Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​ស៊ុយ​អ៊ែត ពង្រីក​ទំនាក់ទំនង លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​សកលភាវូបនីយកម្ម​

spot_img

​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ស៊ុយ​អ៊ែត បាន​អះអាង​ពី​ការពង្រីក​ទំនាក់ទំនង​ដែលមាន ជាពិសេស​ពង្រីក​ទំនាក់ទំនង​ទៅលើ​បញ្ហា​សកល ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ ក៏ដូចជា​បញ្ហា​សកលភាវូបនីយកម្ម​។ ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រៅពី​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​លើ​ឆាក​អន្តរជាតិ​ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ ក៏ដូចជា​បញ្ហា​សាកលភាវូបនីយកម្ម សម្ដេច​តេ​ជោ បានស្នើ​ឲ្យ ឯកអគ្គរដ្ឋទូត​ស៊ុយ​អ៊ែត ពិនិត្យ​ពិចារណា​ស្វែងរក​ជាមួយ​ភាគី​កម្ពុជា លើ​វិស័យ​ដទៃទៀត ។​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​អនុញ្ញាត ឲ្យ​លោក Bjorn Haggmark ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​ស៊ុយ​អ៊ែត ចូលជួប​សំដែង​ការគួរសម កាលពី​ថ្ងៃទី​៤​ធ្នូ នៅ​វិមាន​នាយករដ្ឋមន្ត្រី​។​

​ក្នុងជំនួប​នោះ លោក Bjorn Haggmark បាន​ជម្រាបជូន សម្ដេច​តេ​ជោ​ថា លោក បាន​ស្វែងយល់​អំពី​សោកនាដកម្ម​របស់​កម្ពុ​ជា​កន្លងមក ដែល​សោកនាដកម្ម​ទាំងនោះ​គួរ​គប្បី​ណា ទប់ស្កាត់​កុំ​ឲ្យ​មាន​ការវិល​ត្រឡប់មក​វិញ​។ ក្នុងន័យនេះ​លោក​បាន​មានប្រសាសន៍ថា ប្រទេស​ស៊ុយអែត​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​ការជួយ​ដល់​តុលាការ កាត់ទោស​មេដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​កន្លងមក ហើយ​លោក ក៏បាន​មានប្រសាសន៍​ដែរ​ថា កន្លងមក​ស៊ុយ​អ៊ែត ក៏បានផ្ដល់​ជំនួយ​មក​កម្ពុជា យើង​ជាដំបូង​តាមរយៈ​ជំនួយ​មនុស្សធម៌ ហើយ​នៅពេលនេះ​ទៀត ក៏​កំពុងតែ​រួមចំណែក ជួយ​ដល់​កម្ពុជា​នៅក្នុង​ការអភិវឌ្ឍ​កម្ពុជា​ផងដែរ​។​

​ក្នុងន័យនេះ លោក​បាន​មានប្រសាសន៍ថា តាមរយៈ​អ្វីដែល​បានធ្វើ​កន្លងមកនេះ បេសកកម្ម​កា​ទូត​របស់ លោក​មកកាន់​កម្ពុជា លោក​នឹងមិន​ចំណាយពេល​ទៅលើ​អ្វី​ផ្សេងទៀត​ទេ ក្រៅពី​ការជំរុញ​ទំនាក់ទំនង​ដែលមាន​ស្រាប់ និង​ពង្រីក​ទំនាក់ទំនង​ដែលមាន ជាពិសេស​ពង្រីក​ទំនាក់ទំនង​ទៅលើ​បញ្ហា​សកល ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ ក៏ដូចជា​បញ្ហា​សកលភាវូបនីយកម្ម​ផងដែរ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ បាន​សំដែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​ជូន​ចំពោះ លោក Bjorn Haggmark ដែល​ត្រូវបានតែងតាំង​ជា ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​បាន​ថ្លែងអំណរគុណ​ជូន​ដល់​ប្រជាជន រដ្ឋាភិបាល​ស៊ុយ​អ៊ែត ដែល​កន្លងមក​តែងតែ ជួយ​ដល់​កម្ពុជា ទាំង​ផ្នែក​មនុស្សធម៌​ទាំង​ការអភិវឌ្ឍន៍ ។​

​សម្ដេច​តេ​ជោ បាន​លើកឡើងថា ជា​ការពិត​កម្ពុជា​ទទួល​រក​នូវ​សោកនាដកម្ម​អតីតកាល ហើយ​ប្រទេស​ស៊ុយ​អ៊ែត ជា​ប្រទេសមួយ​ដែល​មិន​ទទួល​អតីត​ខ្មែរក្រហម អង្គុយ​នៅ​កៅអី​អង្គការសហប្រជាជាតិ ហើយ​លើសពីនោះ​ទៀត ក៏បាន​អនុញ្ញាត​ឲ្យ​កម្ពុជា បើក​ការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​ស្តុក​ហូ​ម ហើយ​ចាប់ពីពេលនោះ មក​ប្រទេស​ស៊ុយ​អ៊ែត ជា​ប្រទេសមួយ ដែល​ចាប់ផ្ដើម​ផ្ដល់នូវ​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា ។​

​សម្ដេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ជូន​ចំពោះ​ជំនួយ​របស់​ប្រទេស​ស៊ុយ​អ៊ែត និង​រដ្ឋាភិបាល​ស៊ុយ​អ៊ែត ក្នុងការ​កាត់ទោស​មេដឹកនាំ​កំពូល​របស់​ខ្មែរក្រហម គឺជា​ការជួយ​ដល់​កម្ពុជា​ក្នុងការ​ស្វែងរក​សច្ចធម៌​ពិត​របស់​កម្ពុជា ហើយ​កន្លងមកនេះ ក៏បាន​បន្ត​ជួយ​ដល់​កម្ពុជា​យើង​លើ​វិស័យ​អភិវឌ្ឍ​ដែរ​។​

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​ផងដែរ​ថា ក្រៅពី​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​លើ​ឆាក​អន្តរជាតិ​ដូចជា បញ្ហា​ប្រែប្រួល​អាកាសធាតុ ក៏ដូចជា​បញ្ហា​សាកលភាវូបនីយកម្ម​។ សម្ដេច​តេ​ជោ បានស្នើ​ឲ្យ លោក​ពិនិត្យ​ពិចារណា​ស្វែងរក​ជាមួយ​ភាគី​កម្ពុជា លើ​វិស័យ​ដទៃទៀត ដែល​យើង​អាច​សហការ​នេះ​បាន ។​

​ឆ្លៀតឱកាស​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រាបជូន​លោក Bjorn Haggmark អំពី​អាទិភាព​របស់​រាជាណាចក្រ​កម្ពុជា នោះ​គឺ​កត្តា​សុខសន្តិភាព និង​ស្ថិរភាព ដែលជា​កត្តា​សំខាន់​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ហើយ​ក៏បាន​ជម្រាបជូន​ផងដែរ នូវ​មហិច្ឆតា​របស់​កម្ពុជា នោះ​គឺ​កែប្រែ​ប្រទេស​កម្ពុជា​យើង​ពី​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាងមុខ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×