ​ដែរ ។ ក៏ប៉ុន្តែ​យើង​ពិតជា​អាច​បកស្រាយ​ថា ការ​ដែល​វិចិត្រករ​ឆ្លាក់​ជា​លក្ខណៈ​របៀបនេះ បានមក​ពី​ភាពវាងវៃ ហើយ​មក​ពី​គេ​ចង់​ចង្អុលបង្ហាញ​នូវ​គុណសម្បត្តិ ដ៏​លើសលុប​របស់​ព្រះ​ពោធិសត្វ​ក្នុង​លទ្ធិ​មហាយាន​ផងដែរ ។​

រួម​សេចក្តី​មក គឺ​កត្តា​ទាំងអស់នេះ​ហើយ ដែល​ជំរុញ​យើង​ឲ្យ​សន្និដ្ឋានបានថា ព្រះ​កេស​ខាងលើនេះ ដែល​ប្រកបដោយ​ទឹកដម​គួរ​ឲ្យ​ទាក់ចិត្ត គឺ​តំណាង​ឲ្យ​ព្រះ​ពោធិស​ត្វ​អ​វ​លោកេ​ស្វារៈ​យ៉ាង​ប្រាកដ ។ ម្យ៉ាងវិញទៀត សិក្សា​អំពី​បដិមា​កម្ម​បុរេ​អង្គរ​នៅ​អង្គរ​បុរីក៏​បាន​ជួយ​យើង​ឲ្យ​កំណត់​កាលបរិច្ឆេទ​របស់​វា​ដែរ គឺ​រវាង​ពី​ស​.​ត​ទី​៤​និង​ទី​៥ នៃ​គ​.​ស ពោល​គឺ​ក្នុង​សម័យកាល​មួយ​ដែល​ប្រជាជន​ខ្មែរ ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​លទ្ធិ​ព្រះពុទ្ធសាសនា​ទាំងពីរ​និកាយ​គឺ​ហិន​យាន​និង​មហាយាន ដែល​មាន​ប្រភព​មក​ពី​ឥណ្ឌា ៕ (​ម​.​ត្រា​ណេ​)​

spot_img
×