Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ប្រធានរដ្ឋសភា ប្រាប់​អ្នក​វិនិយោគទុន​ចិន​ថា កម្ពុជា​មាន​សន្តិភាព ហើយ​រាជរដ្ឋាភិបាល បានចាត់ទុក​វិស័យ​ឯកជន ជា​ដៃគូ​សក្តានុពល​

spot_img

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជម្រាប​គណៈប្រតិភូ​អ្នកវិនិយោគទុន​ចិន​មួយក្រុម ដឹកនាំ​ដោយ លោក តាន់​ស្រឺ ជួង ចូ​វ​វិ​ន អគ្គនាយក​ក្រុមហ៊ុន ស៊ីន ហ្សុ​ង​វៃ ប្រផឺ​ធី (Xinzhong Wei Properties Co Ltd) ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​សុខសន្តិភាព ស្ថិរភាព នយោបាយ​ល្អ និង​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​។ ទិសដៅ​តែ​មួយគត់​ដែល​កម្ពុជា​កំពុង​ធ្វើ គឺ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យបាន​ខ្លាំងក្លា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានអនុញ្ញាត​ឲ្យ​អគ្គនា​យក​ក្រុមហ៊ុន ស៊ីន ហ្សុ​ង​វៃ ប្រផឺ​ធី (Xinzhong Wei Properties Co Ltd) និង​ដៃគូ វិនិយោគ​ចូលជួប​សម្តែង​ការគួរសម នា​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ នា​ភូមិគ្រឹះ​សម្តេច​ផ្ទាល់​ក្នុង​ខណ្ឌ​ចំការមន​។ នៅក្នុង​ឱកាស​នោះ សម្តេច​បាន គូសបញ្ជាក់ថា ទាំង​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់ និង​ជំរុញ​លើកទឹកចិត្ត​ចំពោះ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​គ្រប់​វិស័យ​។​

​សម្តេច​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ធំៗ​ពី​បរទេស​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​ការគាំទ្រ​ក្នុង​ការបណ្តាក់ទុន​នៅ​កម្ពុជា​។ “​រាជរដ្ឋាភិបាល​បានចាត់ទុក វិស័យ​ឯកជន​ជា​ដៃគូ ជា​កម្លាំងចលករ​ដ៏​មាន​សក្តានុពល​ក្នុង​ការជួយ​ជម្រុញ​កំណើន​សេដ្ឋកិច្ច ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​”​។ នេះ​ជា​ការលើកឡើង​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​។​

​សូមជម្រាបថា ប្រទេស​ចិន​គឺជា​ដៃគូ​វិនិយោគ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​។ គិត​មកដល់​ឆ្នាំ​២០១៧ ទុន​វិនិយោគ​របស់​ចិន​ឈរ​នៅ​លេខ​រៀង​លំដាប់ ទី​១ គឺ​មាន​ទឹកប្រាក់​ប្រមាណ​ជា ១៦​ពាន់​លាន​ដុល្លារ​។​

​សម្តេច​បាន​សង្កត់ធ្ងន់​ថា “​ការភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា ពី​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ផ្សេងៗ វា​បាន​ជម្រុញ​ឲ្យមាន​កំណើន ទេសចរណ៍ និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​កម្ពុជា កាន់តែ​ច្រើន​រៀងរាល់ឆ្នាំ​។ ក្រោម​គំនិត​ផ្តួចផ្តើម យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ របស់ រដ្ឋាភិបាល​ចិន ភ្ជាប់​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឲ្យ​មាន​លំហូរ​ចូល​យ៉ាង​គំហុក​នៃ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ ពី​ចិន​មក​កម្ពុជា​។ ទាំងនេះ​បាន​បង្ហាញ​ពី​លទ្ធផល​ជាក់ស្តែង​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​នៅក្នុង​ជំនួប​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើង​បន្ត​ថា ២-៣​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​រីក លូតលាស់​គួរឲ្យ​ចាប់អារម្មណ៍​។ អគារ​ខ្ពស់ៗ សណ្ឋាគារ ដែល​មាន​ឈ្មោះ​ល្បីៗ​លំដាប់​អន្តរជាតិ កំពុង​សាងសង់​បណ្តើរៗ​។ ដោយឡែក​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុង​រីកលូតលាស់​ខ្លាំង ដែល​មាន​វិសាលភាព​គ្របដណ្តប់​ទាំង​តំបន់​ឆ្នេរសមុទ្រ តំបន់​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍​វប្បធម៌ ដែលមាន​ប្រាសាទអង្គរវត្ត រួម​ទាំង​ប្រាសាទបុរាណ​រាប់រយ​ផ្សេងទៀត​។ ដូច្នេះហើយ វា​ជា​ឱកាស​ល្អ​សម្រាប់​ក្រុមហ៊ុន ក៏​ដូច​ជា​ដៃគូ​មក​ពី​ចិន ដើម្បី​ពិនិត្យ​លើ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

​តំណាង​គណៈប្រតិភូ អ្នកវិនិយោគទុន​របស់​ប្រទេស​ចិន បាន​សម្តែង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការចំណាយ​ពេលវេលា​របស់​សម្តេច ប្រធានរដ្ឋសភា ក្នុង​ការទទួល​ជួប​ក្រុមការងារ​ខ្លួន​នា​ឱកាស​នេះ​។ តំណាង​អ្នកវិនិយោគ​ទុក​ចិន បាន​សម្តែង​ក្តីរីករាយ​យ៉ាង​ក្រៃលែង ដែល​ទទួលបាន ព័ត៌មាន​ថ្មីៗ​ពី​កម្ពុជា តាមរយៈ​សម្តេច​ប្រធានរដ្ឋសភា​។​

​លោក​អគ្គនាយក​ក្រុមហ៊ុន ស៊ីន ហ្សុ​ង​វៃ ប្រផឺ​ធី លោក តាន់​ស្រឺ ជួង ចូ​វ​វិ​ន បាន​ជម្រាប​សម្តេច​ប្រធាន​រដ្ឋសភា​ថា អ្នកវិនិយោគទុន​ចិន​មានការ ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ការ​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ជាច្រើន​មាន សុខាភិបាល អប់រំ សំណង់ កសិកម្ម​ជាដើម​។ ដោយសារតែ ទំនាក់ទំនង​ការទូត នយោបាយ​ប្រទេស​កម្ពុជា​និង​ចិន មាន​ការរីកចម្រើន​ជា​លំដាប់ ហើយ​តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច នៃ​ថ្នាក់ដឹកនាំ ប្រទេស​ទាំង​ពីរ​ជា​បន្តបន្ទាប់ គឺជា​ចំនុច​វិជ្ជមាន​ក្នុង​ការពង្រឹង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×