ភ្នំពេញ៖លោកគឹម រ័ត្នណារិន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០១៨បានចេញដីកាឃុំខ្លួន ស្ត្រីម្នាក់អាយុ ៥៩ឆ្នាំម្នាក់ ដែលជាពាណិជ្ជករ ជាប់ចោទពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទានដោយមានបំណង និង ដោយចេតនាធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ» ។
កងកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ត្រីរូបនេះឈ្មោះ សរ សុខន ហៅស្រី អាយុ៥៩ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១៤៧ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីរូបនេះជាប់ចោទពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទានដោយមានបំណង និង ដោយចេតនាធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ» ប្រព្រឹត្តនៅខេត្តបាត់ដំបង កាលីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ និង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និង ប្រតិបត្តិការទូទាត់សងប្រាក់។ ចំណែកដើមបណ្តឹងឈ្មោះ ហៃ ណារ៉េត ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនជាប់ចោទ ត្រូវកងកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ បានចាប់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួន ៕ ដោយ៖បញ្ញាស័ក្តិ