Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កូរ៉េ នឹង​ប្រារព្ធ​នូវ​កម្មវិធី​មហោស្រព​ខ្សែភាពយន្ដ​កូរ៉េ​នៅ​កម្ពុជា លើក​ទី​១៣ នៅ​រោងភាពយន្ដ Major Cineplex និង Legend Cinema

spot_img

ភ្នំពេញ​៖ ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ សភាពាណិជ្ជកម្ម​កូរ៉េ​នៅ​ប្រទេស​កម្ពុជា បាន​ចូលរួម​សហការគ្នា​ប្រារព្ធ​នូវ​កម្មវិធី​មហោស្រព​ខ្សែភាពយន្ដ​កូរ៉េ​នៅ​កម្ពុជា​លើក​ទី​១៣ ប្រចាំឆ្នាំ​២០១៩ នៅ​រោងភាពយន្ដ Major Cineplex និង Legend Cinema ក្នុង​ទីក្រុង​ភ្នំពេញ ចាប់ពី​ថ្ងៃ​សុក្រ ទី​៦ រហូតដល់​ថ្ងៃ​អាទិ​ត្រ ទី​៨ ខែធ្នូ ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៤​ធ្នូ​នេះ​។​

​ពិធី​បើក​កម្មវិធី​មហោស្រព​នេះ​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​សាល​មហោស្រព​ចតុមុខ នា​ថ្ងៃ​សុក្រ ទី​៦ ខែធ្នូ ហើយ​លោក ផាក ហ៊ឹង​ក្យ​ង់ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹងចូលរួម​ថ្លែង​សុន្ទរកថា​ស្វាគមន៍ និង​អបអរ​ក្នុង​ពិធី​បើក​កម្មវិធី​មហោស្រព​នេះ​។​

ខ្សែភាពយន្ដ​ដែល​នឹង​ត្រូវយក​មកចាក់​បញ្ចាំ​ង​ជូន​ក្នុង​ពិធី​បើក​កម្មវិធី​មហោស្រព​ភាពយន្ត​លើក​នេះ​គឺ រឿង​<​ច្រកចេញ​(EXIT)> ដែលជា​ខ្សែភាពយន្ដ​ទទួលបាន​ជោគជ័យ​បំផុត ហើយ​ក្នុង​នៅ​ប្រទេស​កូរ៉េ នា​រដូវក្ដៅ ឆ្នាំ​២០១៩​នេះ មាន​អ្នកចូលរួម​ទស្សនា​រហូតដល់​ជិត ១០​លាន​នាក់​។ រឿង <​ច្រកចេញ​> គឺជា​ភាពយន្ដ​បែប កំប្លែង វាយប្រហារ ដែល​រៀបរាប់​ពី​ការខិតខំ​ប្រឹងប្រែង​តស៊ូ​ដើម្បី​រស់រានមានជីវិត​របស់​តួអង្គ​ទាំងពីរ គឺ យ៉ុង​ណា​ម​(​ចូ ចង​សក់​) និង អ៊ី​ជូ​(​អ៊ី​ម យ៉ូន​អា​) ពី​ហេតុការណ៍​ភរ​វក​ម្ម​ឧស្ម័ន​ពុល​។​

​ជាពិសេស ក្នុង​ឆ្នាំ​២០១៩​នេះ យើង​បានរៀបចំ​នូវ​ព្រិ​ត្តិ​ការណ៍​ដ៏​ពិសេស​មួយ ដើម្បី​អបអរ​ខួប​លើក​ទី​១០០​ឆ្នាំ​របស់​ខ្សែភាពយន្ដ​កូរ៉េ​។ យើង​បានធ្វើ​ការអញ្ជើញ​អ្នកដឹកនាំ​រឿង​<​ច្រកចេញ​> គឺ លោក លី សាំង​គឹ​ន មកកាន់​ប្រទេស​កម្ពុជា ព្រមទាំង​បានរៀបចំ​នូវ​កម្មវិធី​ធ្វើ​កិច្ច​ស្វាគមន៍​ផ្ទាល់​លើ​វេទិកា កម្មវិធី​ជំនួប​ជាមួយនឹង​ទស្សនិកជន កម្មវិធី​សិក្ខាសាលា​ពិសេស​ជាមួយនឹង​អ្នកជំនាញ​ក្នុង​វិស័យ​ខ្សែភាពយន្ដ​កម្ពុជា​ផងដែរ​។​

​ជាមួយគ្នានេះដែរ នៅ​ថ្ងៃ​សៅរ៍ ទី​៧ និង ថ្ងៃអាទិត្យ ទី​៨ ខែធ្នូ ឆ្នាំ​២០១៩ ក៏​នឹងមាន​ការចាក់​បញ្ចាំង​ខ្សែភាព​យន្ដ​កូរ៉េ​ប្រភេទ​ផ្សេងៗ​គ្នា ចំនួន​៥​រឿង នៅ​រោងភាពយន្ដ Legend Cinema និង រោងភាពយន្ដ Major Complex by Smart នៅ​ផ្សារ​ទំនើប​អ៊ី​ន​អន​ម៉​ល​ផងដែរ​។

​ក្រៅពី​រឿង​<​ច្រកចេញ​> ដែល​នឹងត្រូវ​ចាក់​ប​ញ្ជាំ​ង​ជូន​ក្នុង​ពិធី​បើក​នៃ​កម្មវិធី យើង​ក៏​នឹង​ចាក់​បញ្ចាំង​ជូន​នូវ​ខ្សែភាពយន្ដ​ផ្សេងទៀត​ដូចជា រឿង <​បា​រ៉ា​ស៊ីត​(PARASITE)> ដែល​ដឹកនាំ​ដោយ​អ្នកដឹកនាំ​រឿង ប៊ុង ជូន​ហូ ដែល​ឈ្នះ​ពានរង្វាន់ Palme d’Or ក្នុង​កម្មវិធី Cannes Film Festival រឿង​<​ស្នេហា​ដ៏​សែន​យ៉ាប់​(CRAZY ROMANCE)> ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​ឆាប់ៗ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា រឿង​<​ជនពាល​អនាមិក​(NAMELESS GANGSER)> ដែលជា​ប្រភេទ​រឿង​បែប​ឃាតកម្ម និង​រឿង​<​រីករាយ​ថ្ងៃបុណ្យ​គ្រី​ស្មាស់ លោក​ម៉ូ​(MERRY CRISTSMAS MR. MO)> ដែល​និយាយ​អំពី​រឿងរ៉ាវ​ដ៏​រំភើប​របស់​តួអង្គ និង​គ្រួសារ​របស់គាត់​ដែល​កំពុង​ប្រឈម​ជាមួយនឹង​សេចក្ដីស្លាប់​ជាដើម​។

​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា សំបុត្រ​សម្រាប់​ចូល​ទស្សនា​គ្រប់​ខ្សែភាពយន្ដ​ទាំងអស់ នឹងត្រូវ​ធ្វើការ​ចែកជូន​ក្នុង​ចន្លោះ​រយៈពេល​មួយ​ម៉ោង​មុន​ការចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ដ​នីមួយៗ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×