Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះផ្សាយ​ព័ត៌មាន​ថា ​ធ្វើ​ប៉ាតង់​ត្រូវ​បង់ ១៨០០ ដុល្លារ​

spot_img

ភ្នំពេញ​៖ ការចុះផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ដែលថា ធ្វើ​ប៉ាតង់​ត្រូវ​បង់ ១ ៨០០ ដុល្លារ លើសពី​១៥ ថ្ងៃ ពិន័យ ៥០០ ដុល្លារ ។ តែ​អគ្គនាយកដ្ឋាន​ពន្ធដារ សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ខ្លឹមសារ​នៃ​ការចុះផ្សាយ​ព័ត៌មាន ដែល​អាច​នាំឱ្យ​មានការ​ភាន់ច្រឡំ​មកលើ​ការបំពេញភារកិច្ច​រប​ស់ម​ន្ត្រី នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​នាពេល​ថ្មីៗ​កន្លងទៅនេះ មាន​សារព័ត៌មាន​ជា​ភាសា​ចិន​មួយ​បានចេញ​ផ្សាយ​ព័ត៌មាន​តាមរយៈ​គេហទំព័រ​មួយ ដោយ​បានលើកឡើង​ពី​បញ្ហា​នានា​ដែល​កើត​មាននៅ​ខេត្ត​ព្រះ​សីហ​ន​រួមមាន កត្តា​ផ្លូវច្បាប់ កត្តា​ធម្មជាតិ កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ​និង​កត្តា​សន្តិសុខ​សណ្តាប់ធ្នាប់​ជាដើម​។ នៅក្នុង​នោះ​ក៏មាន​ការលើកឡើង​ពាក់ព័ន្ធ​នឹង សមត្ថកិច្ច​ពន្ធដារ​ផងដែរ ថា “​ពន្ធដារ​ចុះទៅ​ហៅ​ចុះបញ្ជី ធ្វើ​ប៉ាតង់​ត្រូវ​បង់ ១ ៨០០ ដុល្លារ លើសពី ១៥ ថ្ងៃ ពិន័យ ៥០០ ដុល្លារ​” ដោយមាន​រំលេច​រូបភាព​ទីតាំង​​អាជីវកម្ម​មួយកន្លែង​នៅ​ខេត្ត​ព្រះសីហនុ ដែល​មិនបាន​ចុះបញ្ជី​ពន្ធដារ ខណៈដែល​មន្ត្រី នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាននិងកំពុង​ចុះ​ប្រគល់​លិខិត​រំលឹក អញ្ជើញ​មក​បំពេញ​ភាត​ព្វ​កិច្ច​ចុះបញ្ជី​ពន្ធដារ ស្របតាម​ច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។​

​ក្នុងន័យ​ផ្តល់​សេវា​ដោយ​ភាពទន់ភ្លន់ និង​ម៉ឺងម៉ាត់​ចំពោះ​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ នា​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ​ ​ឆ្នាំ​២០១៩ ក្រុមការងារ​ជំរុញ​ការចុះបញ្ជី​ពន្ធដារ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចុះ​ជួប​ជាមួយ​ម្ចាស់​ដល់ទី​តាំង​អាជីវកម្ម​ ​ដើម្បី​សាកសួរ​លម្អិត​លើ​ករណីនេះ ដោយ​ម្ចាស់​អាជីវកម្ម​បានបញ្ជាក់​ជូន​ថា កម្រៃ ១ ៨០០ ដុល្លារ ដែល​បាន​ចុះផ្សាយ​នោះ​​ជាការ​ទាមទារ​របស់​ភ្នាក់ងារ​ឯកជន​មួយ​ក្នុង​ការធ្វើ​ច្បាប់​អាជីវកម្ម​ឱ្យ​គាត់ មិនមែនជា​ការទាមទា​រ​របស់​មន្ត្រី​ពន្ធដារ ដូច​ការ​ចោទប្រកាន់​នោះទេ​។ ដោយមាន​កិច្ចសហការ​ល្អ និង​ភាព​រាក់ទាក់​ពី​ម្ចាស់​អាជីវ​កម្មនេះ ក្រុមការងារ​ជំរុញ​ការចុះបញ្ជី​ពន្ធដារ​ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏បាន​ណែនាំ​អំពី​នីតិវិធី​ចុះបញ្ជី​ពន្ធដារ​បន្ថែមទៀត និង​បានផ្តល់​សេវា​ចុះបញ្ជី​ពន្ធដារ​ជូន​ម្ចាស់​​អាជីវកម្ម​នេះ​រួចរាល់​ក្នុងពេលនោះ​ផងដែរ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ខ្លឹមសារ​នៃ​ការចុះផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែលថា “ ធ្វើ​ប៉ាតង់​ត្រូវ​បង់ ១ ៨០០ ដុល្លារ លើសពី​១៥ ថ្ងៃ ពិន័យ ៥០០ ដុល្លារ ដែល​អាច​នាំឱ្យ​មានការ​ភាន់ច្រឡំ​មកលើ​ការបំពេញភារកិច្ច​រប​ស់ម​ន្ត្រី នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ចូលរួម​សហការ​បំពេញ​​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ ឱ្យបាន​ទាន់ពេលវេលា​តាម​ការណែនាំ​របស់​រដ្ឋ​បាល​សារពើពន្ធ ក៏ដូចជា​ដើម្បី​ជៀសវាង​ទទួលរង​​នូវ​ការពិន័យ​និង​ទោសទណ្ឌ​នានា​ផងដែរ​។ ប្រសិនបើ​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​ពាក់ព័ន្ធ​នឹង សមត្ថកិច្ច​របស់​​អគ្គនាយកដ្ឋាន​ពន្ធដា​រ​៕ ដោយ​៖​កូ​ឡាប​

spot_img
×