Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ គ្រោង​នឹង​ស្នើសុំ​សម្តេច​តេ​ជោ យក​ថវិកា​ប្រចាំឆ្នាំ​២០១៩ ដែល​នៅសល់ ដើម្បី​ទៅ​ទិញ​រថយន្ត សម្រាប់​បម្រើ​ការងារ បេសកកម្ម​ចុះ​តាម​មូលដ្ឋាន​

spot_img

​ភ្នំពេញ​៖ លោក ឈឹម ផល​វិ​រុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​ថ្លែងថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ គ្រោង​នឹង​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា យក​ថវិកា​ប្រចាំឆ្នាំ​២០១៩ ដែល​នៅសល់​ដើម្បី​ទៅ​ទិញ​រថយន្ត សម្រាប់​បម្រើការ​ងារ​បេស​ក​កម្ម​ចុះ​តាម​មូលដ្ឋាន​។

​លោក ឈឹម ផល​វរុណ បាន​ថ្លែង​ក្នុងឱកាស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បានរៀបចំ​សន្និបាត​បូកសរុប​ការងារ ១៦​ខែ​ដំបូង និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​។ លោក​បាន​ឲ្យ​ដឹងថា ការងារ​ទាំងអស់​រប​ស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ផ្សារភ្ជាប់​នឹង​ថវិកា​ប្រចាំឆ្នាំ​២០១៩ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ១.៣១៨.៩២៥​ដុល្លារ​អាមេរិក​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩​នេះ ការចំណាយ​ជាក់ស្តែង​ពិតប្រាកដ​ចំនួន ៨៦៨.៩២៥​ដុល្លារ​អាមេរិក ដូច្នេះ​នៅសល់ ៤៥០.១៩៣​ដុល្លារ​អាមេរិក​។ ចំពោះ​ថវិកា​នៅសល់​នេះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ មានបំណង​ស្នើសុំ​ជាគោលការណ៍​គោរព​ជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ផ្តល់​ការអនុញ្ញាត​យក​ថវិកា​នេះ ទៅ​ទិញ​រថយន្ត​សម្រាប់​បម្រើការ​បេសកកម្ម​តាម​មូលដ្ឋាន ព្រោះ​កន្លងមក​ការចុះ​បេស​សកម្ម ទាំង​ប្រតិភូ​គណបក្ស ទាំង​មន្ត្រី​លេខាធិការដ្ឋាន ប្រើប្រាស់​រថយន្ត​ឯកជន​ផ្ទាល់ខ្លួន ដោយសារតែ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ពុំមាន​រថយន្ត​។​

​លោក ឈឹម ផល​វិ​រុណ បាន​លើកឡើងថា ថវិកា​ឆ្នាំ​២០១៩ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​នៅ​សេសសល់ ហើយ​ដែល​គ្រោង​នឹង​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល យកទៅ​ទិញ​រថយន្ត មិនមែន​ទិញ​ដើម្បី​បម្រើ​បុគ្គល​ណា​ម្នាក់​ឡើយ គឺ​សម្រាប់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ទាំងមូល ក្នុងការ​បម្រើ​បេសកកម្ម​ការងារ​។​

​លោក ឈឹម ផល​វិ​រុណ បាន​បន្តថា យោងតាម​ច្បាប់ កញ្ចប់​ថវិកា​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​ប្រើ​មិន​អស់ ត្រូវ​បង្វិល​ចូល​រដ្ឋ​វិញ ប៉ុន្តែ បើសិនជា​មានការ​ឯកភាព ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ឲ្យ​យកទៅ​ប្រើប្រាស់ សម្រាប់​ប្រយោជន៍​ផ្សេងទៀត​នោះ ទើប​អាច​ប្រើប្រាស់​បាន​។ សំណើសុំ​នេះ មិន​ប៉ះពាល់​នឹង​កញ្ចប់​ថវិកា​ឆ្នាំ​២០២០​ទេ ហើយ​រថយន្ត​ទាំងនោះ ត្រូវ​ចុះបញ្ជី​សារពើភ័ណ្ឌ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដើម្បី​ទ្រទ្រង់​ជា​មធ្យោបាយ​សម្រាប់​ប្រតិភូ​គណបក្ស និង​លេខាធិការដ្ឋាន​ចុះ​បេសកកម្ម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×