តាកែវ៖ ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩ – ២០២០ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ប៉ាន់ ណូរ៉ា ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថា ការចាប់យកការរៀនជំនាញពិត បានធ្វើឲ្យក្រុមនិសិ្សតមានឱកាសច្រើនក្នុងការទទួលបានប្រាក់កម្រៃខ្ពស់ ពីការងារ និងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស ខណៈដែលបច្ចុប្បន្ននេះសិស្សនិសិ្សតមួយចំនួន បាននិងកំពុងតែសិក្សាការងារជំនាញគ្រប់គ្រងធុរកិច្ច ដែលកំពុងមានទីផ្សារចង្អៀត ជាជាងការរៀនជំនាញពិត អនុវត្តផ្ទាល់ទៅវិញ ។
លោក ប៉ាន់ ណូរ៉ា បានបន្តថា វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនតាកែវ ក្រោយបង្កើតឡើងបានរយៈពេលជាង ៥ឆ្នាំមកនេះ យើងសង្កេតឃើញថា សិស្សនិសិ្សតភាគច្រើនមានការងារធ្វើ និងខ្លះបានក្លាយជាថៅកែ ក្រោយបញ្ចប់ការងារសិក្សារួចទៅបើកអាជីវកម្មផ្ទាល់ខ្លួន មកទល់ពេលនេះសិស្សនិសិត្ស មានការកើនឡើងច្រើនជាមួយ និងការជ្រើសរើសការរៀនជំនាញពិត ហើយភាគច្រើនគឺ ជាសិស្សនិសិត្សស្រី ដែលពួកគាត់បានមករៀនជំនាញផែ្នកអគ្គីសនី ផ្នែកអេឡិចត្រូនិច និងការបង្កើតរូប៉ូត និងជាងជួសជុលរថយន្តជាដើម ។ លោកបានបញ្ជាក់ថា ការចាប់យកជំនាញពិតរបស់ក្មួយៗសិស្សនិសិត្សនេះ គឺដោយសារតែ ពួកគាត់បានមើលឃើញពីឳកាសការងារជាច្រើន ហើយមានតម្រូវការខ្ពស់ ព្រោះទៅថ្ងៃខាងមុខ ការប្រើប្រាស់មនុស្សត្រូវបានកាត់បន្ថយ ដោយជំនួសដោយគ្រឿងចក្រ ឬម៉ាស៊ីនទៅវិញ ហើយស្រពពេលនោះ រាល់ការប្រើគ្រឿងចក្រឬម៉ាស៊ីន និងត្រូវការផ្នែកជាងគ្រប់គ្រងលើម៉ាស៊ីន និងជួសជុល លើប្រព័ន្ធគ្រឿងចក្រទាំងនោះ ។