Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​នាយករដ្ឋមន្ត្រី​ចិន​បាន​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​ចិន​ពិភាក្សាគ្នា​លើ​បញ្ហា​នៃ​ការនាំ​ស្ករ​ចេញទៅ​ប្រទេស​ចិន​

spot_img

ភ្នំពេញ​ ៖​ ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មករា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang​។​

​នៅក្នុង​ជំនួប​ព្រឹក​មិញ​នេះ លោកនាយក​រដ្ឋមន្ត្រី Li Keqiang បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ទទួល​ស្វាគមន៍​លោក និង​ប្រតិភូ ព្រមទាំង​បាន​សំដែង​នូវ​ក្តីរីករាយ​ដែល​បាន​ធ្វើ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២​ជាមួយ​កម្ពុជា ដោយ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​កាលពី​ម្សិលមិញ​។​

​លោក​នាយករដ្ឋមន្ត្រី​ចិន បាន​មានប្រសាសន៍ថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ហើយ​ដំណើរ​ទស្សនកិច្ច របស់​លោក​មក​កាន់​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន ឲ្យ​កាន់តែ​ល្អ​រឹងមាំ និង​ខ្លាំងក្លា​ថែម​ទៀត​។ ទោះបី​ដំណើរ​ទស្សនកិច្ច​នេះ​មាន​រយៈពេល​ខ្លី ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​បាន​សម្រេច​ការងា​រ​ជាច្រើន ពី​ព្រោះ​ដោយសារ​ប្រទេស​ចិន និង​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ដូច​ជា​បងប្អូន​។ លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាង​បញ្ជាក់ថា ប្រទេស​ចិន​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​ជា​បន្ត​ទៀត​ទៅ​លើ​វិស័យ​នានា ដើម្បី​ជម្រុញ​ការអភិវឌ្ឍ ក្នុងនោះ​រួម​ទាំង​បញ្ហា​ដោះមីន​ផងដែរ និង​ការកសាង​មន្ទីរពេទ្យ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ដ៍​ពិសេស​មួយ​នៃ​ខួប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​ចិន ហើយ​ស្របពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់ លោក​នាយករដ្ឋមន្ត្រី​ចិន លី គឺ​ឈាំ​ង និង​ក្នុងពេលដែល​មិត្ត​ចិន​ធ្វើ​ជា​សហប្រធាន​ដឹកនាំ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​សារ​ជា​ថ្មី​ថា ប្រទេស​ចិន​កំពុង​នាំមុខ​លើ​ការវិនិយោគ​នៅ​កម្ពុជា​សព្វថ្ងៃ រួម​ទាំង​គម្រោង​ដែល​ត្រូវបាន​ចុះហត្ថលេខា​នា​ព្រឹក​នេះ​ផង​ដែរ​។ ជាពិសេស លើ​វិស័យ​ទេសចរណ៍ ក៏​ចិន​កំពុង​នាំមុខ​ទៀតផង​។ សម្តេច​តេ​ជោបាន​ស្នើសុំ​ឲ្យ​ប្រទេស​ចិន​ជួយ​ជំរុញ​អ្នកទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន​ឡើង​ថែមទៀ​ត ព្រមទាំង​ជួយ​ពិចារណា​ក្នុង​ការនាំ​ចេញ​ស្ករស​ពី​កម្ពុជា​ផងដែរ​។​

​ជា​ការឆ្លើយតប លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang បាន​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ពិភាក្សា​គ្នា​លើ​បញ្ហា​នៃ​ការនាំ​ស្ករ​ចេញ​ទៅ​ប្រទេស​ចិន​។ ចំពោះ​ភ្ញៀវ​ទេសចរណ៍​វិញ លោក​នាយករដ្ឋមន្ត្រី​ចិន បានឲ្យដឹងថា មាន​ប្រជាជន​ចិន​ប្រមាណ ២០០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ដែល​មាន​លទ្ឋភាព​ទៅ​ទេសចរណ៍​នៅ​ក្រៅប្រទេ​ស ដូច្នេះ​ប្រសិនបើ​មាន​មួយ​ភាគរយ​នៃ​ទេសចរណ៍​ចិន​មក​កម្ពុជា ក៏​កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ​២​លាន​នាក់​ផងដែរ​ក្នុង​មួយឆ្នាំ​។ លោកនាយក​រដ្ឋមន្ត្រី សន្យាថា​នឹង​ជួយ​ជំរុញ​ឲ្យមាន​ទេសចរ​ណ៍​ចិន​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។​

​ចំពោះ​ជំនួយ​ឥត​សំណង​វិញ លោក​នាយករដ្ឋមន្ត្រី​ចិន លី គឺ​ឈាំ​ង បាន​ជម្រាបជូន សម្តេច​តេជោ ហ៊ុន សែន​ថា ប្រទេស​ចិន​នឹង​ផ្តល់ជូន​មូលនិធិ​ឥត​សំណង ១,២០០​លាន​យ័ន សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្នាត​តូច និង​មូលនិធិ​ប្រមាណ ៦០០​លាន​យ័ន​ថែម​ទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធំៗ ដូចជា​ផ្លូវ​ល្បឿន​លឿន​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​មិត្ត​ចិន​ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា រួម​ទាំង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តូច​ធំ​ជា​ច្រើន​នៅក្នុង​ប្រទេស ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជូនពរ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង លោកនាយក​រដ្ឋមន្ត្រី លី គឺ​ឈាំ​ង សូម​មាន​សុខភាព​ល្អ អាយុ​វែង ដើម្បី​ដឹកនាំ​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​៕ ដោយ​៖​កូឡាប​

spot_img
×