ភ្នំពេញ ៖ “វេទិកាអ្នកសារព័ត៌មាននិងអ្នកនាំពាក្យ” បានពិភាក្សាលើបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងអ្នកសារព័ត៌មាននិងអ្នកនាំពាក្យ ដែលក្នុងនោះមានដូចជា៖ បញ្ហាប្រឈមនានា ចំណុចដែលត្រូវកែលម្អ និងសំណូមពរផ្សេងៗរបស់អ្នកនាំពាក្យនិងអ្នកសារព័ត៌មាន ដើម្បីពិភាក្សារកអនុសាសន៍បង្កើនកម្រិតទំនាក់ទំនង បង្កើនការជឿទុកចិត្តគ្នា បង្កើនការគោរពគ្នា និងធ្វើការរួមគ្នាដើម្បីពង្រឹងវិស័យព័ត៌មាននិងការផ្សព្វផ្សាយនៅកម្ពុជា។
វេទិកានេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨ដោយមានការចូលរួមពីមន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព័ត៌មានស្ថានទូត មន្ត្រីព័ត៌មានអង្គការសង្គមស៊ីវិល និងវិស័យឯកជន អ្នកវិភាគ និពន្ធនាយក និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិធំៗ ប្រមាណ១០០នាក់។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថា «អ្នកនាំពាក្យនិងអ្នកសារព័ត៌មានគឺជាដៃគូបំពេញឲ្យគ្នា ពីព្រោះម្ខាងជាអ្នកផ្តល់ខ្លឹមសារ ហើយម្ខាងទៀតជាអ្នកផ្សាយខ្លឹមសារនោះទៅកាន់ប្រជាជន។ ប្រសិនបើការទទួលខ្លឹមសារព័ត៌មានមិនច្បាស់លាស់ មិនបានស៊ីជម្រៅ នោះការផ្សាយក៏នឹងមិនបានគ្រប់ជ្រុងជ្រោយដែរ ហើយការខាតបង់នោះគឺប្រជាជនដែលត្រូវការព័ត៌មានពិត ត្រឹមត្រូវពេញលេញ គ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តដ៏ប្រសើរ»។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់បន្ថែមថា ស.ស.ស.ក រំពឹងទុកថា វេទិកានេះនឹងពង្រីកបាននូវកិច្ចទំនាក់ទំនងក្នុងភាពជាដៃគូរវាងអ្នកនាំពាក្យនិងអ្នកសារព័ត៌មានក្នុងការផ្លាស់ប្តូរមិតិយោបល់ លើយន្តការផ្តល់ព័ត៌មាននិងទទួលព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងពង្រឹងគុណភាពនៃការផ្សព្វផ្សាយលើគ្រប់វិស័យនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង៕ ដោយ៖បញ្ញាស័ក្តិ