Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​ឲ្យ​រៀបចំ និង​តាមដាន ព្រមទាំង​ពង្រឹង​ឡើងវិញ នូវ​បែបផែន​នៃ​ការអនុវត្ត​គម្រោង​ថវិកា​របស់​រដ្ឋបាល​មូលដ្ឋាន​ឃុំ​សង្កាត់ ដើម្បី​ចៀស​ឲ្យ​ផុតពី​អំពើពុករលួយ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ក៏បាន​ណែនាំ​ឲ្យ​រៀបចំ និង​តាមដាន ព្រមទាំង​ពង្រឹង​ឡើងវិញ នូវ​បែបផែន​នៃ​ការអនុវត្ត​គម្រោង​ថវិកា​របស់​រដ្ឋបាល​មូលដ្ឋាន​ឃុំ​សង្កាត់ ដើម្បី​ចៀស​ឲ្យ​ផុតពី​អំពើពុករលួយ​។ ដោយឡែក​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ក៏ត្រូវ​បង្កើន​សកម្មភាព​បណ្ដុះបណ្ដាល​មន្ត្រី​ឲ្យ​មាន​សមត្ថភាព សីលធម៌ និង​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​បំពេញ​ញ​ការងារ ដោយ​ត្រូវ​រៀបចំ​ជាបន្ទាន់​ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៅតាម​ទីតាំង​បណ្ដោះអាសន្ន ហើយ​សម្ដេច​សូម​អំពាវនាវ​ឲ្យ​ដៃគូ​អភិវឌ្ឍ​ជាតិ និង​អន្តរជាតិ​ចូលរួម​ជួយ​គាំទ្រ​ក្នុង​ការងារ​នេះ​។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អ​ធីប​តី​ក្នុង​សិក្ខាសាលា​ជាតិ​ស្ដីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២០ នៃ​គណៈកម្មាធិការ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​អញ្ជើញ​មានប្រសាសន៍​ទៅកាន់​អង្គពិធី សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងនាម​រាជរដ្ឋាភិបាល និង គ​.​ជ​.​អ​.​ប បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ដែល​បាន​រួមគ្នា​អនុវត្ត និង​គាំទ្រ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​ក្រោម​ក្របខណ្ឌ​គោលនយោបាយ និង​របៀបវារៈ​នានា​នៃ​ការ​ការអភិវឌ្ឍ​ជាតិ​។​

​សម្ដេច​បាន​មានប្រសាសន៍​ទោះបីជា​យើង​បាន​មើលឃើញថា​នៅមាន​សកម្មភាព​មួយចំនួន​នៅ​មិនទាន់​អនុវត្តបាន​ចប់សព្វគ្រប់ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ យើង​បានសម្រេច​នូវ​សកម្មភាព​ជាច្រើន​គួរ​ឲ្យ​កត់សំគាល់​ដែល​បង្ក​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ចុងក្រោយ​នៃ​កំណែទម្រង់​នេះ ហើយ​អ្វី​ដែលជា​សមិទ្ធផល​សំខាន់ និង​ជា​ប្រវត្តិសាស្ត្រ​នៃ​កិច្ចដំណើរការ​កំណែទម្រង់​ដែល​សម្រេចបាន​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ការកែសម្រួល​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ និង​ការប្រគល់​មុខងារ​ពាក់ព័ន្ធ​នឹង​វិស័យ​ជាច្រើន​ទៅ​ឲ្យ​រដ្ឋបាល​ទាំងនេះ ព្រមទាំង​ការផ្ទេរ​មុខងារ​សុខាភិបាល​មួយចំនួន​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​រាជធានី​ខេត្ត​។​

​សម្ដេច​បន្តថា​ការងារ​នេះ​បានរៀបចំ​អនុវត្ត​តាំងពី​ឆ្នាំ​២០១៦ ដោយមាន​ការពិភាក្សា ពិគ្រោះ​យោបល់​គ្នា​ជា​បន្តបន្ទាប់ ផ្អែកលើ​លក្ខ​ណ្ឌ​គតិយុត្ត និង​ការអនុវត្ត​ជាក់ស្ដែង ក្នុង​គោលបំណង​ឲ្យ​រចនាសម្ព័ន្ធ​ថ្មី​ទាំងនោះ​អាច​ចាប់ផ្ដើម​បំពេញការងារ​របស់ខ្លួន​ចាប់ពី​ដើមឆ្នាំ​២០២០​តទៅ ហើយ​នាពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​អនុក្រឹត្យ​ស្ដីពី​ការកែសម្រួល​រចនាសម្ព័ន្ធ និង​មុខងារ​របស់​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ និង​ស្ដីពី​ការផ្ទេរ​មុខងារ​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​ខេត្ត​។​

​ជាមួយគ្នានេះ មាន​លទ្ធផល​ជា​គន្លឹះ​មួយទៀត​បានចាប់ផ្ដើម​អនុវត្ត គឺ​ការបង្កើន​មូលនិធិ​ឃុំ​សង្កាត់ ដើម្បី​បង្កលក្ខណៈ​ឲ្យ​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាន់តែ​មានលទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​តម្រូវការ​អាទិភាព​រប​ស់​មូលដ្ឋាន​នីមួយៗ ដោយនៅ​ឆ្នាំ​២០២០​ខាងមុខ ឃុំ​សង្កាត់​និ​មួយៗ​នឹង​ទទួលបាន​ថវិកា​សរុប​ជា​មធ្យម​១២២​ពាន់​ដុល្លារ ក្នុងនោះ​រួមទាំង​ថវិកា​សម្រាប់​ចំណាយ​លើ​ផ្នែក​អភិវឌ្ឍន៍​មុខងារ​មូលដ្ឋាន​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ ដែល​ចំនួន​នេះ​បាន​កើនឡើង​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​

​សម្ដេច​ក៏បាន​ក្រើនរំលឹក​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវ​បន្ត​ពិនិត្យមើល​ផែនការកម្ម​ភាព​ដែល​មិនទាន់​អាច​សម្រេចបាន ដើម្បី​រិះរក​វិធី​យកមកអនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ​ទាំង​នៅមុន​ដំណាច់​ឆ្នាំនេះ និង​នៅ​ឆ្នាំ​បន្តបន្ទាប់​។ មុន​ដំណាច់ឆ្នាំ​២០២០ សម្ដេច​បាន​ណែនាំ​ឲ្យ​រៀបចំ​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ ដោយមាន​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​បន្ត​ទៅកាន់​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​បន្ត​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ក្រសួងសុខាភិបាល​រៀបចំសេចក្ដី​ប្រកាស​អន្តរក្រសួង​មួយ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ន្ទីរ​សុខាភិបាល​របស់​រដ្ឋបាល​រាជធានី​ខេត្ត និង​រៀបចំ​ណែនាំ​អំពី​កម្មវិធី​ប្រកាស​ឲ្យ​អនុវត្ត​រចនាសម្ព័ន្ធ​ថ្មី​នៅ​រាជធានី និង​ខេត្ត​នីមួយៗ​។​

​ពាក់ព័ន្ធ​នឹង​ការ​ការគ្រប់គ្រង​បុគ្គលិក សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​សព្វថ្ងៃនេះ​ក្រសួង​ពិនិត្យឃើញថា​មាន​បុគ្គលិក​ប្រមាណ​២០​ពាន់​នាក់​របស់​ក្រសួង​ស្ថាប័ន​ដែល​កំពុង​បំរើកា​រងារ​នៅតាម​ការិយាល័យ​ជំនាញ​នានា​ជិត​២​ពាន់​ការិយាល័យ​នៅ​ថ្នាក់ក្រុង​ស្រុក​ខណ្ឌ ដែល​ចំនួន​នេះ​មិនទាន់​គិត​បញ្ចូល​មន្ត្រី​អប់រំ​ជា​គ្រូបង្រៀន​នៅតាម​គ្រឹះស្ថានសិក្សា​ម​ត្តេ​យ្យ​សិក្សា បឋមសិក្សា និង​អប់រំ​ក្រៅ​ប្រព័ន្ធ​នៅ​ខេត្តបាត់ដំបង និង​មន្ត្រី​សុខាភិបាល​ដែល​កំពុង​បំពេញការងារ​ក្នុង​រចនាសម្ព័ន្ធ​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​សម្ដេច​បាន​ណែនាំ​ឲ្យ គ​.​ជ​.​អ​.​ប បង្កើត​ក្រុមការងារ​ជួយ​រៀបចំ និង​ដាក់ចេញ​នូវ​ការផ្ទេរ​បុគ្គលិក​ពាក់ព័ន្ធ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០២០ ហើយ​សេចក្ដីសម្រេច​បង្កើត​ក្រុមការងារ​នោះ នឹងដាក់​ចេញ​នូវ​ចុង​សប្ដាហ៍​នេះ ដោយ​សម្ដេច​សង្ឃឹមថា​ក្រុមការងារ​នេះ​នឹង​អនុវត្ត​ការងារ​របស់ខ្លួន​ជាបន្ទាន់​ចាប់ពី​សប្ដាហ៍​ក្រោយ​តទៅ ដើម្បី​ធានា​ការរៀបចំ​ផ្ទេរ​បុគ្គលិក​ទាំងនោះ​ឲ្យ​បាន​តាម​ពេល​កំណត់​។​

​សម្ដេច​បានស្នើ​ឲ្យ​ក្រសួង​ដែល​មិនទាន់​បញ្ចូល​ព័ត៌មាន​ស្ដីពី​ធនធាន​ហិរញ្ញវត្ថុ និង​បុគ្គលិក ប្រញាប់​បញ្ជូន​ទិន្ន័យ​ទាំង​នោះមក គ​.​ជ​.​អ​.​ប​។ ចំពោះ​ការបណ្ដុះបណ្ដាល​វិញ សម្ដេច​បាន​ណែនាំ​ឲ្យ​បំប៉ន​មុខងារ​ជំនាញ​ឲ្យ​បាន​មុន​ឆ្នាំ​២០២០ ដូ​ម​ជាការ​ងា​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​ជំនាញ​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​បុគ្គលិក​ជាដើម ក្រៅពីនេះ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ភាពជា​អ្នកដឹកនាំ​ក៏ត្រូវ​រៀបចំ​ជា​បន្តបន្ទាប់​ទៀត​ដែរ​។​

​ក្រៅពី​សកម្មភាព​ការងារ​ត្រូវបំពេញ​មុន​ឆ្នាំ​២០២០​នេះ សម្ដេច​បាន​ទាញ​ចំណាប់អារម្មណ៍​អង្គពិធី​ថា​ឆ្នាំ​២០២០​ខាងមុខ គឺជា​ឆ្នាំ​ដែល​ត្រូវអនុវត្ត​ការងារ​កំណែទម្រង់ ទាមទារ​ឲ្យ​មានការ​ខិតខំ​អនុវត្ត និង​គាំទ្រ ដើម្បី​ឲ្យ​ស្របតាម​ផែនការ​ជាតិ ក្នុងនោះ​សម្ដេច​បាន​ណែនាំ​វិធានការ​មួយចំនួនទៀត រួមមាន​លើកកម្ពស់​តួនាទី​សមត្ថភាព និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​ក្នុង​ការទទួល​ផ្ដល់​សេវាសាធារណៈ​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ ដោយ​ទាមទារ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ផ្ដល់​ការគាំទ្រ​ដើម្បី​ឲ្យ​ទទួលបាន​ជោគជ័យ​។​

​សម្ដេច​បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា និង​គណៈ​អភិបាលក្រុង​ស្រុក​ខណ្ឌ ត្រូវខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត ហើយ​ត្រូវ​រាយការណ៍​បញ្ហា​ប្រឈម​ដើម្បី​រក​ដំណោះស្រាយ ហើយ​ត្រូវ​ចាំ​ថា​សេវាសាធារណៈ​គឺ​សម្រាប់​ពលរដ្ឋ​ទាំងអស់ មិនមែន​សម្រាប់​ក្រុម​ណាមួយ​នោះឡើយ​។ ពាក់ព័ន្ធ​នឹង​ថវិកា​ឃុំ​សង្កាត់​ដែល​ត្រូវ​បង្កើន​ចាប់ពី​ឆ្នាំ​២០២០​តទៅ​នោះ សម្ដេច​បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សាឃុំ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ មាន​តម្លាភាព និង​ប្រសិទ្ធភាព​។​

​សម្ដេច​ក៏បាន​ជំរាប​ទៅកាន់​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ជាតិ និង​អន្តរជាតិ ថា​រាជរដ្ឋាភិបាល និង​ក្នុងនាម​សម្ដេច​ផ្ទាល់ សម្ដេច​មិនដែល​ចាត់ទុក​មតិ​ពី​ខាងក្រៅ​ថា​ជា​មតិ​ប្រឆាំង​នោះទេ ហើយ​រាជរាជ​រដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ក៏​មិន​ចង់ឃើញ​ភាគី​ណាមួយ​ចោទប្រកាន់​មកលើ​ខ្លួន​ថា​បាន​ធ្វើទុក្ខបុកម្នេញ​សង្គម​ស៊ីវិល ឬ​មិនបាន​ផ្ដល់​កិច្ចសហការ​នោះដែរ ដូច្នេះ​សម្ដេច​សូម​ឲ្យ​គ្រប់ភាគី ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល ត្រ​វ​មាន​កិច្ចសហការ​ដោះស្រាយ​បញ្ហា​ដោយនិយាយ​ពិភាក្សាគ្នា​ត្រង់​ទៅ​ត្រង់​មក​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។​

​ដោយឡែក​កិច្ចការ​ចំបង​មួយទៀត​នៅ​ឆ្នាំ​២០២០​ខាងមុខ​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ គ​.​ជ​.​អ​.​ប និង​ភាគី​ពាក់ព័ន្ធ​ជាតិ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​ពិភាក្សា និង​តាក់តែង​សេចក្ដីព្រាង​ផែនការអភិវឌ្ឍន៍​ជាតិ​រយៈពេល​១០​ឆ្នាំ​បន្តទៀត ពីព្រោះ​ការងារ​កំណែទម្រង់​នេះ មិន​ថា​ប្រទេស​កម្ពុជា និង​ប្រទេស​ណា​នោះទេ គឺ​សុទ្ធតែ​ចាប់ផ្ដើម​ជាមួយ​ភាពស្មុគស្មាញ​ដែល​ទាមទារ​ឲ្យ​មាន​ផែនការ​អនុវត្ត​ជាក់លាក់​។​
​មុននឹង​បញ្ចប់​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់​អំពី​ការតាំង​ចិត្ត​ដ៏​មុតមាំ​របស់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​កំណែទម្រង់​សំខាន់ៗ​ដ៏ទៃទៀត​ដើម្បី​រួមចំណែក​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ជាតិ និង​បាន​សម្ដែង​ក្ដី​សង្ឃឹមថា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ប្រជាពលរដ្ឋ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ នឹង​បន្ត​ចូលរួម​ក្នុង​បេស​កក​កម្ម​ជា​ប្រវត្តិសាស្ត្រ​នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×