Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល មាន​ថវិកា​ជា​សាច់ប្រាក់​ប្រមាណ ៣,៥០០​លាន​ដុល្លារ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ

spot_img

​ភ្នំពេញ​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកលូតលាស់​ក្រោម​តំបូល​សន្តិភាព , សម្តេច​តេ​ជោ បានប្រកាសថា រាជរដ្ឋាភិបាល​យើង​មាន​ថវិកា​ជា​សាច់ប្រាក់​ប្រមាណ ៣,៥០០​លាន​ដុល្លារ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ ។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​១២​ធ្នូ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ច្បាស់​ណាស់ កត្តា​សន្តិភាព គឺមាន​សារៈសំខាន់​ខ្លាំង​បំផុត ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង​វិនាសកម្ម​នៃ​របប​ប្រល័យពូជសាសន៍​កន្លងមក​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​រាប់​លាន​នាក់ និង​បានធ្វើអោយ​ប្រទេសជាតិ​អន្តរាយ​ធ្លាក់​ក្រោម​ចំណុចសូន្យ​។ ពិតប្រាកដ​ណាស់ “ មាន​សន្តិភាព ទើប​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​, មាន​សន្តិភាព ទើប​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ទៅបាន​” ។

​សម្តេច​បាន​បន្តថា សន្តិភាព​ពេញលេញ​ជាង​២០​ឆ្នាំ​មកនេះ គឺ​បាន​ផ្តល់ឱកាស​អោយ​កម្ពុជា​បាន​កសាង​អភិវឌ្ឍន៍​សង្គមជាតិ​រីកចម្រើន​ដល់​សព្វថ្ងៃ ដែល​បានធ្វើអោយ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកលូតលាស់​ជាមួយ​កំណើន​ក្នុង​រង្វង់​ប្រមាណ ៧.១% ដែលមាន​អត្រា​អតិផរណា​ត្រឹមតែ ២.៥%​ប៉ុណ្ណោះ​។ ក្រោម​ការដឹកនាំ​លើ​មា​គា៍ និង​ទស្សនៈវិស័យ​ច្បាស់លាស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​អនុវត្តន៍​យុទ្ធសាស្ត្រ “​ចុង​ខ្សែ​ពីរ​នៃ​ចំណង​ខ្សែ​មួយ​” ដែល​សំដៅលើ​ការគ្រប់គ្រង​ស្ថានភាព​នយោបាយ​អោយមាន​ស្ថិរ​ភាពល្អ និង គ្រប់គ្រង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​អោយមាន​ស្ថិរភាព​រឹងមាំ​ល្អ​កើនឡើង​ថែមទៀត​។

​សម្តេច​បញ្ជាក់ថា គិត​មកទល់​ខែធ្នូ ២០១៩ នេះ ចំណូល​ដែល​បានមកពី​រដ្ឋ​ករ​គយ បើតាម​គម្រោង​ផែនការ​កំណត់​ត្រូវ​ប្រមូល​ឲ្យ​បាន ២,២៦០ លាន​ដុល្លារ ។ ប៉ុន្តែ​មកដល់​ត្រឹម​ថ្ងៃទី​៩ ខែធ្នូ ២០១៩ គឺ​យើង​ប្រមូលបាន ៣,០១៣ លាន​ដុល្លារ លើស​ផែនការ​ប្រមាណ ៧៥៨ លាន​ដុល្លារ (​ស្មើនឹង​៣៣.៥% ) ។ បើ​គិត​ជា​មធ្យម​ចំណូល​ដែល​មកពី​រដ្ឋ​ករ​គយ គឺ​ប្រមូលបាន​ប្រមាណ​១០​លាន​ដុល្លារ ក្នុង​មួយថ្ងៃៗ​។ យើង​នៅសល់​ជិត​២០​ថ្ងៃ​ទៀត ដែល​មិនទាន់​បានគិត​បូក​ថែម ហើយ​ដែល​យើង​រំពឹងថា​ចំណូល​គយ​គឺ​នឹង​កើន​លើស​ផែនការ​ប្រមាណ​ជាង ៨០០​លាន​ដុល្លារ​។

​ចំពោះ​ចំណូល​ពី​អគ្គ​ពន្ធដា​វិញ​គឺមាន​ផែនការ​ប្រមូល​អោយបាន​ប្រមាណ ២,២៨៨ លាន​ដុល្លារ​។ ប៉ុន្តែ​មកទល់ពេលនេះ គឺ​ប្រមូល​ចំណូល​បាន ២,៦៣៤ លាន​ដុល្លារ​រួចហើយ ដែល​ពេលនេះ​បាន​លើស​ផែនការ​ប្រមាណ ៣៤៥ លាន​ដុល្លារ​។ សរុប​ក្នុង​ច្បាប់​ផែនការ​ថវិកា ពី​រដ្ឋ​ករ​គយ និង​អគ្គ​ពន្ធដា​ដែល​បាន​ដាក់ចេញ​គឺមាន​គម្រោង​ប្រមូល​ចំណូល​ប្រមាណ ៤,៥៤៨​លាន​ដុល្លារ ។ ប៉ុន្តែ​រហូតដល់​ពេលនេះ​គឺ​ប្រមូលបាន​ប្រមាណ ៥,៦៥២ លាន​ដុល្លារ ដែល​ប្រមូលបាន​លើសពី​ផែនការ​ដែល​បានកំណត់​ប្រមាណ ១,១០៤ លាន​ដុល្លារ​រួចស្រេច​ទៅហើយ​។ បើ​យើង​បូករួម​ទាំង​២​ខែ​មុន​យើង​អាច​ប៉ាន់ស្មាន​បាន​ថា​នឹង​ចំណូល​លើស​ផែនការ​គឺ​នឹង​ឈានដល់ ១,៣០០​លាន​ដុល្លារ ដែលជា​ថវិកា​ដ៏​ល្អ​បានមកពី​ចំណូល​សារពើពន្ធ ហើយ​ដែល​មិនទាន់បាន​បូក​បញ្ចូល​ពី​ចំណូល​មិនមែន​សារពើពន្ធ​មានដូចជា​ចំណូល​បានមកពី​ថ្លៃ​ទិដ្ឋាការ​ទេសចរណ៍​, អាការ​យានដ្ឋាន​, អាកាសចរណ៍​,​ប័ណ្ណ​ចូល​ទស្សនា​អង្គ​វត្ត និង​ពី​ដី​កសិកម្ម​(​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ជួល​ទៅអោយ​ឯកជន​វិនិយោគ​)… ។​ល​។

​នៅពេលនេះ រាជរដ្ឋាភិបាល​យើង​មាន​ថវិកា​ជា​សាច់ប្រាក់​ប្រមាណ ៣,៥០០​លាន​ដុល្លារ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ ដែល​មិនបាន​រួមបញ្ចូល​ពី​ទុនបម្រុង​អន្តរជាតិ​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ និង មាស​ប្រមាណ​៣០​តោន ទៀតផង​។

​កម្ពុជា​ដែល​បាន​ដើរ​មកដល់​ដំណាក់កាល​នេះ គឺ​ដោយសារ​មានការ​ចូលរួម​ពី​ប្រទេស​ជា​ដៃគូ ដៃគូ​វិនិយោគឯកជន និង​ពី​បងប្អូន​ជនរួមជាតិ​ទាំងអស់គ្នា ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព និង​ចូលរួម​ទទួលខុសត្រូវ​បង់ពន្ធ​ទាំងអស់គ្នា ដើម្បី​កម្ពុជា​កាន់តែ​រីកលូតលាស់​ឆាប់រហ័ស​លឿន​ទៅមុខ​៕​ដោយ​៖​កូ​ឡាប​

spot_img
×