Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​បង្កើតបាន​នូវ​តំបន់​អនុវត្ត​កសិកម្មសរីរាង្គ​ជាតិ​ប្រមូលផ្តុំ​មួយ​ដែលមាន​ភូមិសាស្ត្រ​ជា​យុទ្ធសាស្ត្រ​

spot_img

​ភ្នំពេញ​៖ ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែងថា កម្ពុជា​នឹងមាន​ផលិតផល​កសិកម្មសរីរាង្គ​គ្រប់គ្រាន់​សម្រាប់ធ្វើ​សុខដុម​នីយកម្ម​ជាមួយ​ស្តង់ដារ​ក្នុង​តំបន់​និង​អន្តរជាតិ ហើយ​លោក​ថា​កម្ពុជា​នឹង​បង្កើតបាន​នូវ​តំបន់​អនុវត្ត​កសិកម្មសរីរាង្គ​ជាតិ​ប្រមូលផ្តុំ​មួយ​ដែលមាន​ភូមិសាស្ត្រ​ជា​យុទ្ធសាស្ត្រ ។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែធ្នូ ឆ្នាំ​២០១៩ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី “​អបអរសាទរ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ដែល​បានទទួល​ពានរង្វាន់​អាស៊ាន ភាពជា​អ្នកដឹកនាំ​លើ​ការអភិវឌ្ឍ​ជនបទ និង​លុបបំបាត់​ភាពក្រីក្រ​”​។​

​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា លទ្ធផល​នេះ​ក៏​មិនអាច​កាត់​ផ្តាច់ចេញ​បាន​ពី​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​រវាង​សហករណ៍​ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​ឈានទៅ​ទទួលបាន​ពានរង្វាន់​អាស៊ាន​ភាពជា​អ្នកដឹកនាំ​លើ​ការអភិវឌ្ឍ​ជនបទ និង​លុបបំបាត់​ភាពក្រីក្រ​នាពេលនេះ​។ លោក​បន្តថា​ពានរង្វាន់​នេះ​វា​មិនមែន​គ្រាន់តែ​ជា​សមិទ្ធផល​ដែល​សហករណ៍​សម្រេចបាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​មោទនភាព​របស់​យើងទាំងអស់គ្នា ព្រោះ​វា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​សាមគ្គីភាព សហការ និង​ចូលរួមចំណែក​ក្នុង​ការជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ លើកស្ទួយ​វិស័យ​កសិកម្ម ធានា​សន្តិសុខ​ស្បៀង កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ​ជនបទ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។

​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នា​ថ្ងៃនេះ​លោក​រដ្ឋមន្ត្រី​បាន​សង្ខេប​ជូន​អង្គពិធី​បាន​ជ្រាប​ផងដែរ​អំពី​ដំណើរការ​វិវឌ្ឍន៍​នៃ​ផលិតកម្ម​កសិកម្មសរីរាង្គ​នៅ​ទូទាំង​ពិភពលោក ដោយឡែក​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន ហើយ​ជាពិសេស​នោះ​គឺ​នៅ​កម្ពុជា ដោយ​ដំបូង​ផ្តើមចេញពី​ក្រុម​ផលិត​តូចៗ​ដែល​ចងក្រង​ឡើង​ដោយ​អង្គការ NGO ឬ​ក្រុមហ៊ុន​ឯកជន​ដោយ​ផ្តោតជាសំខាន់​លើ​ដំណាំ​ស្រូវ​តាំងពី​ឆ្នាំ​១៩៩០ ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០០០ ទើប​មាន​គម្រោង​កសិកម្មសរីរាង្គ​ជាច្រើន​តាមរយៈ​កិច្ចសហការ​រវាង​អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន ហើយ​សហគ្រាស​ឯកជន​ទាំងនោះ​ក៏បាន​ចាប់​ផ្តើមធ្វើ​ធុរកិច្ច​កសិកម្មសរីរាង្គ​លើ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​។ តាម​របាយ ការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម​បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​កម្ពុ​ជាមាន​ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ​ប្រមាណ​ជាង​១០០ លើ​ផ្ទៃដី​ប្រមាណ ៩ ៧១៧ ហិកតា និង​ស្រូវ​សរីរាង្គ​លើ​ផ្ទៃដី​ប្រមាណ​១២ ០០០​ហិកតា នៅ​ទូទាំងប្រទេស សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ជប៉ុន អាមេរិក ចិន ក្នុងតម្លៃ​ទឹកប្រាក់​ប្រមាណ ១​លាន​អឺរ៉ូ ក្នុង​ឆ្នាំ​២០១៧​។ ឆ្វេងយល់​ពី​និន្នាការ​វិវឌ្ឍន៍​រីកចម្រើន​នៃ​កសិកម្មសរីរាង្គ នៅ​ឆ្នាំ​២០០៦ ក្រសួង​បានចាប់ផ្តើម​លើក​គោលដៅ​កសិដ្ឋាន​សរីរាង្គ​ទៅក្នុង​គោ​លន​យោ បាយ​ជាតិ​ដែល​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម (ASDP ២០០៦- ២០១០) ហើយ​បច្ចុប្បន្ន​កំពុងដំណើរកា​រ​រៀបចំ​សេចក្តីព្រាង​ស្តង់ដារ​កសិកម្មសរីរាង្គ​ជា​បន្ត​។ ក្រៅពីនេះ ក្រសួង​កំពុង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្តិ និង​នីតិវិធី​ផ្សេងៗ​សម្រាប់​គាំទ្រ និង​ជំរុញ​ការអនុវត្ត​កសិកម្មសរីរាង្គ​ឲ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស ការពារ​សុវត្ថិភាព​អាហារ បរិស្ថាន សុខុមាលភាព​សង្គម ការប្រកួតប្រជែង​ទីផ្សារ និង​ទំនុកចិត្ត​ពី​អតិថិជន ដើម្បី​ធ្វើ​សុខដុម​នីយកម្ម​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន និង​ពិភពលោក​។

​លោក​បាន​បន្តទៀតថា បច្ចុប្បន្ននេះ ប្រជាជនមាន​ការកើនឡើង​ជា​លំដាប់ ទន្ទឹមគ្នា​ជាមួយនឹង​បម្រែបម្រួល​អាកាសធាតុ គឺ​ទាមទារ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ និង​ធ្វើការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ ចាំបាច់​បំផុត​សម្រាប់​បង្កើន​ផលិតភាព​កសិកម្ម​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​។ ជាងនេះទៅទៀត គឺ​ស្រប​ពេលដែល​ប្រជាជន និង​ភ្ញៀវ​ទេសចរណ៍​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​មក​បរិភោគ​ចំណីអាហារ​ដែលមាន​ស្តង់ដារ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់ ជាពិសេស​ផលិតផល​បន្លែ និង​ផ្លែឈើ​ជាដើម​។ ដូច្នេះ​ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​សហការគ្នា​លើកកម្ពស់​ផលិតផល​កសិកម្មសរីរាង្គ​ឲ្យ​ទទួលបាន​ជោគជ័យ តាមរយ​:​ការរៀបចំ​ក្រុម​ផលិត ក្រុម​ផ្តល់​ធាតុ​ចូល ក្រុម​ប្រមូល​ទិញ ក្រុម​ចែកចាយ ក្រុមទី​ផ្សារ និង​អតិថិជន​ឲ្យ​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា ក្នុង​ប្រព័ន្ធ​ខ្សែ​ច្រវាក់​កសិកម្មសរីរាង្គ ហើយ​រួមគ្នា​ពង្រឹង​និង​ពង្រីក​ដោយ​ផ្តោតលើ​ក្រុម ឬ​សមាគម​ផលិត សហគមន៍​កសិកម្ម និង​កសិដ្ឋាន​ផលិតកម្ម​មាន​លក្ខណៈ​អាជីព និង​ត្រូវអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា និង​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) ស្របតាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​”​។ ទន្ទឹមនឹងនេះ​ក៏ត្រូវ​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ប្រព័ន្ធ​ផ្តល់​វិញ្ញាបនបត្រ​ត្រឹមត្រូវ ដើម្បី​លើកទឹកចិត្ត និង​ផ្តល់​ការជឿជាក់​ពី​សាធារណជន​ទៅលើ​ផលិតផល​ផងដែរ​។​

​ជាមួយនឹង​មោទនភាព​ដែល​យើង​ទទួលបាន លោក​រដ្ឋមន្ត្រី​សង្ឃឹមថា​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំង អស់​នឹង​រួមចំណែក​គាំទ្រ​គោលបំណង​រួម​រហូតដល់​ឆ្នាំ​២០៣០ នៃ​ការអនុវត្ត​កសិកម្មសរីរាង្គ​គឺ​៖១.​កម្ពុជា​នឹងមាន​ផលិតផល​កសិកម្មសរីរាង្គ​គ្រប់គ្រាន់​សម្រាប់ធ្វើ​សុខដុម​នីយកម្ម​ជាមួយ​ស្តង់ដារ​ក្នុង​តំបន់​និង​អន្តរជាតិ ២.
​កម្ពុជា​នឹង​បង្កើតបាន​នូវ​តំបន់​អនុវត្ត​កសិកម្មសរីរាង្គ​ជាតិ​ប្រមូលផ្តុំ​មួយ​ដែលមាន​ភូមិសាស្ត្រ​ជា​យុទ្ធសាស្ត្រ ៣. តម្លៃ​ភាគហ៊ុន​ទីផ្សារ​នៃ​ផលិតផល​សរីរាង្គ​កម្ពុជា​នឹង​កើន ឡើង​រហូតដល់​៤០% ៤. ចូលរួម​កែលម្អ​ជីវភាព​ផលិតករ​សរីរាង្គ​និង​ការរស់នៅ​ប្រកបដោយ​ភា​តរៈ​បរិស្ថាន និង​៥. កេរ្តិ៍ឈ្មោះ​ផលិតផល​សរីរាង្គ​នឹងមាន​ការទទួលស្គាល់​ទាំង​ក្នុង និង​ក្រៅប្រទេស​៕​ដោយ​៖​កូ​ឡាប​

spot_img
×