Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី សន្យា​នឹង​បន្ត​ជួយ​ដល់​កម្ពុជា លើ​វិស័យ​មីន ការ​បោសសម្អាត​មីន និង​ការជួយ​ដល់​ជនរងគ្រោះ​

spot_img

​ភ្នំពេញ​៖ តាំងពី​ឆ្នាំ​១៩៩៤ ដល់​បច្ចុប្បន្ន អូស្ត្រាលី បាន​ជួយ​ដល់​កម្ពុជា ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អូស្ដ្រាលី​លើ​វិស័យ​ការ​បោសសម្អាត​មីន ហើយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សន្យា​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​គ្រប់​វិស័យ ជាពិសេស​ទៅលើ​វិស័យ​មីន រួម​មានការ​បោសសម្អាត​មីន និង​ការជួយ​ដល់​ជនរងគ្រោះ​។​

​លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​ជួប​ជាមួយ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ដើម្បី​សម្តែង​ការគួរសម និង​ជម្រាបលា​ក្នុងឱកាស​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា នៅ​ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ នៅ​អាជ្ញាធរ​មីន​។​

​លោកស្រី​បាន​សម្ដែង​នូវ​អំណរគុណ ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​បំពាក់​មេដាយ​ជូន​ដល់​លោកស្រី និង​បាន​មានប្រសាសន៍​លើកឡើង​ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន​។ ជាមួយនេះ លោកស្រី​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាងខ្លាំង​ជូន រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្លាស់ប្ដូរ​រូបរាង ចេញ​ផុតពី​សង្គ្រាម និង​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​។ លោកស្រី មានប្រសាសន៍ថា អូស្ត្រាលី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍ​នៅ​កម្ពុជា និង​សន្យា​បន្ត​ចូលរួម​ជាមួយ​កម្ពុជា​ជានិច្ច គ្រប់​កាលៈទេសៈ និង​គ្រប់​វិស័យ ពិសេស​គឺ​វិស័យ​សកម្មភាព​មីន​។​

​លោកស្រី​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការ​បោសសម្អាត​មីន ដោយមាន​ការដឹកនាំ​ច្បាស់លាស់ និង​ផែនការ​យុទ្ធសាស្ត្រ​ពិតប្រាកដ ហើយ​អូស្ត្រាលី​នឹង​ជួយ​ទៅលើ​ការ​បោសសម្អាត​មីន ជួយ​ដល់​ជនរងគ្រោះ និង​ការដឹកនាំ​សម្របសម្រួល​ជានិច្ច​ជាមួយ​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​អូស្ត្រាលី ដែលជា​ដៃគូ​សហប្រតិបត្តិការ និង​ជា​មិត្ត​ភ័ក្ដិ​ដ៏​ល្អ​ជាមួយ​កម្ពុជា​គ្រប់​វិស័យ​។ លោក​ក៏បាន​លើកឡើង​ពី​ការចូលរួម​សន្និសីទ​ពិនិត្យឡើងវិញ​លើក​ទី​៤ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា នាពេល​ថ្មីៗ​នេះដែរ ដែល​កម្ពុជា​បានទទួល​ការកោតសរសើរ ពី​សកម្មភាព​បោសសម្អាត​មីន និង​ទទួលបាន​នៅ​ការគាំទ្រ យល់ព្រម សុំ​ពន្យារពេល​បោសសម្អាត​មីន​លើក​ទី​២ ឆ្នាំ​២០២០ -២០២៥​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​វិស័យ​មីន តាំងពី​ឆ្នាំ​១៩៩៤ ដល់​បច្ចុប្បន្ន​អូស្ត្រាលី បាន​ជួយ​ដល់​កម្ពុជា​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អូស្ដ្រាលី​៕​ដោយ​៖​កូ​ឡាប​

spot_img
×