Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ មាន​មោទនភាព​ក្នុង​ការដោះស្រាយ​ជម្លោះ​ដីធ្លី​ទទួល​បាន​ជោគជ័យ និង​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បន្ត​អនុវត្ត​ច្បាប់​ផ្សេងៗ​ឲ្យបាន​ត្រឹមត្រូវ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ថ្នាក់ដឹកនាំ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ បាន​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល​ការងារ​សម្រាប់​អនុវត្ត​បន្ត​នា​ថ្ងៃ​ខាង​មុខ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

​សន្និបាត​នេះ មាន​រយៈ ១​ថ្ងៃ នៅ​សាលប្រជុំ​ធំ សាលាខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ ដោយមាន លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ទី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ចូលរួម​។​

​នា​ឱកាស​នោះ​ដែរ លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី មន្ទីរ​រៀបចំ​ដែនដី បាន​អនុវត្ត​ទទួលបាន​ជោគជ័យ ក្នុង រយៈពេល ពេញ ១​ឆ្នាំ​ពេញ​កន្លងទៅ ដោយមាន​កិច្ចសហប្រតិបត្តិការ ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រោម​ឱវាទ រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក ថ្លែង​ទាំង​មោទនភាព​ថា តាម​ការចង្អុលបង្ហាញ របស់ ថ្នាក់ដឹកនាំ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ពី​ថ្នាក់ដឹកនាំ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រុញ​ឲ្យ​មន្ត្រី​គ្រប់​គ្រប់ផ្នែក និង​គ្រប់​ជំនាញ របស់​មន្ទីរ​រៀបចំ​ដែនដី បាន​ខិតខំ​បំពេញការងារ កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ទទួលបាន​លទ្ធផល​វិជ្ជមាន គួរ​ជាទី​មោទន​។

​ព្រម​គ្នា​នេះ លោក នួន ប៉ុក ក៏​បាន​កោតសរសើរ​ចំពោះ​មន្ត្រីរាជការ​ក្រោម​ឱវាទ គ្រប់ផ្នែក និង​គ្រប់​ថ្នាក់ នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​ព្រះសីហនុ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច ទាក់ទង​វិស័យ​ដីធ្លី ឬ​ការងារ​សុរិយោដី និង​វិស័យ​សំណង់​ជា​ដើម គឺ​បំពេញ​ការងារ​បំរើ​ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​បានល្អ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ភារកិច្ច​រៀងៗ​ខ្លួន​។​

​ក្នុង​សន្និបាត​នោះដែរ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​មន្ត្រី​គ្រប់​ផ្នែក នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​ព្រះសីហនុ បាន​បំពេញ​ភារកិច្ច​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​ការងារ​សំណង់ និង​ការងារ​សូរិយោដី​។ លោក​ថា ពិសេស​ជាង​នេះ គឺ​ការងារ​ផ្ដល់​ប័ណ្ណ​សំគាល់​ម្ចាស់​អចលនវត្ថុ តាម​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​ជា​គោលនយោបាយ ដ៏​សំខាន់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​សង្គមជាតិ និង​កាត់បន្ថយ​ជម្លោះ​ដណ្ដើម​ដីធ្លី ដែល​ធ្លាប់​កើតមាន​នៅ​កម្ពុជា​នា​ពេល​កន្លង​ទៅ​។​

ទន្ទឹមគ្នានេះ លោក ប៉ែន សុផល ក៏​បាន​រំលឹក​ដល់ មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ឲ្យ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​នានា ឲ្យស្រប​តាម​ទិសដៅ​ការងារ​ឆ្នាំ​២០១៧​កន្លងទៅ ដើម្បី​លើកក​ម្ព​ស់​ឲ្យ​ការងារ​គ្រប់គ្រង​ផ្នែក​សំណង់ និង​ការងារ​គ្រប់គ្រង​ដីធ្លី អាច​ប្រព្រឹត្តិ​ទៅ​ស្រប​តាម​គតិ​ច្បាប់ និង​ទទួលបាន​លទ្ធផល​ការងារ​បាន​កាន់តែ​ល្អ​នា​បណ្តា​ឆ្នាំ​ខាង​មុខ​ថែម​ទៀត​។

​ចំណែក លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​អញ្ជើញ​ជា​អធិបតី បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៨ របស់​មន្ទីរ​រៀបចំ​ដែនដី កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​។ លោក​បាន កោតសរសើរ ចំពោះ​លទ្ធផល​ការងារ ដែល​មន្ត្រី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ព្រមទាំង​ប្រជាពលរដ្ឋ មូលដ្ឋាន​នេះ​បានរួម​គ្នា​អនុវត្ត នូវ​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការខិតខំ​បំពេញ​ភារកិច្ច​បម្រើការ​ងារ​ជូន​ប្រជាពលរដ្ឋ​ទាំង​ការងារ​សំណង់ និង​ការងារ​សុរិយោដី​។
​ជាមួយគ្នានេះ លោក យន្ត មីន បាន​ទទួលស្គាល់​ចំពោះ​លទ្ធផល​ការងារ​ផ្ដល់​ប័ណ្ណ​សំគាល់​ម្ចាស់​អចលនវត្ថុ តាម​លក្ខណៈ​ប្រព័ន្ធ ដែល​ជា​នយោបាយ ដ៏​មាន​សារៈសំខាន់ របស់​សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគ្រប់គ្រង​ប្រើប្រាស់​ដី ដើម្បី​ការអភិវឌ្ឍ​សង្គមជាតិ ឈាន​ទៅ​កាត់បន្ថយ​ជម្លោះ​ដណ្តើម​ដីធ្លី ដែល​ធ្លាប់​កើត​មាន​នា​ពេល​កន្លង​ទៅ​។​

​នា​ឱកាស​ពិធី​បិទ​សន្និបាត​នោះ​ដែរ លោក យន្ត មីន ក៏​បាន​បង្ហាញ​អំពី​សកម្មភាព​ការងារ របស់ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដេល​បាន​ខិតខំ​ដោះស្រាយ​វិវាទ​ដីធ្លី ព្រមទាំង​វិស័យ​សំណង់​វិស័យ​រៀបចំ​ដែនដី នគរ​រូប​នី​កម្ម និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ក្នុង​វិស័យ​ដីធ្លី​នា​មូលដ្ឋាន​នេះ ទទួលបាន​ផល​វិជ្ជមាន​គួរឲ្យកត់សម្គាល់​។

ជាមួយគ្នានេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​គ្រប់​ជំនាញ និង​គ្រប់​ផ្នែក ឲ្យ​បន្ត​ខិតខំ​ជម្រុញ​ការងារ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ការងារ​គ្រប់គ្រង​ដី​រដ្ឋ កិច្ច​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ព្រមទាំង​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បែងចែក​ដីធ្លី​ផ្សេងៗ​ប្រកប ដោយ​សមធម៌​តម្លាភាព និង​មាន​ប្រសិទ្ធភាព​។

​លោក យន្ត មីន បន្ថែមថា ក្នុង​នាម​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​ចំពោះ ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ នូវ​ចក្ខុវិស័យ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដ៏​មាន​សារៈសំខាន់​។​

នា​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​កំណត់​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៨ របស់​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​។ លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយ​ស ជូន​ដល់​មន្ត្រីរាជការ​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ប្រទេស​ជាតិ​នា​ពេល​កន្លង​ទៅ ដោយ​មាន​ការគាំទ្រ​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ នៃ​រដ្ឋបាល​ខេត្ត ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​៕ ដែន សីមា

spot_img
×