ភ្នំពេញ៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាបានថ្លែងថា រហូតមកដល់នេះ គណៈកម្មការមូលបត្រកម្ពុជា មានក្រុមហ៊ុនសរុបចំនួន៨ ដែលមកចុះបញ្ជី ។ ក្នុងនោះមានក្រុមហ៊ុនចំនួន ៥ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន៣ទៀត បានបោះផ្សាយលក់មូលបត្របំណុល (Bond) ដែលមានទំហំទឹកប្រាក់សរុប ចំនួន១៥១លានដុល្លារ (មូលបត្រកម្មសិទ្ធិ៨០លានដុល្លារ និងមូលបត្របំណុល ៧១ លានដុល្លារ) ។
បន្ទាប់ពីបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមូលបត្រ និងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ក្នុងវិស័យមូលបត្រកម្ពុជា សម្រាប់អ្នកសារព័ត៌មានលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាទីស្តីការគណៈកម្មការមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកពីសាវតាទីផ្សារមូលបត្រនៅកម្ពុជាយើងបន្តិច។ គ.ម.ក. ដែលជាអាជ្ញាធរក្នុងវិស័យមូលបត្រត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៩ រីឯ ក្រុមហ៊ុន
ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ដែលជាកន្លែងផ្តល់នូវវេទិកាជួញដូរមូលបត្របានទទួលបានការអនុញ្ញាតក្នុងឆ្នាំ២០១០ ក្នុងនាមជាក្រុមហ៊ុនចម្រុះរដ្ឋ (Joint Venture) រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានភាគហ៊ុន ៥៥% និង
ក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ចំនួនភាគហ៊ុន ៤៥% ។ រហូតមកដល់បច្ចុប្បន្ននេះ យើងមាន ក្រុមហ៊ុនសរុប ៨ក្រុមហ៊ុន ដែលក្រុមហ៊ុនចំនួន ៥ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន ៣ ទៀត បានបោះផ្សាយលក់មូលបត្របំណុល (Bond) ដែលមានទំហំទឹកប្រាក់សរុប ១៥១ លានដុល្លារ (មូលបត្រកម្មសិទ្ធិ ៨០ លានដុល្លារ និង មូលបត្របំណុល ៧១ លានដុល្លារ) ហើយយើងនឹងមានក្រុមហ៊ុនបោះផ្សាយបន្ថែមទៀតជាបន្តបន្ទាប់នៅក្នុងឆ្នាំខាងមុខនេះ ដោយក្រុមហ៊ុនខ្លះជិតបញ្ចប់នីតិវិធី នៃការបោះផ្សាយហើយ ដែលក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះ បងប្អូនប្រហែលជាបានដឹងហើយ គឺធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារធំក្នុងស្រុកមួយ ក៏នឹងធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈផងដែរ ហើយនឹងអាចចុះបញ្ជីនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២០ ខាងមុខនេះ។ ទន្ទឹមនឹងវត្តរបស់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល យើងក៏មាន
ទីផ្សារឧបករណ៍និស្សន្ទផងដែរ សម្រាប់ជាជម្រើសវិនិយោគ ដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុកដែលឧបករណ៍និស្សន្ទ ទាំងនោះរួមមាន៖ កិច្ចសន្យាលើគម្លាតថ្លៃរូបិយប័ណ្ណ, កិច្ចសន្យាលើគម្លាតថ្លៃលោហធាតុមានតម្លៃ , កិច្ចសន្យាលើគម្លាតថ្លៃខុម៉ូឌីធី
និង កិច្ចសន្យាលើគម្លាតថ្លៃប្រេងឆៅ។
លោកបានថ្លែងថា ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការ និងបរិបទនៃសេដ្ឋកិច្ចក្នុងសម័យឌីជីថល ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាស និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធជួញដូរចល័ត (Mobile Trading System) សម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិ ជាផ្លូវការក្នុងខែឧសភា ឆ្នាំ២០១៩។ ប្រព័ន្ធជួញដូរចល័តនេះ គឺជាប្រព័ន្ធជួញដូរតាមអ៊ិនធឺណិតដែលត្រូវបានបង្កើត ឡើងដើម្បីជួយសម្រួល និងជំរុញការជួញដូរមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ វិនិយោគិន អាចដាក់បញ្ជាជួញដូរ កែប្រែ និងលុបចោលបញ្ជារបស់ខ្លួនបានដោយខ្លួនឯង ក៏ដូចជាពិនិត្យមើលបញ្ហា និងទិន្នន័យជួញដូរកន្លងមកផងដែរ ដែលនេះ គឺជាផ្នែកមួយនៃសេដ្ឋកិច្ចឌីជីថលនាយុគសម័យបច្ចេវិទ្យា។ ព្រមជាមួយគ្នានេះ ទាំង គ. ម.ក. និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងបន្ត
អភិវឌ្ឍនូវផលិតផលថ្មីៗ ព្រមជាមួយនឹងប្រព័ន្ធប្រតិបត្តិការបែបទំនើបដែលផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងសម័យឌីជីថល ជាបន្តបន្ទាប់ទៀត។
លោក ស៊ូ សុជាតិ បានអះអាងថា ក្នុងឆ្នាំ២០១៩នេះ វិស័យមូលបត្រមានការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០១៨ ។
ការអភិវឌ្ឍវិស័យមូលបត្រ គឺជាកម្មវត្ថុយុទ្ធសាស្ត្រមួយ នៃវិស័យហិរញ្ញវត្ថុដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ។
លោកបញ្ជាក់ថា “រៀងរាល់ឆ្នាំយើងមាន កំណើនតិចតួចមែនទែន ប៉ុន្តែក្នុងឆ្នាំ២០១៩នេះ យើងមានកំណើនមួយគួរឲ្យកត់សម្គាល់ ដែលក្នុងឆ្នាំ២០១៨ កំណើននេះ វាស់តាមអ្វីដែលយើងខ្ញុំឲ្យឈ្មោះថា អ៊ីនដិតនៃទីផ្សារ ។ អ៊ីនដិតទីផ្សារគឺជាការបូកសរុប នៃតម្លៃភាគហ៊ុនទាំងអស់ ហើយចេញជាតម្លៃអ៊ីនដិតមួយគ្រប់ផ្សារមូលបត្រ គឺតែងតែមានអានេះ។ អ៊ីនដិតទីផ្សាររបស់យើង ក្នុងឆ្នាំ២០១៨ យើងមាន១ដុំតែ៤០០ជាង គេហៅថា ៤០០ពិន្ទុ ឬក៏៤០០ភាន់” ។
លោកបន្តថា ទោះបីជាមានកំណើនកើនយ៉ាងនេះក្ដី តែគណៈកម្មការមូលបត្រកម្ពុជា នៅតែបន្តតាមដាន និងសង្កេតមើលតទៅទៀត កុំឲ្យការកើនឡើងនេះ មានបញ្ហាអ្វីមួយដែល កើតឡើងដោយមិនប្រក្រតីភាព ហើយលោកថា នឹងមានក្រុមហ៊ុនបោះផ្សាយបន្ថែមទៀត ជាបន្តបន្ទាប់នៅឆ្នាំខាងមុខ ដោយក្រុមហ៊ុនខ្លះ ជិតបញ្ចប់នីតិវិធី នៃការបោះផ្សាយផងដែរ ៕ដោយ៖កូឡាប