Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ បាន​បញ្ជាក់ថា មិនទាន់មាន​ការផ្លាស់​ប្តូរ​មន្ត្រី​បម្រើ​ការងារ​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ណា​ម្នាក់

spot_img

​ភ្នំពេញ​៖ ​ក្រសួង​សាធារណការ បាន​បញ្ជាក់ថា ក្រសួង មិនទាន់មាន​ការផ្លាស់​ប្តូរ​មន្ត្រី​បម្រើ​ការងារ​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ណា​ម្នាក់ ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​បណ្តា​ស្ថានីយ​ជញ្ជីង​រថយន្ត​ទូទាំង​២៧​ទីតាំង​នៅឡើយ ហេតុនេះ​សូមកុំ​មានការ​យល់ច្រឡំ​។ ការចេញ​សេចក្តីប្រកាស​ព័ត៌មាន បែបនេះ បន្ទាប់ពី​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា មាន​ក្លិនស្អុយ​ជះ​ចេញពី​ផ្ទៃក្នុង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​៦​មករា សូម​ជម្រាបជូន​សាធារណជន​ឱ្យ​​បាន​ជ្រាបថា ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹងធ្វើ​ការ​​ផ្លាស់ប្ដូរ​មន្ត្រី​បម្រើ​ការងារ​នៅតាម​បណ្តា​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​២៧​ទីតាំង ដែល​​ការផ្សាយ​ដូចខាងលើ​នោះ ជា​ព័ត៌មាន​មិន​ពិត​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជូន​​ដំណឹង​ដល់​សាធារណជន មេត្តា​​ជ្រាបថា រហូតមកដល់​ពេលនេះ ក្រសួង​មិនទាន់​មានការ​​ផ្លាស់ប្ដូរ​មន្ត្រី​បម្រើ​ការងារ​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ណា​ម្នាក់​នៅឡើយ​ទេ​។ ក្នុងករណី​​មានការ​ផ្លាស់ប្តូរ ក្រសួង​នឹង​រៀបចំ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​លោក​ពេជ្រ ស្រស់ បាន​សុំ​អរគុណ​ចំពោះ​ការឆ្លើយតប​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ​ហើយ​ខ្ញុំ​នឹង​តាម​ដាន​បន្តទៀត ព្រោះថា​ខ្ញុំ​មាន​ភស្តុ​តា​ជា​សម្លេង​មន្ត្រីជាន់ខ្ពស់​ខាង​ក្រសួង​និង​មន្ត្រី​ស៊ីវិល​មួយ​​ចំនួនបាន​ផ្តាំផ្ញើរ​គ្នា​ឲ្យ​ធ្វើ​ចិត្ត​ទៅ​នៅ​​ថ្ងៃ​ខាងមុខ នឹង​ដក​ទាំង​អស់ហើយ ដោយ​ខណៈ​នេះ​បញ្ជី​ឈ្មោះ​មន្ត្រី​ថ្មី​ខាង​នាយកដ្ឋាន​នីមួយៗ បាន​ផ្ញើរ​​ឈ្មោះ​ទៅ​អស់ហើយ​។ នេះ​ជាការ​បញ្ជាក់​ក្នុង​ខ្សែអាត់​សម្លេង​។ ខ្ញុំ​នឹង​បង្ហោះ​សម្លេង​របស់​មន្ត្រីជាន់ខ្ពស់​ម្នាក់​នោះ បើសិន​មាន​ភាពចាំបាច់​ណាមួយ​។ ទោះបីជា​យ៉ាងណា​ខ្ញុំ​​សង្ឃឹមថា​ការផ្លាស់ប្តូរ​មន្ត្រីរាជកា​រ​គឺ​ផ្លាស់ប្តូរ​ឲ្យ​តម្លាភាព​និង​យុត្តិធម៌​ជៀសវាង​ធ្វើ​ឲ្យ​មន្ត្រី​ល្អៗ​បាក់​ទឹកចិត្ត​។​

លោក​ពេជ្រ ស្រស់ បាន​ថ្លែងថា តម្រុយ​ផ្ទៃក្នុង​គឺ មន្ត្រី​ស៊ីវិល​នៅ​ទូទាំង ២៧ ស្ថានីយ៍​សរុប​ចំនួន ១៦២ រូប កំពុង​យំ​ខ្សឹប​ខ្សួល​នៅក្នុង​ឱរា គឺ​ដោយសារតែ​ការ​កំណែទម្រង់​ដែល​ស៊ី​ជ្រៅ​ហួស​របស់​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល គឺ​ស៊ី​ទាំង​ខ្ចី​ស៊ី​ទាំងចាស់ ធ្វើ​ឲ្យ​មន្ត្រី​ស្ថានីយ៍​ថ្លឹង​​រថយន្ត​ស្ទើរតែ​គាំងបេះដូង​គ្រប់គ្នា​។​

​លោក​ថា មន្ត្រី​ស៊ីវិល​២៧​ស្ថានីយ៍​ថ្លឹង​រថយន្ត​មួយចំនួន​បាន​ប្រាប់​ខ្ញុំ​ថា​៖ រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល នឹង​ដក​មន្ត្រី​ស៊ីវិល​ដែល​កំពុងតែ​បម្រើការ​តាម​ស្ថានីយ៍​ថ្លឹង​រថយន្ត​ទូទាំងប្រទេស មិន​ថា​មន្ត្រី​ចាស់​ឬ​ថ្មី​នោះឡើយ ហើយ​ជំនួស​មកវិញ​នូវ​មន្ត្រី​ថ្មី​ទាំងអស់​ដែល​មិនទាន់​ចេះ​ធ្វើ​ការងារ​ផង​។​

​មន្ត្រី​ដែល​កំពុង​រង​ការដក​ចោល​ទាំងនោះ បាន​ប្រាប់​ខ្ញុំ​បន្ថែមទៀតថា​៖ បើ​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល លុប​ស្ថានីយ៍​ថ្លឹង​រថយន្ត​ចោល​ទាំងអស់​ទូទាំងប្រទេស​តែម្តងទៅ គឺ​ល្អ​ជាង​ដើម្បី កុំ​ឲ្យ​មានរឿង​អយុត្តិធម៌​កើត​លើ​មន្ត្រី​ល្អៗ​ដែល​គ្មាន​កំហុស​សោះ ពីព្រោះ​ការដក​អ្នក​ចាស់ ដាក់​អ្នកថ្មី​ម៉ៅ​រួម​ទាំងនេះ គឺ​ធ្វើ​ឲ្យ​មន្ត្រី​បាក់​ទឹកចិត្ត​ខ្លាំងណាស់ ដោយសារ​មាន​មន្ត្រី​ខ្លះ​មិនបាន​ប្រព្រឹត្ត​នូវ​កំហុស​អ្វី​សោះ ក៏ត្រូវ​ដក​ចោល​ដូច​កូន​ស្ពៃ​ដែរនោះ​។​

​ពួកគាត់​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ទៀតថា បើ​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើកំណែទម្រង់​វះកាត់ សូម​រដ្ឋមន្ត្រី​វះកាត់​តែ​មន្ត្រី​ស្អុយ​ទៅបាន​ហើយ សុំ​កុំ​ម៉ៅ​រួម​ដូច្នេះ ពីព្រោះ​ប៉ះ​ដល់​មន្ត្រី​ល្អៗ​ដែរ​។​

​បន្ថែម​ពីនេះ​ទៅទៀត​គឺ​ពួកគាត់​ដាក់​ការសង្ស័យថា​៖ ការដក​នូវ​មន្ត្រី​ស៊ីវិល​ទាំង​១៦២​រូប ទាំងចាស់​ទាំងថ្មី ដែល​កំពុង​បម្រើការ​ក្នុង​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដោយ​ជំនួស​អ្នកថ្មី​ទាំងអស់នោះ គឺអាច​ដាក់​ឃ្នីគ្នា​របស់​ពួកគេ​ពី​ក្រសួង​
​ទាំងអស់​ឬ​ជា​បក្ខពួក​របស់គេ​តែម្តង​។​

​ក្រោយពី​ខ្ញុំ ពេជ្រ ស្រស់ បាន​ស្តាប់​ការរៀបរាប់​របស់​មន្ត្រី​ស៊ីវិល​ខាងលើ​រួចមក ខ្ញុំ​ក៏​ទទួលបាន​ភស្តុតាង​ថែមទៀត​ពី មន្ត្រីជាន់ខ្ពស់ មួយរូប​របស់​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា​នឹងមាន​ការដក​ដូច​មន្ត្រី​ទាំងនោះ​រៀបរាប់​ពិតមែន ហើយ​ការដក​មន្ត្រី​ទាំងនោះ​នឹងធ្វើ​ឲ្យ​​ពួកគាត់​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង ព្រោះថា​មាន​មន្ត្រី​ខ្លះ​មិនបាន​ប្រព្រឹត្ត​កំហុស​ផង បែរជា​ត្រូវ​ក្រសួង​ដក​ចោល​ដែរ​…​។​

​ចំពោះ​ករណី​ខាងលើ​ខ្ញុំ​នឹងសិក្សា​ថែមទៀត ដើម្បី​ធានាបាន​នូវ​តម្លាភាព​និង​យុត្តិធម៌ ជាពិសេស​គឺ​ទប់ស្កាត់​នូវ​ការប្រព្រឹត្ត​អំពើពុករលួយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×