Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភពលោក​នេះ​មានតែ​សច្ចភាព​តែមួយគត់ ដែល​មិន​ត្រូវបាន​ប្រែប្រួល​

spot_img

​ភ្នំពេញ​៖ លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិ​ក្រោះ​និង​ផ្តល់យោបល់ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៩​ធ្នូ​ថា ពីមុន​មានតែ​អង្គុលីលេខ​ទេ ឥឡូវ​មាន​កុំព្យូទ័រ បើ​អ្នក​យល់ថា​អ្នកចេះ​ហើយ មិនបាច់​អភិវឌ្ឍន៍​បន្ថែម ថ្ងៃក្រោយ​អ្នកនឹង​ដូច​មនុស្ស​ជាច្រើន​ដែល​ចេះ​អង្គុលីលេខ​តែ​អត់​ការងារ​ធ្វើ​ព្រោះ​គាត់​មិន​រៀន​កុំព្យូទ័រ ហើយ​បើ​អ្នក​មិន​បត់បែន​ថ្ងៃក្រោយ​គេ​អាច​ឈប់​ប្រើ​កុំព្យូទ័រ​ទៀត នោះ​អ្នក​ទាត់​ខ្យល់​ហើយ​។​

​លោក​បាន​ថ្លែងថា ពីមុន​ផ្ញើរ​លុយ​តាម​ផ្សារ​អូឡាំពិក ទៅកាន់​ខេត្ត​ក្រុង​នានា បើ​អ្នក​យល់ថា​អ្នក​ប្រឹង​រកលុយ​ចាប់​តែ​របរ​ហ្នឹង​មួយ​អ្នកនឹង​ដួល ព្រោះ​ឥឡូវ មាន​ដល់ Wing រហូត អភិវឌ្ឍន៍​ដល់ ABA . E Case ហើយ​ថ្ងៃក្រោយ គ្មាន​នរណា​វេច​លុយ​តាម​ខ្លួន​ទាំង​ស្បោង​យកទៅ​ផ្ញើ​ទៀត​ទេ​។​

​លោក​វីល្លាម បានលើកឡើង​បន្តថា ពីមុន​មាន​គេ​ត្រូវការ​ក្រដាស​ធ្វើ​សៀវភៅ បើ​អ្នក​គិតតែ​វិនិយោគ​ក្រដាស អ្នកនឹង​ដួល ព្រោះ​ឥឡូវ​តម្រូវការ​ក្រដាស​ធ្លាក់ចុះ ព្រោះ​គេ​សរសេរ​សៀវភៅ​តាមតែ​ទូរស័ព្ទ​បង្ហោះ​តែ​លើ internet ប៉ុណ្ណោះ ហើយ​បើ​អ្នក​គិតថា​ចេះ​បង្ហោះ​តែ​តាម internet ដោយ​មិន​រៀន​បន្ថែម នោះ​អ្នកនឹង​បរាជ័យ​ដូច​អ្នកធ្វើ​ក្រដាស ព្រោះ​អនាគត​មិនដឹងថា គេ​នឹង​មានអី​ថ្មី​ល្អ​ជាង internet ឬ​អត់​។​

​ពី​មុនគេ​សរសេរ​សំបុត្រ​ផ្ញើ​តាម​អ្នករត់​សំបុត្រ បើ​អ្នករត់​សំបុត្រ មិន​រៀន​ប្រើ​ទូរស័ព្ទ ថ្ងៃនេះ​គាត់​នឹង​ទាត់​ខ្យល់ ព្រោះ​បច្ចុប្បន្ន​គេ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​អស់ហើយ តែបើ​អ្នក​គិតថា​ចេះ​ត្រឹម​ទូរស័ព្ទ​អាច​ផ្ញើ​សំបុត្រ​បាន ហើយ​មិនបាច់​រៀន​បន្ថែម នោះ​អនាគត​ពេល​គេ​ឈប់​ប្រើ​ទូរស័ព្ទ​អ្នកនឹង​ប្រើ​អី​វិញ​។​

​សូមកុំ​នៅ​ទ្រឹង អ្នក​នៅ​ទ្រឹង បាន​បរាជ័យ​អស់ហើយ ឯ​អ្នក​គិតថា​ខ្លួនឯង​ចេះ​អស់ ពូកែ​លើសគេ​ក៏​នឹង​ដួល​ដែរ មិនយូ​ទេ​។​

​ឥឡូវ​វិទ្យាសាស្ត្រ​នយោបាយ អាច​រៀន​ច្រើន​ឆ្នាំ គ្រប់គ្រង​ប្រទេសមួយ​ដោយ​រដ្ឋបាល​ក្រដាស រៀន​វិធី​គ្រប់គ្រង​មនុស្ស តែបើ​មិន​រៀន​បន្ថែម​និង​មិន​អភិវឌ្ឍន៍​ខ្លួន​ដោយ​យល់ថា​ខ្លួន​ពូកែ អ្នកនឹង​លែង​ក្លាយជា​អ្នកគ្រប់គ្រង​សង្គម ឬ​អាច​ហៅថា​ជា​អ្នកនយោបាយ​ចាស់គំរិល ព្រោះ​អនាគត​គេ​អាច​គ្រប់គ្រង​ប្រទេស​ដោយ​ម៉ាស៊ីន ហើយ​មន្ត្រី​អាចជា robot​។​

​មនុស្ស​លើ​លោក ដែល​រស់នៅ​រាល់ថ្ងៃនេះ នរណា​ក៏ត្រូវ​ចេះ​នយោបាយ​ដែរ ការបត់បែន​របស់​អ្នក​គឺ ជា​នយោបាយ​ហើយ ព្រោះ​ពិភពលោក​តម្រូវ​ឲ្យ​មនុស្ស​បត់បែន បើ​មិន​បត់​ក៏បាន អត់​មាន​នរណាថា​អី​ទេ តែ​នឹង​ក្លាយជា​មនុស្ស​ព្រៃ​រស់​កណ្ដា​ល​ទីក្រុង​ជាក់​ជាមិនខាន​។​

​កុំ​មោទនភាព​ចំពោះ​ចំណេះ​ដែល​ខ្លួន​មាន​ដោយ​ភ្លេច​រៀន​ថែម​នឹង​អភិវឌ្ឍន៍​ខ្លួន​។​

​ទាំង​ពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច ជាពិសេស គឺ​នយោបាយ អ្នក​មិនគួរ​ប្រើ​វិធី​ដដែល​រាប់សិប​ឆ្នាំ ដូចដែល​អ្នក​ធ្លាប់​ជោគជ័យ​ទេ ព្រោះ​អ្នក​អាច​នឹង​ដេក ( កុំ​ទុកចិត្ត​បទពិសោធន៍​ពេក )​។​

​ហើយ​បើ​អ្នក​ស្ដាប់​តែ​ទីប្រឹក្សា ដែល​គាត់​មានគំនិត​ចាស់គំរិល អ្នកនឹង​ដួល​។​

​ប្រទេស​អ្នកនឹង រត់​ក្នុង​កម្រិត​មិន​ឆ្លើយតប​នឹង​ភាពបត់បែន​របស់​ពិភពលោក​។​

​លើ​ពិភពលោក​នេះ​មានតែ​សច្ចភាព​តែមួយគត់ ដែល​មិន​ត្រូវបាន​ប្រែប្រួល ក្រៅពី​នឹង​ប្រែប្រួល​គ្រប់យ៉ាង​ទាំងអស់ គឺ ប្រែប្រួល​ក្នុង​លក្ខណៈ​អភិវឌ្ឍន៍​ទៅមុខ​៕​ដោយ​៖​កូ​ឡាប​

spot_img
×