Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​សុំឱ្យ​ម្ចាស់​ការដ្ឋាន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អំពី​សុវត្ថិភាព និង​គុណភាព​សំណង់​ក្នុង​ការដ្ឋាន​រៀងៗ​ខ្លួន​

spot_img

​ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ បានស្នើ​សុំឱ្យ​ម្ចាស់​ការដ្ឋាន​ទាំងអស់ ដែល​ភាគច្រើន​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន ត្រូវ​យកចិត្តទុកដាក់​អំពី​សុវត្ថិភាព និង​គុណភាព​សំណង់​ក្នុង​ការដ្ឋាន​រៀងៗ​ខ្លួន ដោយ​ផ្អែក​តាមច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការដ្ឋាន​ណា​មិន​គោរព​ច្បាប់ បណ្តាលឱ្យ​កម្មករ​មាន របួស ឬ​ស្លាប់ ត្រូវ​មានទោស ដូច្នេះ​ម្ចាស់​សំណង់​ទាំងអស់​ត្រូវ​បន្ត​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព និង​គុណភាព​សំណង់​ក្នុង​ការដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យបាន​ទូលំទូលាយ ។​

​រសៀល​ថ្ងៃ​ពុធ ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព និង​គុណភាព​សំណង់ ក្នុង​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ម្ចាស់​ការដ្ឋាន​សំណង់​ក្នុង​ក្រុងព្រះសីហនុ ចំនួន ១៩៥​ការដ្ឋាន ក្រោម​អធិបតី​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ុត សំអន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ ។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា ការដ្ឋាន​សំណង់​មួយចំនួន​មិនបាន អនុវត្តតាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ មាន​បញ្ហា​ប្រឈម​អំពី​សុវត្ថិភាព និង​គុណភាព​សំណង់ ដោយ​មិនបាន​ធ្វើ​របង​ហ៊ុមព័ទ្ធ​ការដ្ឋាន ខ្វះ​សំណាញ់​ការពារ​សុវត្ថិភាព​ក្នុង​ការដ្ឋាន បាន​បង្ក​ហានិភ័យ​បង្ក​គ្រោះថ្នាក់​ដល់ក​ម្មករ និង​ប្រជាពលរដ្ឋ​ដូចជា​ថ្មីៗ​នេះ មាន​ការដ្ឋាន​មួយកន្លែង បាន​បាក់ដង​សន្ទូច និង​មាន​ធ្លាក់​សម្ភារ​: សំណង់​ក្នុង​ការដ្ឋាន និង​ការរំលោភ​ដី​ចំណីផ្លូវ​សាធារណៈ​ជាដើម ។​

​លោក បាន​ថ្លែងបន្តថា ការសាងសង់​ត្រូវគោរព​ច្បាប់​កម្ពុជា និង​គោរព​តាម​បទដ្ឋាន​គតិយុត្តិ នៃ​ច្បាប់​សំណង់ ខណ​:​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានក​សាងសង់​ផ្លូវ ៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដែល​សំណង់​មួយចំនួន​សាងសង់​លើដី​ចំណីផ្លូវ​សាធារណ​: ត្រូវធ្វើ​ការរុះរើ​សំណង់​ចេញ តាម​និយាម​ការ​ក្រុមការងារ​រៀបចំ​ស្ថាបនា​ផ្លូវ​ទាំង ៣៤​ខ្សែ​។ ដូច្នេះ​ម្ចាស់​ការដ្ឋាន ត្រូវ​ចូលរួម​គោរព​ច្បាប់​សំណង់​ទាំងអស់គ្នា បើ​មិន​ដូច្នេះ​ទេវា​នាំឱ្យ​ខាតបង់​ពេលវេលា និង​ថវិកា​ថែម​ទៀតផង ។​

​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​អាជ្ញាធរខេត្ត​ព្រះសីហនុ ក៏ដូចជា​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព គុណភាព​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ ដល់​ម្ចាស់​ការដ្ឋាន​ទាំងអស់ ។ ការសាងសង់​ត្រូវ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​មាន​៤ ទី​១.​ការងារ​សិក្សា​គំរោង​ប្លង់ និង​ប្លង់​បច្ចេកទេស​ផ្សេងៗ​តាមច្បាប់ ម្ចាស់​ការដ្ឋាន ត្រូវ​រក​ក្រុមហ៊ុន​សាងសង់ សិក្សា​គំរោង​ប្លង់ សំណង់​ត្រូវមាន​អ​ជ្ញា​ប័ណ្ណ​។ ២.​ម្ចាស់​សំណង់ ត្រូវ​រក​ក្រុមហ៊ុន​សាងសង់ វិស្វករ និង​កម្មករ ប្រសិនបើ​រកឃើញថា ការដ្ឋាន​មិនមាន​ក្រុមហ៊ុន​សាងសង់​ចុះបញ្ជី​ត្រឹមត្រូវ គ្នាន​វិស្វករ​ប្រចាំការ និង​គ្នាន​កម្មករ ត្រូវ​បិទ​ការដ្ឋាន​សំណង់ ។ ៣.​ការប្រើប្រាស់​ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់​ការដ្ឋាន​ត្រូវមាន​ប្លង់​ទីតាំង​គ្រឹះ​ដងសន្ទូច ក្នុង​ដែន​ប្រើប្រាស់​ប្រចាំថ្ងៃ ។ ៤. គ្រឹះ​អគារ​ក្រុមហ៊ុន​សាងសង់​គ្រឹះ ត្រូវ​ត្រួតពិនិត្យ​អំពី​ស្ថានភាព​ដី ព្រោះ​នៅ​ខេត្ត​ព្រះសីហនុ ខាងក្រោម​កន្លែង​ខ្លះ​មាន​ថ្ម កន្លែង​ខ្លះ​ដី​ភក់​ជា​បញ្ហា​ប្រឈម និង​ក៍មាន​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ ដូចជា ករណី​បាក់ស្រុត​អគារ​កម្ពស់ ៧​ជាន់​កន្លងមក​, អគារ​ស្រុត​នៅ​អូរ​ពីរ , បាក់ដង​សន្ទូច និង​បាក់​សរសរ​ធ្នឹម​ជាន់​ទី​៣ ជាដើម ដែល​តម្រូវឱ្យ​ក្រុមការងារ​បច្ចេកទេស រឹតបន្តឹង​អំពី​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​សំណង់​គ្មាន​គុណភាព នង​សុវត្ថិភាព ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×