ភ្នំពេញ៖អភិបាលក្រុង នៃប្រទេសតូហ្គោ បានបង្ហាញពីបំណងចង់ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យកសិកម្ម និងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជធានីភ្នំពេញ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
ការលើកឡើងពីបំណងខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ធ្នូ ខណៈដែលលោកអភិបាលក្រុង នៃប្រទេសតូហ្គោ ជួបសំណេះសំណាល និងសម្តែងការគួរសម ជាមួយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់មហាសន្និបាតអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសារបារាំង (AIMF) លើកទី៣៩ ដែលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ។
ក្នុងជំនួបសំណេះសំណាល និងសម្តែងការគួរសមនោះ ភាគីទាំង២ បានលើកឡើង នូវចំណុចល្អជាច្រើន ដែលជាបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទីក្រុង។
លោកអភិបាលក្រុង នៃប្រទេសតូហ្គោ បានលើកឡើងថា កម្ពុជា ជាប្រទេសកសិកម្ម ដូច្នេះតូហ្គោ ចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មនេះ ឲ្យបានខ្លាំងក្លាជាមួយកម្ពុជា ក៏ដូចជាមួយរាជធានីភ្នំពេញ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរ ជាដើម។
លោកឃួង ស្រេង បានថ្លែងឲ្យដឹងដែរថា រាជធានីភ្នំពេញ ត្រូវការដៃគូ លើការពង្រឹងពង្រីកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយរវាងកម្រិត ទីក្រុង និងទីក្រុង យើងអាចផ្តល់កិច្ចសហការគ្នា ទៅវិញទៅមក ដើម្បីផលប្រយោជន៍ នៃទីក្រុងយើងទាំង២។
លោកអភិបាលរាជធានី ក៏បានជម្រាបជូនភ្ញៀវ ពីសក្ដានុពលទេសចរណ៍ ដែលកម្ពុជា មានដូចជា ប្រាង្គប្រាសាទ ធម្មជាតិដ៏សម្បូរបែបតំបន់ឆ្នេរមណីយដ្ឋានធម្មជាតិ ដែលជាទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ មកពីគ្រប់ទិសទីគ្រប់តំបន់ឲ្យមកទស្សនា។
សូមបញ្ជាក់ថា មហាសន្និបាតអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសារបារាំង (AIMF) លើកទី៣៩ បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដែលមានតំណាងទីក្រុងប្រមាណ៤០២ មកពី៤១ប្រទេស ដែលពួកគេបានពិភាក្សាគ្នា លើកពីបទពិសោធន៍ នៃការអភិវឌ្ឍន៍ទីក្រុងនីមួយៗ ជាពិសេសរយៈពេល៤០ឆ្នាំ នៃការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ដែលទីក្រុងមួយនេះបានឆ្លងកាត់ភាពខ្ទេចខ្ទាំ ដល់ចំណុចសូន្យ នៃរបបប្រល័យពូជសាសន៍។ តែពេលពេលនេះភ្នំពេញខុសពីភ្នំពេញកាលពី៤០ឆ្នាំមុន គឺមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំរបស់សម្តេចតេជោ ជានាយករដ្ឋមន្ត្រី៕ដោយ៖កូឡាប