Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​២​នាក់ ចោទប្រកាន់​យុវជន​ម្នា​ក់ថា ចរិត​ឌឺ ទាញ​កាំបិតផ្គាក់កាប់​ស្លាប់​ភ្លាមៗ​

spot_img

កំពង់ស្ពឺ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៣​មករា​២០២០​នេះ បាន​ឲ្យ​ដឹងថា ចោទប្រកាន់ថា “​ចរិត​ឌឺ​” ជនដៃដល់​២​នាក់​ជិះ​ម៉ូតូ​ទាញ​កាំបិតផ្គាក់ កាប់​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ដ​សហការ​ជាមួយ កម្លាំង​អធិការ​ស្រុក​បង្ក្រាបបាន​២​នាក់ ដកហូត​បាន​វត្ថុតាង​កាំបិតផ្គាក់​១​ដើម​។​

ករណី​ឃាតកម្ម​កាលពី​វេលា​ម៉ោង​១៧​និង​៥៥​នាទី នា​ថ្ងៃទី ១ មករា ២០២០ នៅ​ផ្លូវ​១៤៤០ ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បង្កឡើង​ដោយ​ជនសង្ស័យ ២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង កាប់​ជនរងគ្រោះ​ចំ​កញ្ចឹងក ពីក្រោយ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​នគរបាល​ខេត្តកំពង់ស្ពឺ បាន​រាយការណ៍​ថា ជនរងគ្រោះ​មានឈ្មោះ កិ ឆេ​ម ហៅ​ឆាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កា​ហ៊ុន ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ មុន​កើតហេតុ តាម​ការឆ្លើយ​បញ្ជាក់​ពី​ឈ្មោះ ផាន ខាវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ជាមួយ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ខ្លួន​បានមក​ធ្វើ​រោងការ​នៅ​ភូមិ​សំបុរ​ឈើ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ដោយបាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឲ្យ​មក​ឌុប​ទៅផ្ទះ​វិញ ជិះ​ម៉ូតូ​ហុងដា​សេ ១២៥​ស៊េរី ២០១៧ ពណ៌​ខ្មៅ​ដោយ​ជនរងគ្រោះ​ឲ្យ​ខ្ញុំ (​ផាន ខាវ​) ជា​អ្នក​ឌុប ពេលធ្វើ​ដំណើរ​ដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនល្មើស​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង វ៉ា​ខាងឆ្វេង​មក​ទន្ទឹម ម្នាក់​ខាងក្រោយ​​ទាញ​កាំបិតផ្គាក់​កាប់​ជនរងគ្រោះ ត្រូវ​ផ្នែក​កញ្ចឹងក​ខាងក្រោយ ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​តែម្តង ។​

​ក្រោយ​ហេតុការណ៍​ដ៏​រន្ធត់​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​ជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ចុះ​សហការ​ស្រាវជ្រាវ ករណី​ឃាតកម្ម​ខាងលើ​ជាបន្ទាន់ ធ្វើយ៉ាងណា​រក​ជនដៃដល់ យកមក​ផ្ដន្ទាទោស​ឲ្យ​ខាងតែបាន​។​

​យោងតាម​ការផ្ដល់​ចម្លើយ​ពី​សាក្សី​មួយចំនួន នៅ​កន្លែងកើតហេតុ ការិយាល័យ​ជំនាញ​ស្រុក​.​ខេត្ត កំណត់​បាន​មុខសញ្ញា​សង្ស័យ​ចំនួន​២​នាក់ ដែល​តាម​ការស្រាវជ្រាវ គឺជា​មុខសញ្ញា​ក្មេង​ទំនើង និង​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន (​ក្នុង​បញ្ជីខ្មៅ​នគរបាល​មូលដ្ឋាន​) ជនសង្ស័យ​ទាំងពីរ​នាក់ មានឈ្មោះ ១.​ឈ្មោះ ឆុន ថៃ ហៅ​ប៉ាន់ ហៅ​តុ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​តាំងក្រសាំង ឃុំ​ព្នាយ ស្រុក​សំរោង​ទង មុខរបរ មិន​ពិតប្រាកដ និង​២.​ឈ្មោះ គឹម សត្យា ហៅ​ជេ ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ​នៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន អ្នក​កាន់​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​។​

​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង ថា ជនសង្ស័យ​ម្នាក់ ចំណោម​បក្ខពួក​២​នាក់ បញ្ជាក់ថា ពិតជា​បានធ្វើ​សកម្មភាព យក​កាំបិតផ្គាក់​កាប់​ទៅលើ ជនរងគ្រោះ​ប្រាកដ​មែន មូលហេតុ​មកពី​ជនរងគ្រោះ ជា​មនុស្ស​ធ្លាប់​ឌឺ​ឲ្យ​ជនដៃដល់ (​គឹម សត្យា​) និង​បាន​សារភាពថា ក្រោយ​កាប់​រួច ខ្លួន​បាន​យក​កាំបិត​ទៅ​លាក់ទុក​ក្នុង​គុម្ព​ព្រៃ បំបិត​ភស្ដុតាង ជា​លទ្ធផល​សមត្ថកិច្ច បាន​នាំ​ជនសង្ស័យ ទៅយក​វត្ថុតាង​កាំបិតផ្គាក់ និង​ដកហូត ម៉ូតូ​ហុងដា សេ​១២៥​ស៊េរី ២០១៩ ពណ៌​ខ្មៅ មធ្យោបាយ​ធ្វើ​សកម្មភាព​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×