Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រក​គន្លឹះ​អ្វីដែល​ថ្មីៗ ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​

spot_img

​ភ្នំពេញ​៖ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ក៏បាន​ថ្លែង​បញ្ជាក់​បន្ថែមថា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រក​គន្លឹះ​អ្វីដែល​ថ្មីៗ ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​។

​ក្នុង​កិច្ចប្រជុំពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ឆ្លង​ផែនការ​ជាតិ​៥​ឆ្នាំ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​២០១៩-២០២៣ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ​ក្រោម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែលជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ បាន​ថ្លែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ដល់​ក្រសួង ស្ថាប័ន អង្គ​ភាពជា​សមាជិក​ទាំ​ង​អស់​កន្លងមក​បាន​រួមគ្នា​ពិនិត្យ និង​កែសម្រួល​សេចក្តីព្រាង​ផែនការ​ជាតិ​៥​ឆ្នាំ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៩-២០២៣​នេះ កាន់​តែមាន​លក្ខណៈ​ពហុ​វិស័យ សុ​ក្រឹត្យ និង​គ្រប់​ជ្រុងជ្រោយ តាម​វិស័យ​នីមួយៗ ដើម្បី​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ចូលរួមចំណែក​ក្នុង​ការការពារ​សុខមាលភាព​ប្រជាពលរដ្ឋ ការពារ និង​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​សង្គម​។​

​ក្នុងឱកាស​នោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ថ្លែង​បន្ថែមថា គ្រប់​ក្រសួង ស្ថាប័ន អង្គភាព ត្រូវ​រៀបចំ​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ​រៀងៗ​ខ្លួន ដើម្បី​អនុវត្ត​នូវ​រាល់​សកម្មភាព ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច ទទួលខុសត្រូវ​របស់​ខ្លួន រៀបចំ​យន្តការ​តាមដាន បូកសរុប វាយតម្លៃ និង​កំណត់​ចំណុចខ្លាំង ចំណុចខ្សោយ កង្វះខាត​តម្រូវការ​នានា សម្រាប់​ធ្វើជា​មូលដ្ឋាន ក្នុងការ​រៀបចំ​ផែនការ ទិសដៅ និង​សកម្មភាព សម្រាប់​ការអនុវត្ត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​ប្រធាន​កិច្ចប្រជុំ បាន​ថ្លែងថា មណ្ឌល​សុខភាព​នីមួយៗ នៅតាម​ឃុំ​-​សង្កាត់ ត្រូវមាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​អ្នក​ដែល​ញៀន​គ្រឿងញៀន ចំណុច​នេះ មិន​អាចឱ្យ​មន្ទីរពេទ្យ​ខេត្ត​-​ស្រុក ទៅគ្រប់​គ្រង​បញ្ហា​ជន​ញៀន​គ្រឿងញៀន បាន​ទាំងអស់​នោះទេ គឺ​មានតែ​មណ្ឌល​សុខភាព នៅតាម​មូលដ្ឋាន​នេះហើយ ដែល​អាច​ក្តាប់ជាប់​នូវ​ចំនួន​មនុស្ស ដែល​បាន​ញៀន​ថ្នាំញៀន នៅក្នុង​មូលដ្ឋាន​របស់ខ្លួន គឺ​មិន​ត្រឹមតែ​ប៉ូលីស​តែ​អង្គឯង​នោះដែរ ៕​ដោយ​៖​កូ​ឡាប​

spot_img
×